ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក​នៅ​សៀមរាប​ ហាម​ធ្វើ​ប្រទីប​ពី​ស្នោ​ដាក់​​លក់

2 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ឆ្នាំ​នេះ​ ខេត្តសៀមរាប​នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា ២០២៤ ។ មាន​ទូក​ចំនួន​៣០​នឹង​ចូលរួម​ប្រណាំងប្រជែង ។…

ខេត្តសៀមរាប​៖ ឆ្នាំ​នេះ​ ខេត្តសៀមរាប​នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា ២០២៤ ។ មាន​ទូក​ចំនួន​៣០​នឹង​ចូលរួម​ប្រណាំងប្រជែង ។ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​បច្ចេកទេស និង​ទិដ្ឋភាព​ទូទៅ​ក្នុង​ក្រុង​សៀមរាប សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ ព្រះ​ខែ អកអំបុក​ឱ្យ​មាន​ភាព​រលូន​ប្រកបដោយ​សុខ​សុវត្ថិភាព មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​និង​បរិស្ថាន​ល្អ​សម្រាប់​ទាំងអស់​គ្នា ។

ពិធី​នេះ​ក្រោម​កិច្ច​ដឹកនាំ​របស់​លោក​ប្រាក់ សោភ័ណ អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​លោក លោក​ជំទាវ ជា​ប្រធាន​អនុ​គណៈកម្មការ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ​ក្រុង ស្រុក និង មេបញ្ជាការ បញ្ជាការ​រង ស្នងការ​នគរបាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង វិស័យ​ឯកជន​ផង​ដែរ ។

លោក​ប្រាក់ សោភ័ណ ថ្លែង​ថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៤​នេះ នឹង​រៀបចំ​ធ្វើ​ឡើង​តាម​បណ្តោយ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ចាប់ពី​ស្ពានថ្ម​អតីត​មន្ទីរ​ទេសចរណ៍​រហូត​ដល់​ស្ពាន​អាង​ក្រពើ​ដោយ​មាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ដូច​ជា​ការ​ប្រកួត​ទូក​បុរស នារី ដោយ​មាន​ក្រុម​ទូក​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​និង​រដ្ឋបាល​ក្រុង ស្រុក ប្រកួត​បើក​ការ​ប្រណាំងទូក​ជា​កិត្តិយស​ក្នុង​ឆ្នាំ​២០២៤ ព្រមទាំង​មានការ​ប្រគំ​តន្ត្រី អកអំបុក បណ្តែតប្រទីប ការ​តាំងពិព័រណ៍​និង​កម្មវិធី​ជា​ច្រេ​ី​ន​ទៀត​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ព្រមទាំង​ភ្ញៀវ​ទេសចរ​បាន​ទស្សនា​កម្សាន្ត​សប្បាយ​និង​ឈ្វេងយល់​បន្ថែម​អំពី​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ខែ្ម​រ​យើង ដែល​បាន​បន្សល់​ទុក​តាំងពី​យូរលង់​ណាស់​មក​ហើយ និង​បាន​ចារឹក​ទុក​នៅ​តាម​ជញ្ជាំង​ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មា​ទៀត​ផង ។

លោក​ប្រាក់ សោភ័ណ បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ទៅ​លើ​រៀបចំ​ខ្លោងទ្វារ រំលេច​នូវ​អត្ត​សញ្ញាណ​របស់​ខេត្តសៀមរាប ក្នុង​ការ​ទាក់ទាញ​អារម្មណ៍​ដល់​មហាជន ភ្ញៀវ​ទេសចរ​ចូល​មក​បាន​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​នេះ ។ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កម្សាន្ត​សប្បាយ ត្រូវ​សហការ​សម្អាត​អនាម័យ បរិ​ស្ថាន ប្រមូល​សម្រាម​ទុកដាក់​ឱ្យ​ស្អាត​ជា​ប្រចាំ និង​ត្រូវ​ពិនិត្យ​មើល​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​សាធារណៈ និង​បញ្ហា​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត សម្រាប់​ឲ្យ​ដំណើរការ​ពិធី​ទៅ​ដោយ​រលូន និង​សប្បាយ​រីករាយ ។

លោក​អភិបាលខេត្ត​ស្នេ​ី​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ប្រទីប​លក់ គឺ​មិន​ឱ្យ​យក​ឧបករណ៍​ស្នោ​ធ្វើ​ឡើយ ដ្បិត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន គឺ​ត្រូវធ្វើ​ប្រទីប​ពី​ដើម​ចេក​វិញ ដែល​វា​មិន​បង្ក​ហា​នី​ភ័យ​ដល់​សោភ័ណ​ភាព​ដងស្ទឹង​នោះ​ឡើយ ។ ចំពោះ​រាល់​ស្តង់​លក់ដូរ​ទាំងអស់ ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មការ​រៀបចំ​ពិធី បុណ្យ​ចំពោះ​អនាម័យ​បរិស្ថាន តែបើ​មាន​ស្តង់​មួយ​ណា​បាន​បំពុលបរិស្ថាន​ដងស្ទឹង​នោះ គណៈកម្មការ​នឹង​បញ្ឈប់​មិន​ឱ្យ​លក់ដូរ​បន្ត​ទៀត​នោះ​ឡើយ ។

តាម​ការ​បញ្ជាក់​របស់​អនុ​គណៈកម្មការ​បច្ចេកទេស​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ឆ្នាំ​២០២៤ មាន​ទូក​ដែល​ដាក់​ពាក្យ​ប្រកួត ចំនួន​៣០​ទូក ទូក​នារី​មាន​៣​ទូក ចំនួន​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​២០២៣​ចំនួន​៣​ទូក ។ គណៈកម្មការ​បច្ចេកទេស បាន​រៀបចំ​ទូក​ចំនួន​៦​ទូក សម្រាប់​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក ចូលរួម​បើក​ការ​ប្រកួត​ថ្ងៃ​ដំបូង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ