ខេត្តមណ្ឌលគិរី ៖ រដូវរំហើយបានឈានចូលមកដល់ តាមចំណាំគឺប្រជាកសិករតែងប្រមូលផលស្រូវរដូវវស្សា ការច្រូតកាត់ជាសកមុ្មភាពមួយ ត្រូវបានគេមើលឃើញតាមវាលស្រែដ៏ធំល្វឹងល្វើយ ប៉ុន្តែខុសពីកសិករនៅតំបន់ទំនាបកណ្តាល បងប្អូនជនជាតិដើមភាគតិច រស់នៅតំបន់ខ្ពស់រាប មានរៀបប្រមូលផលស្រូវដោយបូតនិងដៃ រួចបុកនិងត្បាលអង្រែធំៗតាមវិធីសាស្ត្របុរាណ ។

នៅតាមចង្កេះភ្នំ ឬចំការជម្រាលមាត់អូរក្នុងខេត្តមណ្ឌលគិរី ភាគច្រើនគេបានមើលឃើញពីផ្ទៃដីស្រែតូវៗរបស់អ្នកភូមិ ត្រង់នេះមួយដុំត្រង់នោះមួយដុំ ជាប់ជាមួយគុម្ពោព្រៃ ។ ស្រូវអង្ករដែលពុកម៉ែបងប្អូនជនជាតិដើមភាគិចព្នង បង្កបង្កើនផលតាមចំការមានរូបរាងកន្តុលៗ តែមានរសជាតិផ្អែមស្រាលតិចៗ កើតចេញយ៉ាងលំបាកពីការបុករោយរែង ។

ស្រូវចំការប្រភេទនេះ ត្រូវបានកសិករកាប់សម្អាតព្រៃតាំងពីខែមេសា ឬខែឧសភា ដុតស្មៅនិងរុក្ខជាតិព្រៃផ្សេង រហូតភ្លៀងធ្លាក់នៅខែមិថុនា ឬខែកក្កដា ទើបគេចាប់ផ្តើមប្រវ៉ាស់ដៃគ្នាបុកដីដាំទៅវិញទៅមក។ ខណៈកំពុងធ្វើដីដាំស្រូវ គេមិនភ្លេចទេគ្រឿងដង្វាយ មាន់ស្រាពាង សម្រាប់សែនម្ចាស់ទឹកដីសុំឲ្យកើតផលស្រូវបានច្រើន ។

ស្រូវចំការនេះ គេមិនបានប្រើជីបំប៉នអ្វីទេ សូម្បីទឹកគឺរំពឹងលើមេឃទាំងស្រុង តែគេក៏បានជំរះស្មៅផងដែរ ។ រៀងរាល់ប្រមូលផលស្រូវមួយរដូវម្តង អ្នកភូមិតែងទុកដីដែលធ្លាប់ដាំស្រូវនេះចោលមួយឆ្នាំទៅពីរឆ្នាំ ឲ្យដុតកូនឈើវិញតាមធម្មជាតិ ទើបគេនាំគ្នាឆ្ការព្រៃឡើងវិញ ដើម្បីដាំបន្ត ដែលធ្វើបែបនេះគេជឿថា ដីមានជីវជាតិល្អ ។

ការឆ្លាស់ទីចំការដាំស្រូវពីមួយកន្លែងទៅមួយកន្លែងដូច្នឹង គេហៅថា ចំការវិលជុំ ។ចំការវិលជុំនេះទាមទារអ្នកភូមិមានដីច្រើន ទើបអាចធ្វើបាន បើមានដីតែ មួយកន្លែងក៏ពិបាកដាំដុះដែរ ។

លោកពូ គ្រឹង យ៉ន ជនជាតិដើមភាគតិចព្នងរស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន
មនោរម្យបានឲ្យដឹងថា ស្រូវចំការជាប្រភេទស្រូវធ្ងន់ មានអាយុចន្លោះបួនទៅប្រាំខែ ទើបអាចប្រមូលផលបាន។ នៅពេលស្រូវទុំអ្នកភូមិបានជួយគ្នាបូតបើសិនស្រូវមានតិចតួច ប៉ុន្តែបើចំការធំគេត្រូវច្រូតបោកបែនទើបឆាប់រួច។

ពូ គ្រឹង យ៉ន បញ្ជាក់ថា ស្រូវដែលគាត់បានដាំមិនអាចហូបគ្រប់គ្រាន់ទេ ពោលគឺគាត់ត្រូវទិញអង្ករពីផ្សារសម្រាប់បំពេញបន្ថែម។តែគាត់អះអាងថា ទោះបានផលតិចក៏ពួកគាត់រីករាយធ្វើដំណាំស្រូវនេះ ដោយមិនគិតការនឿយហត់នោះទេ ដ្បិតវាអាចរក្សាបានប្រពៃណីវប្បធម៏របស់ដូនតា ពីរបៀបរស់នៅដ៏យូរលង់មកហើយ៕


ចែករំលែកព័តមាននេះ