ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងគ្រាន់តែបើកឆាករដូវរងាភ្លាមស្លាប់មនុស្ស៤នាក់ដោយសារការធ្លាក់ទឹកកកដ៏ខ្លាំងក្លាមិនធ្លាប់មាន។ អាជ្ញាធរថ្លែងថាទឹកកកធ្លាក់ខ្លាំងណាស់កាលពីយប់មិញនៅក្នុងកម្រិតទីបីនៅក្នុងរយៈពេលជាង១០០ឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ១៩០៧។ ជើងហោះហើរជាច្រើនខ្សែត្រូវពន្យារពេល ឬលុបចោលព្រោះការបារម្ភអំពីសុវត្ថិភាពក្នុងការហោះហើរ។ សូម្បីតែការដឹកជញ្ជូនតាមនាវាចម្លង (ស្រឡាង) និងរថភ្លើងក៏ត្រូវពន្យារពេល, លុបចោល ឬរអាក់រអួលផងដែរ។
ទីភ្នាក់ងារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងផ្សាយថាការធ្លាក់ទឹកកកលើកនេះមានសភាពខ្លាំងក្លាមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្រសម្រាប់ខែវិច្ឆិកា។ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ គេសង្កេតឃើញនៅប្លុកខ្លះនៃទីក្រុងសេអ៊ូលមានទឹកកកធ្លាក់គរលើគ្នារហូតដល់កម្ពស់៤០សង់ទីម៉ែត្រ ជាហេតុធ្វើឱ្យអាជ្ញាធរបង្ខំចិត្តលុបចោលជើងហោះហើរយ៉ាងតិច១៤០ខ្សែ។
រហូតដល់ម៉ោង១០ព្រឹកទើបអាកាសធាតុគ្រាន់បើជាងមុនបន្តិច។ ប្រភពខ្លះអះអាងថានៅលើទីលានវាយកូនគោល១កន្លែងមានហេតុការណ៍ធ្លាក់ទឹកកកគរលើគ្នាច្រើនពេកទៅលើដំបូលសំណាញ់ដែលគេចងសម្រាប់ទប់កម្ដៅថ្ងៃ ហើយដំបូងនោះធ្លាក់ចុះមកក្រោម សង្កត់ស្លាប់មនុស្សម្នាក់។ ២នាក់ទៀតនៅក្បែរនោះក៏ត្រូវរបួសផងដែរ គ្រាន់តែមិនធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់។
ហេតុការណ៍ស្រដៀងគ្នានេះកើតឡើងនៅចំណតរថយន្តមួយកន្លែង។ សាក្សីនិយាយថាកៅស៊ូតង់ដែលគេចង់ព្យួរនៅខាងលើនោះដោយសារទឹកកកធ្លាក់គរលើគ្នាច្រើនពេកក៏បាក់សង្កត់ទៅលើអ្នកនៅខាងក្រោម ហើយបណ្ដាលឱ្យស្លាប់មនុស្សម្នាក់។ ក្រឡេកទៅមើលស្ថានការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវឯណោះវិញ នៅទីក្រុងវុនជូ (Wonju) នៃខេត្តកាងវុន (Gangwon) មានហេតុការណ៍រថយន្ត៥៣គ្រឿងបុកបន្តកន្ទុយគ្នាដោយសារអ្នកបើកបរមើលផ្លូវមិនសូវឃើញច្បាស់។
សាក្សីនិយាយថានៅពេលនោះធ្លាក់ទឹកកកយ៉ាងខ្លាំង ធ្វើឱ្យងងឹតស្លុបតែម្ដង។ ទោះបីរថយន្តបើកភ្លើងហ្វាយ៉ាងណាក៏មិនអាចមើលឃើញផ្លូវបានដែរ។ ហេតុការណ៍នោះធ្វើមនុស្ស១១នាក់រងរបួស។ ប្រភពខ្លះផ្សាយថាអ្នកដំណើរ៣នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រឡេកទៅមើលស្ថានភាពនៅអាកាសយានដ្ឋានដ៏ធំបំផុតនៃទីក្រុងសេអ៊ូល គេឃើញថាពេលខ្លះអ្នកដំណើរត្រូវអង្គុយសំកុករាប់ម៉ោង ជាមធ្យមរង់ចាំ២ម៉ោង ទម្រាំយន្តហោះចេញដំណើរ។
ជើងហោះហើរ១៤%ត្រូវពន្យាពេលចេញដំណើរ ខណៈដែល១៥%ត្រូវលុបចោល។ នេះបើយោងតាមគេហទំព័រហ្វ្លាយរ៉ាដា២៤ (Flightradar24)។ អាជ្ញាធរប្រាប់ថាជើងហោះហើរដែលលុបចោលមានចំនួន១៤២ខ្សែ។ ការដឹកជញ្ជូនតាមនាវាចម្លង (ស្រឡាង) ៩៩ជើងនៅលើផ្លូវទឹក៧៦ខ្សែត្រូវលុបចោល។ សូម្បីតែការដឹកជញ្ជូនតាមរថភ្លើងក៏ត្រូវពន្យារពេលផងដែរ។
សាលារៀននៅខេត្តគ្យុងជី (Gyeonggi) ដែលស្ថិតនៅកៀកនឹងទីក្រុងសេអ៊ូលក៏ត្រូវបិទដំណើរការជាបណ្ដោះអាសន្ននៅថ្ងៃព្រហស្បតិ៍នេះដែរ។ អាជ្ញាធរមិនយល់ទាស់នឹងការបិទទ្វារនេះទេ សំខាន់ត្រូវអនុវត្តទៅតាមស្ថានភាពជាក់ស្ដែង។ ករណីធ្លាក់ទឹកកកច្រើនខុសពីធម្មតានៅដើមរដូវរងានាខែវិច្ឆិកាបណ្ដាលមកពីទឹកសមុទ្រនៅឧបទ្វីបកូរ៉េឡើងកម្ដៅខុសពីធម្មតា។
ស្របពេលនោះ ចរន្តខ្យល់ត្រជាក់រដូវរងាចាប់ផ្ដើមបក់មកជាបណ្ដើរៗ (ជំនោរខែវិច្ឆិកា)។ ហេតុនេះ ខ្យល់ត្រជាក់ប៉ះជាមួយចំហាយក្ដៅនៃទឹកសមុទ្រក៏បង្កើតបានជាការធ្លាក់ទឹកកកយ៉ាងខ្លាំងនៅឆ្នាំនេះ។ កូរ៉េខាងជើងដែលនៅជិតខាងនោះក៏ចុះត្រជាក់យ៉ាងខ្លាំងផងដែរ។ ទូរទស្សន៍របស់រដ្ឋផ្សាយថាទឹកកកធ្លាក់ដល់កម្ពស់១០សង់ទីម៉ែត្រកាលពីថ្ងៃអង្គារ និងថ្ងៃពុធ៕
ចែករំលែកព័តមាននេះ