ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ស្នើ​វៀតណាម​ជួយ​ស្រាវជ្រាវ​រក​ឯកសារ និង​កំណត់​ត្រា ​អំពី​សកម្មភាព​របស់​សម្តេច​ នៅ​ក្នុង​ចលនា​តស៊ូ​រំដោះជាតិ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ស្នើ​វៀតណាម ​ជួយ​ស្រាវជ្រាវ​រក​ឯកសារ និង​កំណត់​ត្រា​បន្ថែម​ទៀត ​អំពី​សកម្មភាព​របស់​សម្តេច…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ស្នើ​វៀតណាម ​ជួយ​ស្រាវជ្រាវ​រក​ឯកសារ និង​កំណត់​ត្រា​បន្ថែម​ទៀត ​អំពី​សកម្មភាព​របស់​សម្តេច ​នៅ​ក្នុង​ចលនា​តស៊ូ​រំដោះជាតិ​ ។

ការ​ស្នើ​នៅ​ក្នុង​ជំនួប​ជាមួយ​នាយ​ឧត្តមសេនីយ៍ ហ្វា​ន វ៉ា​ន់យ៉ាង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម នា​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​មិត្ត​វៀតណាម ជួយ​ស្រាវជ្រាវ​រក​ឯកសារ និង​កំណត់​ត្រា​បន្ថែម​ទៀត អំពី​សកម្មភាព​របស់​សម្តេច នៅ​ក្នុង​ចលនា​តស៊ូ​រំដោះជាតិ ដើម្បី​អ្នក​ជំនាន់​ក្រោយ បាន​សិក្សា​ស្វែង​យល់​ ។

ជាមួយ​គ្នា​នោះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ នូវ​ប្រវត្តិ​ទំនាក់ទំនង​រវាង​កម្ពុជា​-​វៀតណាម ចាប់តាំងពី​ឆ្នាំ​១៩៦៧ និង​បាន​លើក​ឡើង​អំពី​ការ​ចែករំលែក ​នូវ​ការ​ធ្វើ​បាឋកថា​ពិសេស​របស់​សម្តេច នៅ​ក្នុង​ពិធី​បើក IPTP លើក​ទី​១១ ដើម្បី​ជា​ការ​លើក​តម្លៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ និង​ឱ្យ​ពិភពលោក​ទទួលស្គាល់​អំពី​តួនាទី​របស់​វៀតណាម​ នៅ​ក្នុង​ការ​រំដោះ​កម្ពុជា ​។

សម្តេច ​បាន​បន្ត​លើក​ឡើង​ថា វិមាន​ឈ្នះ​-​ឈ្នះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការ​រក្សា​ទុក​ប្រវត្តិ​ទំនាក់ទំនង​នេះ​។ ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ បាន​ស្នើ​មិត្ត​វៀតណាម​ ជួយ​ស្រាវជ្រាវ​រក​ឯកសារ និង​កំណត់​ត្រា​បន្ថែម​ទៀត អំពី​សកម្មភាព​របស់​សម្តេច​នៅ​ក្នុង​ចលនា​តស៊ូ​រំដោះជាតិ ដើម្បី​អ្នក​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់ ។

ឆ្លៀតឱកាស​ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​រំលេច​ អំពី​ទំនាក់ទំនង​រវាង​កម្ពុជា​-​វៀតណាម ដែល​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ និង​បង្ហាញ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ចាប់ផ្តើម​តាំងពី​ចលនា​រំដោះជាតិ​កម្ពុជា​របស់​សម្តេច​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​វៀតណាម​ ក៏​បាន​លើក​អំពី​សមិទ្ធផល​នានា ​ដែល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រធាន​សម្រេច​បាន និង​ក្នុង​ន័យ​នេះ បាន​ជូនពរ​ឱ្យ​កម្ពុជា​ បន្ត​សម្រេច​បាន​នូវ​សមិទ្ធផល​ធំធេង​ផ្សេង​ៗ​បន្ថែម​ទៀត​ ។

ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ​ដែល​មាន​ទំនាក់​ទំនងជា​ប្រពៃណី និង​មាន​កិច្ច​សហប្រតិបត្តិការ​ប្រកៀក​ស្មា​គ្នា​យ៉ាង​ជិត​ស្និទ្ធ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា សន្តិភាព​របស់​ប្រទេស​មួយ គឺជា​សន្តិភាព​របស់​ប្រទេស​មួយទៀត​។ ហេតុ​ដូចនេះ វៀតណាម​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឥត​ឈប់​ឈរ​ជាមួយ​កម្ពុជា និង​បន្ត​គាំទ្រ​កម្ពុជា ​ក្នុង​ការ​បំពេញ​តួនាទី​នៅ​លើ​ឆាក​អន្តរជាតិ​នានា ​។

ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏​បាន​ជម្រាប​ជូន សម្តេច​តេ​ជោ អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​វៀតណាម ​នា​ពេល​កន្លង​មក និង​ទិស​ដៅ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ​ឆ្នាំ​២០២៤-២០២៩ ដែល​ក្នុង​នោះ រួម​មានការ​អភិវឌ្ឍ​ធនធានមនុស្ស​, ការ​អប់រំ​បណ្តុះបណ្តាល​, កិច្ច​សហប្រតិបត្តិការ​តាម​ព្រំដែន​, ការ​បន្ត​ជំនួប​ជា​ប្រចាំ​រវាង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ជាដើម​ ។

ឯកឧត្តម ហ្វា​ន វ៉ា​ន់ យ៉ាង ក៏​បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​កងកម្លាំង​យោធា បង្កើន​ភាព​ជឿជាក់​រវាង​គ្នា និង​លើកកម្ពស់​ការ​ទទួលខុសត្រូវ មិន​អនុញ្ញាត​ឱ្យ​ពួក​អមិត្ត​យក​ប្រទេស​មួយ​ប្រឆាំង​នឹង​ប្រទេស​មួយទៀត​នោះ​ឡើយ​ ។

ឯកឧត្តម ហ្វា​ន វ៉ា​ន់ យ៉ាង បាន​ស្នើ​កម្ពុជា ​ជួយ​បង្ក​លក្ខណៈ​ល្អ​ដល់​ក្រុមហ៊ុន​វិនិយោគ​វៀតណាម​នានា ​នៅ​កម្ពុជា ដើម្បី​ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ និង​ដូច​គ្នា​នេះ ស្នើ​អាជ្ញាធរ​កម្ពុជា​ជួយ​បន្ត​សម្រួល​ដល់​ការ​ស្វែងរក​អដ្ឋិធាតុ​របស់​កងទ័ព​វៀតណាម​ ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ