ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ៖ បញ្ហា​វិវាទ​បុរី ​ជា​រឿង​រសើប​បំផុត ទាមទារ​ត្រូវ​ដោះស្រាយ​ដោយ​ភាព​បត់បែន

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ក្នុង​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​បន្ត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ក្នុង​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​បន្ត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទំនាស់​ដីធ្លី គឺជារឿង​ចាស់​ ដែល​មាន​ពី​មុន​មក ប៉ុន្តែ​វិវាទ​បុរី គឺជា​រឿង​ថ្មី ដែល​ប្រវត្តិសាស្ត្រ​មិន​ដែល​មានក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ ខណៈ​បញ្ហា​នេះ គឺជា​បញ្ហា​ដែល​រសើប​បំផុត ទាមទារ​ឱ្យ​ដោះស្រាយ ដោយ​មាន​ភាព​បត់បែន យោគយល់​គ្នា និង​ភាព​អំណត់ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​បន្ត របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​ថា ​៖ “​ទំនាស់​ដីធ្លី គឺជា​រឿង​ចាស់ ដែល​ពី​មុន​មក ប៉ុន្តែ​វិវាទ​បុរី គឺជា​រឿង​ថ្មី ប្រវត្តិសាស្ត្រ​ប្រទេស​យើង​អត់​ ដែល​មាន​ទេ នៅ​ក្នុង​ទ្រង់ ទ្រាយ​ធំ​បែប​នេះ ពី​ឆ្នាំ​១៩៩៧ ​ខ្ញុំ​ចាំ ពេល​ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ នៅ​អាស៊ី​អាគ្នេយ៍ និង​វិបត្តិ​អចលនទ្រព្យ​ នៅ​ក្នុង​ប្រទេស​ថៃ កម្ពុជា​អត់​មាន​បញ្ហា​ទេ ព្រោះ​កាលនោះ កាល​ទិញ​លក់​អចលនទ្រព្យ​ អត់​មាន​ច្រើន​ទេ មាន​ប្រាកដ​ណាស់ ពី​ដើម​អាណត្តិ មាន​ជនជាតិ​ផ្សេង​គេ​មក​វិនិយោគ​ទិញ​លក់​អី​ទៅ ប៉ុន្តែ​ខ្មែរ​យើង​មិន​ទាន់​មាន ហើយ​ទិញ​ពេល​នោះ គឺ​អត់​មាន​ទិញ​ខ្ចីធនាគារ​ទេ ពេល​នោះ​ភាគច្រើន​ប្រើ​លុយ​សុទ្ធ ចឹ​ង​ វិបត្តិ​អី​ វិបត្តិ​ទៅ ​អត់​មាន​បញ្ហា​ប៉ុន្មាន​ទេ ហើយ​យើង​ក៏​មិន​ប៉ះពាល់​ច្រើន ប៉ុន្តែ​លើក​នេះ គឺ​មាន​ទំហំ​ធំ​” ។

ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​ធិ​បតី បាន​មើលឃើញ​ថា ដោយសារ​បញ្ហា​កូ​វី​ដ ដែល​មិន​អាចប៉ាន​ស្មានជា​មុន​បាន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ស្ថានភាព វិស័យ​អចលនទ្រព្យ មានការ​ធ្លាក់​ចុះ​ជាខ្លាំង នាំ​ឱ្យ​ម្ចាស់​គម្រោង​បុរី​មួយ​ចំនួន ដែល​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ ជួប​វិបត្តិ ។

សម្តេច​បវរ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី​ ក៏​បានបាន​បញ្ជាក់​ថា “​បញ្ហា​នេះ គឺជា​បញ្ហា​ ដែលរសើប​បំផុត បញ្ហា​ដែល​ត្រូវ​ដោះ​ដោយ​មាន​ភាព​បត់បែន បញ្ហា​ត្រូវ​ដោះ​ដោយ​ភាព​យោគយល់​គ្នា និង​ភាព​អំណត់ ។ ខ្ញុំ​ចែក​ជា​ពីរ បុរី​ដែល​ធ្វើ​ពិត មាន​ចេតនា​ពិត គ្រាន់តែ​បញ្ហា​ប្រឈម ការ​វាយតម្លៃ​ខុស និង​បុរី​ ដែល​មាន​ចេតនា​បោកប្រាស់ អា​នឹង​គេ​ហៅ​ឆបោក ខ្លះ​អត់​មាន​បុរី​ផង​” ។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បន្ថែម​ថា ដំបូង​គេ​បំផុត ពេល​ដែល​ខ្ញុំ​ ទទួល​តួនាទី អ្វី​ដែល​ជា​ការ​តាមដាន ដោយ​យកចិត្តទុកដាក់​របស់ខ្ញុំ​ជាងគេ រឿង​អចលនទ្រព្យ​នេះឯង។ ប្រសិនបើ​មាន​បញ្ហា ជាមួយ​វិស័យ​អចលនទ្រព្យ គឺ​វា​ជះ​ឥទ្ធិពល ទៅ​ដល់​វិស័យ​ធនាគារ និង​ផ្សេង​ៗ​ទាំងអស់។ ​នេះ​ហើយ​ជា​គោលដៅ​ធំ​បំផុត​របស់​យើង​ពីរ ទិស​ដៅ ពីរ​មុខព្រួញ​ដែល​ត្រូវធ្វើ ទី​១​ដោះស្រាយ​បញ្ហា ចំពោះ​មុខ វិវាទ ទី​២​ត្រូវធ្វើ​មិច ធានា​ការ​រស់រាន​មានជីវិត មិន​ឱ្យ​ស្លាប់ ​នៃ​វិស័យ​អចលនទ្រព្យ នេះ​គឺជា​គោលដៅ​ដ៏​ធំ​ដែល​ត្រូវធ្វើ យើង​ដោះស្រាយ​បែប​ណា កុំឱ្យ​មាន​ភាព​ច្របូកច្របល់​” ។

សម្តេច​ធិ​បតី​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ខិតខំ​ធ្វើ​កិច្ច​ការងារ​ដោះស្រាយ​នេះ ដោយ​ភាព​អត់ធ្មត់​ និង​ប្រសិទ្ធភាព ដោយ​សម្តេច​យល់​ឃើញ​ថា បើ​ពុំនោះ​ទៀត​សោត មិនដឹង​ថា​ ត្រូវ​ចាប់ខ្លួន​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ ចំពោះ​ករណី​អ​ចលន​ទ្រព្យ​នេះ​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​វិវាទ​បុរី ​សម្តេច​ធិ​បតី បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​៖ “​ខាង​បុរី​មួយ​ចំនួន ​សំណូមពរ ថា​ត្រូវ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​នេះ​រឹង​កំព្រឹស អតិថិជន​មួយ​ចំនួន ​ទាមទារ​ឱ្យ​អនុវត្ត​ច្បាប់ ចាប់​ម្ចាស់​បុរី ខាង​ធនាគារ​មួយ​ចំនួន ថា​ត្រូវ​តែ​អនុវត្ត​ឱ្យ​រឹង​កំព្រឹស អ្នក​អត់​បង់​ត្រូវ​ចាប់​ត្រូវ​អី ខ្ញុំ​ថា ​ហើយបើ​រវល់​តែ​ចាប់​គ្រប់​គ្នា​រលាយ​ហើយ វា​បង្កើត​នូវ​ភាព​កាន់តែ​រំជើបរំជួល ៩៩​គម្រោង បើសិនជា​មាន​បញ្ហា ៩៩​គម្រោង​ មាន​បញ្ហា​ទាំង​៩៩ ​ហើយ​យើង​ចាប់ តើ​នរណា​ជា​អ្នក​ដោះ ? នេះ​ហើយ​ដែល​យើង​ត្រូវ​គិតគូ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ