ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ ដើម្បី​ក្លាយជា​មូលធន​មនុស្ស យុវជន​ត្រូវ​រៀន​ឱ្យ​លើស​ពី​ចេះ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​មូលធន​មនុស្ស គឺជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ចំណេះដឹង ចំណេះធ្វើ មាន​ជំនាញ​ច្បាស់លាស់​ពិតប្រាកដ​យ៉ាងតិច​មួយ​ប្រចាំជីវិត ដែល​ចំណុច​នេះ ​ស្រប​តាម​មុំ​ទី​១នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ រាជរដ្ឋាភិបាលនីតិកាល​ទី​៧…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​មូលធន​មនុស្ស គឺជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ចំណេះដឹង ចំណេះធ្វើ មាន​ជំនាញ​ច្បាស់លាស់​ពិតប្រាកដ​យ៉ាងតិច​មួយ​ប្រចាំជីវិត ដែល​ចំណុច​នេះ ​ស្រប​តាម​មុំ​ទី​១នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ រាជរដ្ឋាភិបាលនីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​គោលដៅ​បណ្តុះបណ្តាល​យុវជន​ឱ្យ​ក្លាយជា​មូលធន​មនុស្ស​ដ៏​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ ។

ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជ រដ្ឋាភិបាល​បាន​ធ្វើ​បាឋកថា ចំពោះ​មុខ​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា (UC) នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​ការ​ចូលរួម​របស់​យុវជន ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០» បញ្ជាក់​យ៉ាង​ដូច្នេះ​ថា  «​ដើម្បី​ក្លាយ​ខ្លួន​ជា​មូលធន​មនុស្ស​ពិតប្រាកដ អ្វី​ដែល​ក្មួយ​ៗ​និស្សិត​ត្រូវ​ចង​ចាំ គឺ​ត្រូវ​រៀន​ឱ្យ​លើស​ពី​ចេះ រហូត​ក្លាយជា​អ្នក​ដែល​មាន​ពេ​ទ​កោសល្យ​ខ្ពស់ ជា​មនុស្ស​ពូកែ​និង​ប៉ិន​ប្រសប់​» ដូច​សុភាសិត​មួយ​ពោល​ថា «​ចេះ​១០ មិន​ស្មើ​ប្រសប់​មួយ​»​។

ឯកឧត្តម ប៉ែន បូ​ណា បន្ត​ថា ដូច្នេះ រៀន​គ្រាន់តែ​ចេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​យុវជន​គ្រប់​រូប​ត្រូវ​យកចំណេះ​ដឹង​របស់​ខ្លួន ផ្គួប​ផ្សំ​ជាមួយ​ទេព​កោសល្យ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ដើម្បី​រក​ឱ្យ​ឃើញ​ភាព​លេចធ្លោ​មួយ​ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើ​ដូច ឬ​ពិបាកធ្វើ​ដូច​។

 ឯកឧត្តម​បន្ថែម​ថា «​បន្ថែម​ពីលើ​ភាព​ប៉ិន​ប្រសប់​និង​លេចធ្លោ មូលធន​មនុស្ស​ត្រូវ​មាន​សីលធម៌​ល្អ ចេះ​ចុះសម្រុង​ក្នុង​សង្គម ​និង​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ចុង​ក្រោយ គឺជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន និង​ប្រាជ្ញា​ស្មារតី​វៀងវៃ ដែល​ជា​គោលដៅ​ពិតប្រាកដ​របស់​រាជរដ្ឋាភិបាល​»​។ នេះ​ជា​ការ​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

បើ​តាម​ឯកឧត្តម ប៉ែន បូ​ណា ដើម្បី​ធ្វើ​បែប​នេះ​បាន ត្រូវ​មាន​កត្តា​សំខាន់​ពីរ​៖ ទី​១. គឺ​បរិយាកាស​អំណោយផល​ដែល​ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល និង​ទី​២. គឺ​កិច្ច​ខិតខំ​ដោយ​ខ្លួនឯង​។ ឯកឧត្តម​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​នូវ​ភាព​អំណោយផល​គ្រប់​បែប​យ៉ាង ដូច​ជា សុខ​សន្តិភាព មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង ពិសេស គឺ​សាលារៀន​និង​សាកលវិទ្យាល័យ​មាននៅ​គ្រប់​ទិស​ទី​។ ទន្ទឹម​នឹង​នោះ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បណ្តុះបណ្តាល​គ្រូ សាស្ត្រាចារ្យ​ប្រកបដោយ​គុណភាព ដើម្បី​បណ្តុះបណ្តាល​បន្ត​។ ដូច្នេះ អ្វី​ដែល​នៅ​សេសសល់ គឺ​កិច្ច​ខិតខំ​ដោយ​ខ្លួនឯង​ដើម្បី​ក្លាយ​ខ្លួន​ជា​មូលធន​មនុស្ស​ពិតប្រាកដ​។

ឯកឧត្តម​បណ្ឌិត អ៊ី រតនា សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ​កម្ពុជា ថ្លែង​ស្វាគមន៍​ឯកឧត្តម ប៉ែន បូ​ណា ដែល​បាន​ចំណាយ​ពេលវេលា​មមាញឹក ផ្តល់​បាឋកថា ដល់​និស្សិត​និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​កម្ពុជា ក្រោម​ប្រធានបទ «​ការ​ចូលរួម​របស់​យុវជន ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០»​។

ឯកឧត្តម​បណ្ឌិត បន្ត​ថា សាកលវិទ្យាល័យ​កម្ពុជា គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​គាំទ្រ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋា ភិបាល ដើម្បី​សម្រេច​គោលដៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ