រាជធានីភ្នំពេញ ៖ គណបក្សប្រតិភូ នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន គណៈត្រួតពិនិត្យកិច្ចការរដ្ឋខេត្តយូណា ប្រទេសចិន បានទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីធ្វើការស្វែងយល់ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារពីវិស័យការងារជាមួយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តយូណាន បានមកធ្វើទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានជួបពិភាក្សាការងារជាមួយលោក យន់ ស៊ីណាត អនុប្រធាន អ.ប.ព. តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងជួបសម្តែងការគួរសមជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ។
សម្រាប់ដំណើរទន្សកិច្ចរបស់គណៈប្រតិភូចិន នៅពេលនេះ ក្នុងគោលបំណងបង្កើន និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នទាំងពីរ លើការងារប្រឆាំងអំពើពុករលួយ ។
សូមជម្រាបថា ទស្សនកិច្ចរបស់គណៈប្រតិភូ ដឹកនាំដោយលោក Wang Jianhua អនុលេខា នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអនុប្រធានត្រួតពិនិត្យកិច្ចការ រដ្ឋចិន ខេត្តយូណាន តាមការអញ្ជើញរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងដំណើទស្សនកិច្ចនេះ គណប្រតិភូក៏បានជួបឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ទស្សនកិច្ចនៅការិយាល័យតំណាងធុរកិច្ចខេត្តយូណាននៅកម្ពុជា ព្រមទាំងទស្សនាសារមន្ទីរជាតិ ព្រះបរមរាជវាំង និងរមណីយដ្ឋានវត្តភ្នំ ផងដែរ ។
ក្រៅពីនេះ គណៈប្រតិភូ ក៏នឹងធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដែលនឹងចូលរួមកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងអបអរសាទរទិវាជាតិ-អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ជួបសម្តែងការគួរសមជាមួយលោកអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមន្ទីរអធិការកិច្ចខេត្តសៀមរាប និងក៏ទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទនាគព័ន្ធ ជាដើម ។
សូមរំឭកផងដែរថា គណៈប្រតិភូចិនខេត្តយូណាន ធ្លាប់មកទស្សនកិច្ចម្តងរួចមកហើយ ដឹកនាំដោយ លោក Feng Zhili សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនីស្តចិន ខេត្តយូណាន លេខាធិការ នៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងជាប្រធាន នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន និងសមាជិកប្រតិភូចំនួន ៥រូបទៀត កាលពីថ្ងៃទី ១២-១៥ ខែមិថុនា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ