ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ីទំនងទទួលផលប្រយោជន៍ពីប្រេងកាណាដា និងម៉ិកស៊ិក ដែលគេចពីពន្ធលោក ត្រាំ

5 ម៉ោង មុន

អន្តរជាតិ ៖ បណ្តាពាណិជ្ជករ និងអ្នកវិភាគមួយចំនួនបានលើកឡើងថា បណ្តាក្រុមហ៊ុនផលិតប្រេងនៅក្នុងប្រទេសកាណាដា និងម៉ិកស៊ិក ទំនងជានឹងត្រូវបង្ខំចិត្តបញ្ចុះតម្លៃ និងបង្វែរការផ្គត់ផ្គង់ទៅកាន់ទ្វីបអាស៊ី ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក…

0:00
0:00

អន្តរជាតិ ៖ បណ្តាពាណិជ្ជករ និងអ្នកវិភាគមួយចំនួនបានលើកឡើងថា បណ្តាក្រុមហ៊ុនផលិតប្រេងនៅក្នុងប្រទេសកាណាដា និងម៉ិកស៊ិក ទំនងជានឹងត្រូវបង្ខំចិត្តបញ្ចុះតម្លៃ និងបង្វែរការផ្គត់ផ្គង់ទៅកាន់ទ្វីបអាស៊ី ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អនុវត្តការដំឡើងពន្ធ ២៥% លើការនាំចូលប្រេងឆៅពីប្រទេសទាំងពីរ តបតាមការសន្យារបស់លោកពិតប្រាកដមែន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters និង The Business Times ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ប្រភពចំនួនពីរដែលដឹងពីផែនការលោក ត្រាំ បានប្រាប់សារព័ត៌មាន Reuters ថា ប្រេងឆៅនឹងមិនត្រូវបានលើកលែងពីការដំឡើងពន្ធដ៏មានសក្តានុពលរបស់លោក ត្រាំ លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកនោះទេ។ បើទោះបីជាមានការព្រមានពីឧស្សាហកម្មប្រេងរបស់សហរដ្ឋ​អាមេរិកថា គោលនយោបាយនេះ អាចប៉ះពាល់ដល់អ្នកប្រើប្រាស់ ឧស្សាហកម្ម និងសន្តិសុខជាតិយ៉ាងណាក៏ដោយ។

ទិន្នន័យតាមដានកប៉ាល់របស់ក្រុមហ៊ុន Kpler បានបង្ហាញថា សហរដ្ឋអាមេរិកមានចំនួន ៦១% នៃការនាំចូលប្រេងពីប្រទេសកាណាដា និង ៥៦% ពីម៉ិកស៊ិក។ ការនាំចេញប្រេងឆៅរបស់កាណាដាបានកើនឡើង ៦៥% ដល់ប្រហែល ៥៣០,០០០បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៤ ពោលបន្ទាប់ពីការបើកបំពង់បង្ហូរប្រេង Trans-Mountain ដែលបានពង្រីក និងបង្កើនការនាំចេញទៅកាន់សហរដ្ឋ​អាមេរិក និងអាស៊ី។

ប្រទេសកាណាដា និងម៉ិកស៊ិកបាននាំចេញប្រេងឆៅមានសារធាតុស្ពាន់ធ័រខ្ពស់ជាចម្បង ហើយត្រូវបានកែច្នៃដោយរោងចក្រចម្រាញ់ដ៏ស្មុគស្មាញនៅសហរដ្ឋអាមេរិក និងអាស៊ីភាគច្រើន។ ហេតុនេះហើយ បណ្តារោងចក្រចម្រាញ់នៅអាស៊ី និងអ្នកវិភាគមួយចំនួនរំពឹងថានឹងឃើញប្រេងឆៅកាណាដា និងម៉ិកស៊ិក កាន់តែច្រើនឡើងទៅកាន់ទ្វីបអាស៊ី ប្រសិនបើលោក ត្រាំ អនុវត្តការដំឡើងពន្ធ។ ស្របពេលលោក Anh Pham អ្នកវិភាគរបស់ក្រុមហ៊ុនផ្តល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ London Stock Exchange Group (LSEG) បានឱ្យដឹងថា «យើងទំនងជានឹងឃើញបរិមាណប្រេងមួយចំនួនទៅកាន់ប្រទេសចិន និងឥណ្ឌា»។

ការដាក់ពន្ធលើប្រទេសម៉ិកស៊ិកនឹងមានសក្តានុពលក្នុងការរំដោះប្រេងឆៅមួយចំនួន សម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសអេស្ប៉ាញ ប៉ុន្តែអាស៊ីអាចស្រូបយកផលប្រយោជន៍យ៉ាងងាយស្រួលនូវបរិមាណណាមួយ ដែលមិនត្រូវបានលក់ទៅឈូងសមុទ្រអាមេរិក ដូច្នេះនឹងមានការប្រកួតប្រជែងខ្លាំង ដ្បិតក្រុមហ៊ុនចម្រាញ់ប្រេងអឺរ៉ុបជាធម្មតាមិននាំចូលប្រេងឆៅកាណាដាច្រើននោះទេ។

ការនាំចេញប្រេងឆៅម៉ិកស៊ិកទៅកាន់អឺរ៉ុបមានជាមធ្យមប្រហែល ១៩១,០០០ប៉ារែលក្នុងមួយថ្ងៃ ហើយ ៨១% ត្រូវបាននាំចេញទៅប្រទេសអេស្ប៉ាញ ខណៈការចូលរបស់កាណាដាទាបជាងចំនួន ៨៥,០០០ប៉ារែលក្នុងមួយថ្ងៃប៉ុណ្ណោះ៕ ប្រភព ៖ Reuters និង The Business Times

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ