ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​ត្រូវការ​រៀនសូត្រ​ពី​ទី​ម័​រ​ឡេ​ស្តេ នូវ​ការ​គ្រប់គ្រង​ធនធាន​ប្រេង​នៅ​កម្ពុជា

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​រៀនសូត្រ​ពី​ទី​ម័​រ​ឡេ​ស្តេ នូវ​ការ​គ្រប់គ្រង​ធនធាន​ប្រេង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​រៀនសូត្រ​ពី​ទី​ម័​រ​ឡេ​ស្តេ នូវ​ការ​គ្រប់គ្រង​ធនធាន​ប្រេង ដោយ​កម្ពុជា នៅ​មិន​ទាន់​បាន​វិនិយោគ ឬ​ក៏​យក​ផលប្រយោជន៍ ពី​ធនធាន​ប្រេង​ដែល​មាននៅ​ក្នុង​ដែនសមុទ្រ និង​ដែនដី​គោក នៅឡើយ​ទេ ។

ការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ខណៈ​អនុញ្ញាត​ឱ្យ​លោក អ៊ឺ​មេ​ណេ​ហ្ស៊ី​ល​ដូ គុ​ប៉ា ឡូ​ប៉េ​ស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ ឡេ​ស្តេ (​ទី​ម័​រ​ខាងកើត​) ចូល​ជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ក្នុង​ជំនួប​សម្ដេច​តេ​ជោ បាន​កោតសរសើរ និង​មាន​មោទនភាព ចំពោះ​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ កម្ពុជា និង​ទី​ម័​រ​ឡេ​ស្តេ ដោយ​ទំហំ​ពាណិជ្ជកម្ម​ក៏ បាន​កើនឡើង ពិសេស​អរគុណ​ទី​ម័​រ​ឡេ​ស្តេ ដែល​បាន​នាំ​អង្ករ​ពី​កម្ពុជា ចំនួន​៤​ពាន់​តោន នៅ ឆ្នាំ​២០២៤​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បាន​ផ្ដល់​ជា​អនុសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​ដើម្បី​ធានា​ស្ថិរភាព នៃ​ការ​ផ្គត់ផ្គង់ និង​សន្តិសុខ​ស្បៀង សម្រាប់​ទី​ម័​រ​ឡេ​ស្តេ ទី​ម័​រ​ឡេ​ស្តេ គួរតែ​ពិចារណា​លើ​ការ​វិនិយោគទុន​នៅ​កម្ពុជា ដោយ​បង្កើត​ឃ្លាំង​ស្តុក​ម៉ាស៊ីនកិនស្រូវ និង​បណ្ដាញ​ទិញ​ស្រូវ​អង្ករ យក​មក​កិន​ហើយ​នាំ​ទៅ​កាន់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ រួម​ទាំង​ផលិតផល​កសិកម្ម​ផ្សេង​ៗ ដើម្បី​ផ្ដល់​ក្នុង​វិស័យ​ចិញ្ចឹមសត្វ ផង​ដែរ​» ។

ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា យើង​មាន​លទ្ធភាព​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទី​ម័​រ​ឡេ​ស្តេ​មាន​សមត្ថភាព និង​បទ​ពិសោធន៍ ក្នុង​ការ​គ្រប់គ្រង​ថាមពល ហើយ​កម្ពុជា​មាន ស្បៀង ដែល​យើង​នឹង​អាច​ផ្លាស់​ប្ដូរ បទ​ពិសោធន៍​ធ្វើ​អាជីវកម្ម​ជាមួយ​គ្នា ហើយ​កម្ពុជា​ត្រូវការ​រៀនសូត្រ​ពី​ទី​ម័​រ​ឡេ​ស្តេ នូវ​ការ​គ្រប់គ្រង​ធនធាន​ប្រេង ដោយ​កម្ពុជា នៅ​មិន​ទាន់​បាន​វិនិយោគ ឬ​ក៏​យក​ផលប្រយោជន៍ ពី​ធនធាន​ប្រេង ដែល​មាននៅ​ក្នុង​ដែនសមុទ្រ និង​ដែនដី​គោក នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ