ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ លោកបៃដិនប្រកាសផ្ដល់ជំនួយដែលគិតជាទឹកប្រាក់៤ពាន់លានដុល្លារសម្រាប់ជួយប្រទេសដែលក្រីក្រផុតលេខនៅលើពិភពលោក។ ការផ្ដល់ជំនួយនេះធ្វើឡើងតាមរយៈធនាគារពិភពលោក។ នេះជាការផ្ដល់ជំនួយដែលច្រើនជាងកាលពីឆ្នាំ២០២១ទៅទៀត។ ប៉ុន្តែគេមិនដឹងច្បាស់ថាតើលោកត្រាំនឹងគាំទ្រគម្រោងផ្ដល់ជំនួយនេះដែរឬទេ។
លោកបៃដិននៅសល់ពេលត្រឹមតែ២ខែទៀតប៉ុណ្ណោះនឹងត្រូវចាកចេញពីសេតវិមានហើយ ហើយឡើងបន្តវេនដោយលោកត្រាំវិញម្ដង។ លោកត្រាំទើបតែបង្កើតស្ថាប័នថ្មីមួយឈ្មោះ «ក្រសួងរៀបចំប្រសិទ្ធភាពរដ្ឋាភិបាល» ដែលដឹកនាំដោយលោកអ៊ីឡនម៉ាស់។ លោកទាំង២ប្ដេជ្ញាថានឹងព្យាយាមកាត់បន្ថយការចាយថវិកាជាតិខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធ និងរបៀបធ្វើការនៅក្នុងស្ថាប័នរដ្ឋឱ្យមានប្រសិទ្ធភាពជាងរបៀបធ្វើការបែបការិយាល័យនិយម និងការប្រកាន់ច្បាប់ទម្លាប់ច្រើនពេក។
នៅឯកិច្ចប្រជុំកំពូលជីម្ភៃនៃទីក្រុងរីអូដឺជេនីរ៉ូ (Rio de Janeiro) លោកចូណាថាន់ ហ្វាញណឺ (Jonathan Finer) ជាទីប្រឹក្សារងសន្តិសុខជាតិរបស់លោកបៃដិនថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកបៃដិនពិតជាបានប្រកាសអំពីគម្រោងផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ជាប្រវត្តិសាស្ត្រដូចខាងលើនេះពិតប្រាកដមែន។ លោកទីប្រឹក្សារូបនេះថ្លែងបន្តទៀតថាលោកបៃដិនក៏ត្រៀមប្រកាសអំពីការចាប់ដៃគូជាលក្ខណៈទ្វេភាគីដើម្បីផលិតថាមពលស្អាតនៅពេលលោកជួបថ្នាក់ដឹកនាំប្រេស៊ីលនៅថ្ងៃអង្គារ។
មូលនិធិរបស់ធនាគារពិភពលោកដែលច្រើនផ្ដល់ប្រាក់កម្ចីយកការប្រាក់ទាបៗទៅឱ្យប្រទេសក្រីក្រីបំផុតនៅលើភពផែនដីយើងនេះច្រើនរៀបចំប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញរៀងរាល់៣ឆ្នាំម្ដង។ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៥-៦ ខែធ្នូខាងមុខនេះ ធនាគារពិភពលោកនឹងរៀបចំសន្និសីទជាសាធារណៈដើម្បីនិយាយអំពីការផ្ដល់ប្រាក់កម្ចីនេះ។
លោកបៃដិនសន្យាផ្ដល់ជំនួយលើកនេះច្រើនជាងឆ្នាំ២០២១ចំនួន៥០០លានដុល្លារ ឬស្មើនឹងកំណើន១៤,៣%។ នៅពេលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកកាលពីខែតុលា អេស្ប៉ាញសន្យាផ្ដល់វិភាគទានកើនឡើងលើសមុន៣៧%។ មានន័យថានឹងផ្ដល់ប្រាក់វិភាគទាន៤២៣លានដុល្លារចាក់បញ្ចូលទៅក្នុងមូលនិធិ។ រីឯដាណឺម៉ាកសន្យាកាលពីខែកញ្ញាថាខ្លួនក៏នឹងបង្កើនវិភាគទាន៤០%លើសមុនផងដែរជាមួយនឹងទឹកប្រាក់៤៩២លានដុល្លារ៕
ចែករំលែកព័តមាននេះ