ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ICCចង់​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​លោក​មី​ន​អុង​ឡាំង​ពី​បទ​ប្រឆាំង​មនុស្ស​ជាតិ

15 ម៉ោង មុន

ទី​ក្រុង​ឡាអេ៖ ថ្មី​ៗ​នេះ ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​​ (ICC) ថ្លែង​ថា​ខ្លួន​នឹង​ស្នើ​សុំ​​ដីកា​ចាប់​ខ្លួន​ប្រមុខ​ដឹក​នាំ​យោ​ធា​ភូមា​ ឧត្ដម​សេនីយ៍​មីង​អុង​ឡាំង ដើម្បី​កាត់​ទោ​ស​នៅ​ទី​ក្រុង​ឡាអេ​។ រដ្ឋ​អាជ្ញា​រូប​នេះ​ចោទ​ប្រកាន់​ថា​លោក​មីន​អុង​ឡាំង​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដោយ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ជន​ជាតិ​​រ៉ូហ៊ីង​ហ្កា​ (Rohingya) នៅ​រដ្ឋ​រ៉ាក់​ខាញ…

ទី​ក្រុង​ឡាអេ៖ ថ្មី​ៗ​នេះ ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​​ (ICC) ថ្លែង​ថា​ខ្លួន​នឹង​ស្នើ​សុំ​​ដីកា​ចាប់​ខ្លួន​ប្រមុខ​ដឹក​នាំ​យោ​ធា​ភូមា​ ឧត្ដម​សេនីយ៍​មីង​អុង​ឡាំង ដើម្បី​កាត់​ទោ​ស​នៅ​ទី​ក្រុង​ឡាអេ​។ រដ្ឋ​អាជ្ញា​រូប​នេះ​ចោទ​ប្រកាន់​ថា​លោក​មីន​អុង​ឡាំង​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដោយ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ជន​ជាតិ​​រ៉ូហ៊ីង​ហ្កា​ (Rohingya) នៅ​រដ្ឋ​រ៉ាក់​ខាញ (Rakhine)​។

តប​តាម​សំណូម​ពរ​របស់​រដ្ឋ​អាជ្ញា​នេះ ចៅ​ក្រម​បី​រូប​នៃ​អង្គ​ជំនុំ​ជម្រះ​របស់​តុលាការ​ទី​ក្រុង​ឡាអេ​នឹង​កោះ​ប្រជុំ​គ្នា​ជា​បន្ទាន់​ដើម្បី​សម្រេច​ថា​តើ​មាន​អំណះ​អំណាង​គ្រប់​គ្រាន់​ដែល​បញ្ជាក់​ថា​លោក​មីន​អុង​ឡាំង​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ដែរ​ឬ​ទេ​ពាក់​ព័ន្ធ​នឹង​​ការ​បណ្ដេញ​ និង​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ជន​ជាតិ​រ៉ូហ៊ីង​ហ្កា​នៅ​ភូមា​ និង​បង់ក្លា​ដែ​ស​នោះ​​។​

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​អង្គ​ជំនុំ​ជម្រះ​នឹង​កំណត់​ពេល​កោះ​ប្រជុំ​នៅ​ពេល​ណា​ទេ​។ ​បើ​តាម​​​ចំណាំ​​ តុលា​ការ​ត្រូវ​ការ​ពេល​បី​ខែ​ដើម្បី​សម្រេច​ថា​ត្រូវ​ចេញ​ ឬ​មិន​ចេញ​ដីកា​ចាប់​ខ្លួន​។ អ្នក​សារ​ព័ត៌​មាន​​​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ដើម្បី​ស្នើ​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ ឬ​ឆ្លើយ​បំភ្លឺទៅ​លើ​បញ្ហា​នេះ​។ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ទេ​។

ការិយាល័យ​រដ្ឋ​អាជ្ញា​របស់​ ICC ថ្លែង​​ថា​ខ្លួន​​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​​បន្ទាប់​ពី​បាន​ស៊ើប​អង្កេត​ជា​យូរ​មក​ហើយ​​ឆ្លង​កាត់​របាយ​ការ​ណ៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​ប្រកប​ដោយ​ភាព​ឯក​រាជ្យ និង​ឥត​លម្អៀង​។ នៅ​​​ពេល​មាន​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​រដ្ឋ​រ៉ាក់​ខាញ​​ ជន​ជាតិ​រ៉ូហ៊ីង​ហ្កា​បាន​ភៀស​ខ្លួន​ចេញ​ពីទី​នោះ​​ទៅ​ប្រទេស​បង់​ក្លាដែស​រហូត​ដល់​ជាង​៧​សែន​​នាក់​ និង​បន្ត​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​។ ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ចាត់​ទុក​ថា​នេះ​ជា​អំពើ​ដែល​មាន​ចេត​នា​ប្រល័យ​ពូជ​សាសន៍​។

ប៉ុន្តែ​​រដ្ឋ​អំណាច​នៅ​ភូមា​ចេញ​មុខ​បដិសេធ​ជា​បន្ត​បន្ទាប់​ថា​គ្មាន​ឡើយ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ សូម្បី​តែ​លោក​ស្រី​អង់​សាន​ស៊ូ​ជី​ខ្លួន​ឯង​ កាល​លោក​ស្រី​នៅ​កាន់​តំណែង​ជា​ទី​ប្រឹក្សា​រដ្ឋ​ (មុខ​តំណែង​ពិត​​ជា​​នាយក​រដ្ឋ​មន្ត្រី​) ក៏​ធ្លាប់​ឡើង​ការ​ពារ​ទង្វើ​របស់​ពួក​យោធា​នៅ​ទី​ក្រុង​ឡាអេ​ផង​ដែរ​។ កាល​នោះ លោក​ស្រី​ថា​គ្មាន​អំពើ​ប្រ​ល័យ​ពូជ​សាសន៍​ទេ​។​

គិត​ឱ្យ​សព្វ​ៗ​ទៅ​ ​ភូមា​ពុំ​មែន​ជា​​​សមាជិក​ ICC ​ទេ​។ ប៉ុន្តែ​តុលាការ​នេះ​​ចេញ​សេចក្ដី​សម្រេច​កាល​ពីឆ្នាំ​២០១៨ និង​២០១៩​ថា​ខ្លួន​នៅ​តែ​មាន​សិទ្ធិ​ផ្នែក​ផ្លូវ​ច្បាប់​ (យុត្តា​ធិការ​) ដើម្បី​កាត់​សេច​ក្ដី​លើ​សំណុំ​រឿង​​នេះ​។ តុលាការ​អះ​អា​ង​ថា​រឿង​នេះ​មិន​មែន​ពាក់​ព័ន្ធ​តែ​នឹង​ប្រទេស​ភូមា​មួយ​​នោះ​​ទេ​ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​ប្រទេស​បង់​ក្លា​ដែស​ផង​ដែរ​​ ខណៈ​ដែល​បង់​ក្លា​ដែស​​ជា​សមាជិក​​ពេញ​សិទ្ធិ​របស់​​ ICC។ កាល​នោះ តុលាការ​សម្រេច​ថា​រដ្ឋ​អាជ្ញា​​អាច​ចាប់​ផ្ដើម​​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ជា​ផ្លូវ​ការ​​បាន​។​

នេះ​ជា​លើក​ដំបូង​បំផុត​ដែល​រដ្ឋ​អាជ្ញា​របស់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្ត​រ​ជាតិ​​ស្នើ​សុំ​ដីកា​ចាប់​ខ្លួន​មន្ត្រី​យោធា​កំពូល​ៗ​នៃ​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​។ រឿង​​នេះ​មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ​ ហើយ​នឹង​មាន​វគ្គ​ជា​​បន្ត​ទៀត​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា​។ គួរ​កត់​សម្គាល់​ថា​មិន​មែន​តែ​លោក​មីន​អុង​ឡាំង​ម្នាក់​ទេ​ដែល​ ICC អាច​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​។ តុលាការ​នេះ​បាន​ចេញ​ដីកា​ចាប់​លោក​ពូទីន និង​លោក​ណឺតាន់​យ៉ាហ៊ូ​រួច​ហើយ​។ ប៉ុន្តែ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ