ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើជ័យជម្នះលោក ត្រាំ នឹងបង្កជាសង្គ្រា.មពាណិជ្ជ​កម្ម​ពិភព​លោកដែរឬទេ?

8 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) បានប្ដេជ្ញាចិត្តលើយុទ្ធនាការរបស់លោកថា នឹងយកពន្ធលើទំនិញទាំងអស់នាំចូលមកសហរដ្ឋអាមេរិក បើលោកក្លាយជាម្ចាស់សេតវិមានសាជាថ្មី។…

សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) បានប្ដេជ្ញាចិត្តលើយុទ្ធនាការរបស់លោកថា នឹងយកពន្ធលើទំនិញទាំងអស់នាំចូលមកសហរដ្ឋអាមេរិក បើលោកក្លាយជាម្ចាស់សេតវិមានសាជាថ្មី។ ជាក់ស្តែងបន្ទាប់ពីជ័យជំនះរបស់លោក កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្តាធុរកិច្ច និងអ្នកសេដ្ឋកិច្ចជុំវិញពិភពលោកកំពុងតែព្យាយាមស្វែងយល់ថា តើការប្ដេជ្ញាចិត្តរបស់លោក ត្រាំ នឹងជះឥទ្ធិពលធ្ងន់ធ្ងរកម្រិតណាដល់ពាណិជ្ជកម្មពិភពលោក?

តាមប្រភពពីសារព័ត៌មាន BBC កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានឱ្យដឹងថា លោក ត្រាំ មើលឃើញថា ពន្ធពាណិជ្ជកម្ម គឺជាមធ្យោបាយសំខាន់មួយ សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិក ក៏ដូចជាកិច្ចការពារលើវិស័យការងារ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ។ នាពេលកន្លងមក លោកបានកំណត់គោលដៅពន្ធលើប្រទេសមួយចំនួន ដូចជាប្រទេសចិន ឬឧស្សាហកម្មមួយចំនួនពាក់ព័ន្ធគ្រឿងបន្លាស់ និងដែកជាដើម។ ប៉ុន្តែយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានសន្យាថានឹងយកពន្ធចាប់ពី ១០ ទៅ ២០% លើទំនិញបរទេសទាំងអស់ ដែលអាចប៉ះពាល់ដល់តម្លៃនៅទូទាំងពិភពលោក។

កាលពីខែមុន លោកបានបង្ហាញខ្លួននៅក្រៅតំបន់អឺរ៉ុប ហើយលើកឡើងថា «សហភាពអឺរ៉ុប ឬ EU ស្តាប់ទៅពិរោះខ្លាំងណាស់ គួរឱ្យស្រលាញ់ណាស់មែនទេ? ប្រទេសតូចៗនៅអឺរ៉ុបរួបរួមគ្នាល្អណាស់។ ពួកគេមិនយករថយន្តរបស់យើងទៅលក់ទេ។ ពួកគេមិនយកផលិតផលកសិកម្មរបស់យើងទេ។ តែពួកគេបានលក់រថយន្តរាប់លានគ្រឿងនៅសហរដ្ឋអាមេរិក។ ដូច្នេះពួកគេនឹងត្រូវបង់ថ្លៃដ៏ធំមួយ»។

ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សលំដាប់ពិភពលោករបស់អាល្លឺម៉ង់ BMW, Mercedes និង Volkswagen បានធ្លាក់ចុះពី ៥ ទៅ ៧% បន្ទាប់ពីការបញ្ជាក់អំពីជ័យជម្នះរបស់លោក ត្រាំ កាលពីថ្ងៃទី៦ ខែវិច្ឆិកា។ ដ្បិតសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតតែមួយគត់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ទាំងនោះ។

អំឡុងពេលយុទ្ធនាការឃោសនា លោក ត្រាំ បានថ្លែងថា ពន្ធ គឺជាចម្លើយចំពោះបញ្ហាជាច្រើន រួមទាំងការទប់ស្កាត់ប្រទេសចិន និងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ផងដែរ។ លោកបន្តថា ពន្ធ គឺជាពាក្យពិរោះបំផុតក្នុងវចនានុក្រម គឺជាអាវុធដែលលោកចង់ប្រើយ៉ាងច្បាស់។ ខណៈវោហាសាស្ត្រ និងសកម្មភាពភាគច្រើនរបស់លោក សំដៅទៅប្រទេសចិន ដែលមិនបញ្ចប់ត្រឹមនឹងហ្នឹងនោះទេ។

ក្រឡេកទៅ EU វិញ យុត្តាធិការមួយចំនួន កំពុងតែរៀបចំបញ្ជីសកម្មភាពទប់ទល់ជាមុនប្រឆាំងនឹងសហរដ្ឋអាមេរិករួចទៅហើយ បន្ទាប់ពីរដ្ឋមន្ត្រីប្រទេសមួយចំនួនមិនបានយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ នូវការគំរាមកំហែងពន្ធពីមុនរបស់លោក ត្រាំដែលក្រោយមកលោកបានប្រកាសដាក់ចេញការកំណត់ពន្ធ។ EU ចង់បានសម្ព័ន្ធមិត្តក្នុងសេដ្ឋកិច្ចពិភពលោក មិនមែនការចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មនោះទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអំណាចទូលំទូលាយខ្លាំងត្រូវបានប្រើប្រាស់ អឺរ៉ុបនឹងពិចារណាឆាប់រហ័សនូវការឆ្លើយតបរបស់ខ្លួន។

កាលពីមុន EU បានដាក់ពន្ធលើផលិតផលអាមេរិកល្បីៗដូចជាម៉ូតូ Harley Davidson, ស្រាវីស្គី Bourbon និង Levi’s ដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចពន្ធរបស់អាមេរិកលើដែកថែប និងអាលុយ​មីញ៉ូម។ ធនាគារកណ្តាលកំពូលនៃតំបន់ចាយប្រាក់អឺរ៉ូ បានឱ្យដឹងថា កាតព្វកិច្ចពន្ធរបស់អាមេរិកតែម្នាក់ឯង មិនមានអតិផរណានៅក្នុងទ្វីបអឺរ៉ុបនោះទេ ប៉ុន្តែវាអាស្រ័យលើប្រតិកម្មរបស់អឺរ៉ុបនឹងទៅជាយ៉ាងណា។

កាលពីខែមុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវិភាគថា ប្រសិនបើកើតមានសង្រ្គាមពាណិជ្ជ​កម្មដ៏ធំមួយ នោះនឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ៧% ឬស្មើនឹងទំហំនៃសេដ្ឋកិច្ចប្រទេស​បារាំង និងអាល្លឺម៉ង់ទាំងមូលរួមបញ្ចូលគ្នា៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ