ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​ការ​ប្រមូល​ទិញ និង​ការ​វេច​ខ្ចប់​ផ្លែ​មៀន​ប៉ៃលិន សម្រាប់​នាំ​ចេញ​ទៅ​ចិន

6 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ លោក គី ច័ន្ទ​រំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អមដំណើរដោយ​លោក សាយ…

ខេត្ត​ប៉ៃលិន ៖ លោក គី ច័ន្ទ​រំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អមដំណើរដោយ​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ ប្រមូល​ទិញ និង​ការ​វេច​ខ្ចប់​ផ្លែ​មៀន​ប៉ៃលិន សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន របស់​ក្រុមហ៊ុន ឆាយ​ណា ជី​នវ​រ័​យាន អ៊ី​ម​ផត អិ​ច​ផត (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិ​ន និង​បាន​បន្ត​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​មៀន​ប៉ៃលិន នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃលិ​ន ​។

លោកអនុរដ្ឋលេខាធិការ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ក្រសួងកសិកម្ម បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​ការ​ស្វះ​ស្វែងរក​ទីផ្សារ​កសិផល​ ជូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ​ជា​រួម គឺ​ទិន្នផល​គ្រប់​ប្រភេទ ដោយឡែក​ពេល​នេះ គឺ​និយាយ​អំពី​ទិន្នផល​ផ្លែ​មៀន​ស្រស់​។

លោក បាន​បញ្ជាក់​ទៅ​កាន់​សហគមន៍ នៃ​ម្ចាស់​ចម្ការ​មៀន​ស្រស់​ទាំងអស់​ថា ការ​នាំ​ចេញ​ទិន្នផល​ផ្លែ​មៀន​ស្រស់ តាម​រយៈ​ក្រុមហ៊ុននាំចេញ​ទៅ​បាន អាស្រ័យ​លើ​ទិន្នផល​ផ្លែ​មៀន​ល្អ ដែល​អាច​ទទួលយក​បាន មានអនាម័យ​ល្អ​សមរម្យ មានគុណ​ភាព តាម​ស្តង់ដា​ល្អ​។ ម្ចាស់​ចម្ការ​នីមួយ​ៗ ដែល​រោងចក្រ​អាច​ទទួល​ទិញ​យក ទាល់តែ​កសិករ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន​ជំនាញ នៃ​ក្រសួងកសិកម្ម​ឱ្យ​បាន​ត្រឹមត្រូវ តាម​បច្ចេកទេស ដោយ​គ្មាន​សារធាតុ​គីមី​ពុល​។ បើ​ចម្ការ​មៀន​ណា ធ្វើ​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​ទេ គឺ​រោងចក្រ ឬ​ក្រុមហ៊ុន មិន​ប្រមូល​ទិញ​ទេ ព្រោះ​ត្រូវ​មានការ​ឆ្លងកាត់​ត្រួតពិនិត្យ​ពី​ក្រសួង​ជំនាញ​ជា​មុន​សិន ​។ ហើយ​ការ​វាយតម្លៃ​នៅ​ចម្ការ​មៀន ឃើញ​ចម្ការ​មៀន​ប៉ៃលិន ដាំ​ដុះ ស្អាត មៀន​អនាម័យ​ល្អ ហើយ​ក៏​មានការ​កត់ត្រា​ នៃ​ការ​អនុវត្ត​ផលិតកម្ម​ទៅ​តាម​ស្តង់ដា​មួយ ដែល​ហៅ​ថា ការ​អនុវត្ត​កសិកម្ម​ល្អ​បាន​ត្រឹមត្រូវ ។

លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន សរុប​៤៩២០​ហិ​កតា​, កសិករ​ដាំ​ដុះ​មៀន​ប៉ៃលិន ចំនួន​៦៨៩​គ្រួសារ ដោយ​មាន​ផ្ទៃដី​ប្រមូល​ផល ចំនួន​៤១២០​ហិ​កតា ដែល​បរិមាណ​ប្រមូល​ផល បាន​ចំនួន​៦១៨០០​តោន​។ ដោយឡែក ការ​ចុះ​ប្រមូល​ទិន្នន័យ ការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន របស់​ក្រុមហ៊ុន ឆាយ​ណា ជី​នវ​រ័​យាន អ៊ី​ម​ផត អិ​ច​ផត (​ខេ​ម​បូ​ឌា​) ឯ​.​ក ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖ នាំ​ចេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ចំនួន​១ ៥២១ តោន​។ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ផ្លែ​មៀន​ប៉ៃលិន​ស្រស់ ត្រូវ​បាន​នាំ​ចេញ​សរុប​ចំនួន​១២​ពាន់​ ៤៧០​តោន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ