ទីក្រុងម៉ានីឡា៖ ប្រធានាធិបតីហ្វ៊ីលីពីន លោកម៉ាកូស បានសច្ចានៅថ្ងៃនេះថាលោកត្រូវតែវាយបកវិញទៅលើអ្វីដែលលោកហៅថាជាការគំរាមកំហែងមកលើអាយុជីវិតរបស់លោកពីសំណាក់កូនស្រីលោកឌូតឺតេដែលជាអនុប្រធាធិបតីហ្វ៊ីលីពីនសព្វថ្ងៃនេះ។ កូនស្រីរូបនេះធ្លាប់ប្រើពាក្យថាលោកស្រីធ្លាប់រៀបផែនការសម្លាប់លោកម៉ាកូស។ លោកស្រីបានផ្ដាំពេជ្ឈឃាតម្នាក់ទុកឱ្យហើយថាបើសិនលោកស្រីយ៉ាងម៉េចយ៉ាម៉ាទៅ ពេជ្ឈឃាតរូបនោះត្រូវតែសម្លាប់លោកម៉ាកូស ប្រពន្ធគាត់ និងប្រធានរដ្ឋសភាដែលត្រូវជាបងប្អូនជីដូនមួយរបស់លោកម៉ាកូស។
នៅក្នុងការថ្លែងសុន្ទរកថាដែលប្រើប្រាស់វោហារសាស្ត្រធ្ងន់ៗនៅថ្ងៃចន្ទ លោកម៉ាកូសមិនបានបញ្ចេញឈ្មោះលោកស្រីសារ៉ា ឌូតឺតេទេ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថាផែនការឧក្រិដ្ឋនេះមិនអាចមើលស្រាលបានឡើយ។ នៅពេលជម្លោះកាន់តែស្រួចស្រាល់រវាងលោកម៉ាកូស និងក្រុមគ្រួសារលោកឌឺតឺតេ កូនស្រីរូបនេះបានបង្ហើបឱ្យដឹងពីផែនការធ្វើឃាតក៏គួរឱ្យខ្លាចរអានោះ។
លោកស្រីបង្ហើបឱ្យដឹងអំពីផែនការធ្វើឃាតនោះនៅពេលមានអ្នកលេងបណ្ដាញសង្គមម្នាក់សួរថាត «តើលោកស្រីបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរឬទេ?» កាលនោះ លោកស្រីមិនបានលើកឡើងអំពីការគំរាមកំហែងណាមួយទេនៅពេលនោះ។
ថ្ងៃនេះ លោកម៉ាកូសថ្លែងថាសេចក្ដីថ្លែងការណ៍ដែលលោកស្ដាប់ឮកាលពីប៉ុន្មានថ្ងៃមុននោះជាការរំខានអារម្មណ៍យ៉ាងខ្លាំង។ មានការប្រើប្រាស់ភាសាគំរាមកំហែងទៅលើអាយុជីវិតរបស់ពួកយើង។ ដូច្នេះ លោកសច្ចាថាលោកត្រូវតែវាយបកវិញចំពោះរឿងនេះ។ លោកដាក់ជាសំណួរថាបើគេចង់សម្លាប់ប្រធានាធិបតីផុយៗដល់ថ្នាក់ហ្នឹង ចុះអាយុជីវិតប្រជាជនធម្មតាមិនរឹតតែគ្រោះថ្នាក់ទៅហើយទេ?
លោកស្រីសារ៉ាថ្លែងថាលោកស្រីមិនទាន់ស្ដាប់ឮពាក្យសម្ដីរបស់លោកម៉ាកូសត្រង់ចំណុចនេះនៅឡើយទេ។ ប៉ុន្តែលោកស្រីនឹងខិតខំស្វែងរកពាក្យសម្ដីទាំងនោះ ហើយនឹងឆ្លើយតបវិញ។ លោកស្រីសារ៉ា និងលោកម៉ាកូសមានជម្លោះនឹងគ្នាកាន់តែខ្លាំងចាប់តាំងពីក្រោយការបែកបាក់សម្ព័ន្ធភាពរវាងអ្នកទាំង២។ លោកស្រីសារ៉ាបានលាលែងពីគណៈរដ្ឋមន្ត្រីរបស់លោកម៉ាកូស ប៉ុន្តែនៅរក្សាតំណែងអនុប្រធានាធិបតីដដែល។
ការដំឡើងវោហារសាស្ត្រខ្លាំងៗដាក់គ្នាបែបនេះកើតឡើងបន្ទាប់ពីខុទ្ទកាល័យរបស់លោកម៉ាកូសទើបតែប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះថាខ្លួនសូមគាំទ្រទាំងស្រុង និងត្រៀមសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីចាប់ខ្លួនលោកឌូតឺតេទៅកាត់ទោសនៅទីក្រុងឡាអេពីបទសង្ស័យសម្លាប់អ្នកជួញដូរគ្រឿងញៀនរាប់ពាន់នាក់នៅពេលលោកឌូតឺតេកាន់តំណែងជាប្រធានាធិបតីហ្វ៊ីលីពីន។ ប៉ុន្តែលោកឌូតឺតេថាលោកគ្មានព្រួយបារម្ភនឹងបញ្ហានេះទេ។ លោកថែមទាំងនិយាយផ្គើនឱ្យតុលាការពន្លឿននីតិវិធីឱ្យបានឆាប់រហ័ស៕
ចែករំលែកព័តមាននេះ