ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ខេត្ត​ត្រា​វិញ វៀតណាម បាន​និមន្ត​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ខេត្ត​ត្រា​វិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​និមន្ត​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ខេត្ត​ត្រា​វិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​និមន្ត​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ចំនួន​៦​ព្រះ​អង្គ នៃ​ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ ថា​ច់ ញ៉ឹ​ក ព្រះ​ចៅអធិការ​វត្ត​ពោធិ​គិរី​វង្សា​រាម ហៅ​វត្ត​ស្វាយ​សៀម​ថ្មី បាន​និមន្ត​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នៅ​ភូមិ​គ្រឹះ​របស់​សម្ដេច នៅ​ក្រុង​តា​ខ្មៅ ។

ព្រះតេជព្រះគុណ ថា​ច់ ញ៉ឹ​ក បាន​មាន​ថេរ​ដីការ​ជម្រាប​ជូន​សម្ដេច​ទាំង​ទ្វេ​ថា គោលបំណង នៃ​ការ​ជួប​សំណេះសំណាល​ជាមួយ​សម្ដេច នា​ពេល​នេះ ដើម្បី​ថ្លែងអំណរគុណ​ដោយ​ផ្ទាល់ ចំពោះ​សម្តេច​ទាំង​ទ្វេ ដែល​បាន​ផ្ដួចផ្ដើម​រៀបចំ​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដង្ហែ​ឆ្ពោះទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម កាលពី​ថ្ងៃ​ទី​៣,៤,៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង​ទៅ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ព្រះសង្ឃ ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​ខេត្ត​ត្រា​វិញ ។

ព្រះ​អង្គ​ក៏​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ចំពោះ​សម្ដេច​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មហា​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី ដែល​មាន​សទ្ធា​ជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំង​ទ្រព្យ រៀបចំ​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដង្ហែ​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ ទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ហៅ​វត្ត​ស្វាយ​សៀម​ថ្មី ខេត្ត​ត្រា​វិញ កាលពី​ថ្ងៃ​ទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ និង​បាន​ប្រគេន បច្ច័យ​ដល់​វត្ត​ទាំង​១៤២ វត្ត​ទៀត ដើម្បី​ទំនុកបម្រុង ក៏​ដូច​ជា​ការ​ប្រើប្រាស់​សម្រាប់​ការ​កសាង​នូវ​សាសន​វត្ថុ​ផ្សេង​ៗ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ឱ្យ​មានការ​រីក​ចម្រើន តាំងនៅ​ស្ថិតស្ថេរ ។

អង្គ​កឋិនទាន​នេះ ក៏​ទទួល​បានការ​ជួយ​ជ្រោមជ្រែង និង​គាំទ្រ ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ដោយ​មាន ការ​ដឹកនាំ​រៀបចំ​ពី​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ព្រមទាំង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​ថ្នាក់ដឹកនាំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មហា​ពុទ្ធបរិស័ទ​ខ្មែរ​គ្រប់​ទិស​ទី ប្រកបដោយ​មហា​សទ្ធា​ជ្រះថ្លា ។ ដោយសារ​តែ​មានការ​ជួយ​សម្របសម្រួល​ពី​បក្ស រដ្ឋ និង​ប្រជាជន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ព្រះ​មន្ត្រី​សង្ឃ គ្រប់​ជាន់ថ្នាក់​ផង​ដែរ ទើប​ធ្វើ​ឱ្យ​ការ​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដង្ហែ​ទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ហៅ​វត្ត​ស្វាយ​សៀម​ថ្មី សម្រេច​បាន​ជោគជ័យ​តាម បំណងប្រាថ្នា​ថ្នាក់ដឹកនាំ និង​ពុទ្ធបរិស័ទ​ខ្មែរ​គ្រប់​ទិស​ទី ប្រកប​ទៅ​ដោយ​សេចក្តី​សប្បាយ​រីករាយ និង​អំណរ​សាទរ​យ៉ាង​ក្រៃ​លែង ។

ក្រៅពី​ការ​ថ្លែងអំណរគុណ​ចំពោះ​អង្គ​កឋិនទាន​កន្លង​មក ព្រះ​មន្ត្រី​សង្ឃ​ខ្មែរក្រោម ទាំង​៦​ព្រះ​អង្គ ក៏​បាន​ចូល​ក្រាប​បង្គំ​គាល់ សម្តេចព្រះ​មហាសង្ឃរាជ និង​សម្ដេចព្រះ​សង្ឃនាយក​ទាំង​ពីរ​គណៈ ដើម្បី​ធ្វើ​កិច្ច​វត្ត​ប្រណិប័តន៍​តាម​ទំនៀម នៃ​ព្រះពុទ្ធ​សាសនា និង​ការ​បដិបត្តិ​ធម៌​វិន័យ និង​ការ​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ក្នុង​ខេត្ត​ត្រា​វិញ ។

ព្រម​ជាមួយ​នោះ ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​សម្ដេច​កិត្ត​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​ក្រុមប្រឹក្សា​ជាតិ រណ​សិ​រ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត ចាយ បូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ដើម្បី​ថ្លែងអំណរគុណ​អំពី​ការ​រៀបចំ អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ កន្លង​មក និង​ការ​សុំ​ជួយ​គាំទ្រ​ដល់​ការ​សិក្សា និង​ស្នាក់​នៅ​របស់​ព្រះសង្ឃ​ខ្មែរក្រោម នៅ​តាម​បណ្ដា​វត្ត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រម​ជាមួយ​គ្នា​នេះ ព្រះ​អង្គ​ក៏​បាន​ស្នើ​សុំ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការ​ផ្ដល់ នូវ​ព្រះ​ត្រៃ​បិដក សៀវភៅ​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្ដេច ជួន ណាត សៀវភៅ​វចនានុក្រម រៀបរៀង​ដោយ​រាជ​បណ្ឌិតសភា​កម្ពុជា និង​ការ​ជួយ​កសាង​ទូក ង សម្រាប់​ការ​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។

ក្នុង​ឱកាស​នោះ សម្ដេច​ទាំង​ទ្វេ មាន​ទឹកចិត្ត​រីករាយ ប្រកបដោយ​សទ្ធា​ជ្រះថ្លា ដោយ​បាន​ទទួល​ប្រតិភូ​ព្រះសង្ឃ​ខ្មែរក្រោម នា​ពេល​នេះ​ដោយ​ផ្ទាល់​។ សម្ដេច​តេ​ជោ ក៏​បាន​យល់ព្រម​ប្រគេន​តាម​សំណើរ​របស់​ព្រះ​អង្គ នូវ​ទូក ង និង​ព្រះ​ត្រៃ​បិដក ចំនួន ១៦​ចប់ សៀវភៅ​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្ដេច ជួន ណាត សៀវភៅ​វចនានុក្រម​រៀបរៀង​ដោយ​រាជ​បណ្ឌិតសភា​កម្ពុជា សម្រាប់​តម្កល់​នៅ​តាម​បណ្ដា​វត្ត​ខ្មែរក្រោម នៅ​ក្នុង​ខេត្ត​ត្រា​វិញ ដើម្បី​សិក្សា​រៀនសូត្រ​របស់​ព្រះសង្ឃ ក៏​ដូច​ជា​ពុទ្ធបរិស័ទ ។

ជាទី​បញ្ចប់ សម្ដេច​ទាំង​ទ្វេ បាន​ប្រគេន​ទេយ្យទាន និង​បវរ​ណា​បច្ច័យ ព្រមទាំង​បាន​ប្រគេន​ពរ ចំពោះ​ព្រះ​មន្ត្រី​សង្ឃ ខ្មែរក្រោម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ