ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ការ​ពារ​ខ្លួន​ទល់​នឹង​ការ​រិះ​គ​ន់​ករណី​ហៅ​ទូរ​ស័ព្ទទៅ​លោ​ក​ពូ​ទីន

16 ម៉ោង មុន

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាស់ សូល (Olof Scholz) បន្ទាប់​ពី​ត្រូវ​គេ​រិះ​គន់​ខ្លាំង​ៗ​ពាក់​ព័ន្ធ​នឹង​ការ​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ពូទីន និង​សន្ទនា​គ្នា​រយៈ​ពេល​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នោះ​រួច​មក ថ្ងៃ​នេះ លោក​ចេញ​មក​បញ្ជាក់​ជំហរ​ច្បាស់​ៗ​ត្រង់​ចំណុច​នេះ…

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាស់ សូល (Olof Scholz) បន្ទាប់​ពី​ត្រូវ​គេ​រិះ​គន់​ខ្លាំង​ៗ​ពាក់​ព័ន្ធ​នឹង​ការ​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ពូទីន និង​សន្ទនា​គ្នា​រយៈ​ពេល​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នោះ​រួច​មក ថ្ងៃ​នេះ លោក​ចេញ​មក​បញ្ជាក់​ជំហរ​ច្បាស់​ៗ​ត្រង់​ចំណុច​នេះ និង​និយាយ​ការ​ពារ​ទង្វើ​របស់​គាត់​។ លោ​កសូល​បក​ស្រាយ​ថា​មិន​មែន​លោក​ចង់​និយាយ​ទូរ​ស័ព្ទ​ទៅ​លោក​ពូទីន​ប៉ុន្មាន​ទេ។​​ ប៉ុន្តែ​នេះ​ជា​ការ​ចាំ​បាច់​ណាស់​ដែល​លោក​​​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដោយ​ខាន​ពុំ​បាន​​។​

នៅ​ក្នុង​ឱកាស​នោះ លោក​ទាំង​២​បាន​និយាយ​គ្នា​ពាក់​ព័ន្ធ​នឹង​បច្ចុប្បន្ន​ភាព និង​ស្ថាន​ភាព​សង្គ្រាម​អ៊ុយ​ក្រែន និង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​។ នោះ​ជា​ការ​និយាយ​សន្ទនា​គ្នា​ដោយ​ផ្ទាល់​រវាង​លោក​ទាំង​២​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយ​។ ម៉្យាង​ទៀត​ នៅ​សល់​តែ​បី​ខែ​ទៀត​ប៉ុណ្ណោះ​ ប្រទេស​អាល្លឺម៉ង់​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​។

លោក​សូល​ត្រូវ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា​លោក​ប្រឈម​នឹង​ការ​ចាញ់​ឆ្នោត​​​។ មូល​ហេតុ​ដោយ​សារ​​​ប្រជា​ប្រិយ​ភាព​របស់​គាត់​កំពុ​ងស្រុត​ចុះ​យ៉ាង​ខ្លាំង​។​ ​ដូច្នេះ គេ​មិន​ដឹង​ថា​តើ​ការ​និយាយ​ទូរ​ស័ព្ទ​លើក​នេះ​អាច​នឹង​ធ្វើ​ឱ្យ​លោក​ចំណេញ​ ឬ​ខាត​ផ្នែក​នយោបាយ​។ ក្រុម​​​ខាងឆ្វេង​ និង​ខាង​ស្ដាំ​កំពុង​និយាយរំអុក​ថា​ប្រទេស​អាល្លឺម៉ង់​ត្រូវ​តែ​កែ​សម្រួល​នយោ​បាយ​ការ​បរទេស​​​។

​ក្រុម​អ្នក​រិះ​គន់​ចំពោះ​ការ​និយាយ​ទូរ​ស័ព្ទ​នោះ​​​រួម​ទាំង​លោក​ហ្សេឡិន​ស្គី​ផង​ដែរ​​យល់​ថា​ការ​ហៅ​ទូរ​ស័ព្ទ​នោះ​អាច​ជា​ការ​ហុច​ដង​ដាវ​ឱ្យ​សត្រូវ​​។ ពួក​គេ​យល់​ថា​ចង់​ឬ​មិន​ចង់​ ការ​ហៅ​ទូរ​ស័ព្ទជា​ឯក​តោ​ភាគី​បែប​នេះ​ធ្វើ​ឱ្យ​លោក​ពូទីន​សម្លឹង​ឃើញ​ថា​ជា​ការ​បែក​បាក់​សាមគ្គី​គ្នា​នៅ​ក្នុង​ចំណោម​ក្រុម​បស្ចិម​ប្រទេស​។​ ពួក​គេ​យល់​ថា​ធ្វើ​បែ​ប​នេះ​ដើម្បី​បាន​ចំណេញ​នយោបាយ​តែ​ម្នាក់​ឯង​ ហើយ​សុខ​ចិត្ត​ឱ្យ​ប៉ះ​ពាល់​ប្រយោជន៍​អ្នក​ដទៃ។ មិន​ខុស​ពី​ «​រុះ​ជញ្ជាំង​ផ្ទះ​អ្នក​ដទៃ​ដើម្បី​ស្ងោរ​ពង​មាន់​របស់​ខ្លួន​ឯង​»។

ប៉ុន្តែ​លោក​សូល​មិន​គិត​ដូច្នេះ​ទេ​។ ថ្នាក់​ដឹក​នាំ​អាល្លឺម៉ង់​រូប​នេះ​បក​ស្រាយ​ថា​វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​តែ​លោក​ជជែក​គ្នា​ជា​មួយ​លោក​ពូទីន​ដោយ​​ផ្ទាល់​ និង​ប្រាប់គាត់​ថា​គាត់​មិន​អាច​ស្រមៃ​គិត​ថា​ទំហំ​នៃ​ការ​គាំទ្រ​ចំពោះ​អ៊ុយ​ក្រែន​ពី​សំណាក់​ប្រទេស​អាល្លឺម៉ង់ អឺរ៉ុប​ និង​ប្រទេស​ដទៃ​ទៀត​​​អាច​នឹង​ថយ​ចុះ​នោះ​ទេ​​។ លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ការ​សន្ទនា​គ្នា​នោះ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ណាស់​ មិន​មែន​សើ​ៗ​លំ​ៗ​នោះ​ឡើយ​។

ប៉ុន្តែ​លោក​សូល​​ទទួល​ស្គាល់​ថា​លោក​​ពូទីន​ប្រកាន់​ជំហរ​រឹង​មាំ​ដូច​ដែក​ថែប​។ គាត់​​គ្មាន​កែ​ប្រែ​ទស្សនៈ​របស់​គាត់​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែន​សូម្បី​តែ​បន្តិច​។​ ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោក​សូល​យល់​ថា​ជា​ដំណឹង​មិន​ល្អ​ទាល់​តែ​សោះ​។​​ ​​​ការ​ហៅ​ទូរ​ស័ព្ទ​នេះចំ​ពេល​​ដែល​ភាគី​ទាំង​២​ចាប់​ផ្ដើម​បង្កើន​ការ​​ប្រាស្រ័យ​ទាក់​ទង​គ្នា​កាន់​តែ​ញឹក​ញាប់​រវាង​បស្ចិម​ប្រទេស​ និង​ម៉ូស្គូ​​​។

អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ព័រ​ទុយ​ហ្កាល់​ផង​ដែរ​នោះ​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ប្រ៊ីក (BRICS) ដែល​រៀប​ចំ​នៅ​ប្រទេស​រុស្ស៊ី​​។ ​គេ​រំពឹង​ថា​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំ​ពូល​​នៅ​ម៉ាល់​តា​​ដែល​​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​។ ដូច្នេះ​ ឃើញ​ថា​​​លោក​ខាង​លិច និង​រុស្ស៊ី​ចាប់​ផ្ដើម​បោះ​ដៃ​រក​គ្នា​ជា​បណ្ដើរ​ៗ​។ គ្រាន់​តែ​ថា​មិន​ទាន់​ធ្វើ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ​ គ្រាន់​តែ​ជា​លក្ខណៈ​លឹប​លរ​ចុះ​ឡើង​ៗ​ដើម្បី​ស្ទង់​ចិត្ត​គ្នា​។

អឺរ៉ុប​​​កំពុង​មាន​អារម្មណ៍​មិន​សូវ​ស្រណុក​ខ្លួន​ប៉ុន្មាន​ទេ​នៅ​ពេល​លោក​ត្រាំនឹង​​​ឡើង​កាន់​អំណាច​នៅ​ដើម​ឆ្នាំ​​ក្រោយ​​​។ ​ ឥឡូវ​​នេះ លោក​ត្រាំ​តែង​តាំង​មន្ត្រី​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរទេស​, ​សន្តិសុខ​ជាតិ និង​ការ​ពារ​ជាតិ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​អាច​​ងាយ​ស្រួល​និយាយ​ស្ដាប់​គ្នា​បាន​ជា​មួយ​ទី​ក្រុង​ម៉ូស្គូ​។ ​ត្រង់​ចំណុច​នេះ​​ហើយ​ដែល​លោក​សូល​យល់​ថា​លោក​ត្រូវ​តែ​ចេះ​ចាប់​ឱកាស​។ លោក​ថ្លែង​ថា​បើ​បណ្ដោយ​ឱ្យ​អាមេរិក និង​រុស្ស៊ី​ក្លាយ​ជា​មេ​ចំណែក​ ឬ​តួ​ឯក​ (superstar)​តែ​ម្នាក់​ឯង​នៅ​ក្នុង​​​ការ​ស្វែង​រក​សន្តិ​ភាព​ឱ្យ​អ៊ុយ​ក្រែន​ហាក់​ដូច​ជា​សូវ​សម​ប៉ុន្មាន​ទេ​។ លោក​យល់​ថា​អឺរ៉ុប​ត្រូវ​តែ​មាន​ចំណែក​នៅ​ក្នុង​រឿង​នេះ​ដែរ​ក្នុង​នាម​អ៊ុយ​ក្រែន​ជា​ប្រទេស​ស្ថិត​នៅ​​ទ្វីប​អឺរ៉ុប​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ