ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ចង់​ឱ្យ​​អាមេរិក​កែ​ប្រែ​នយោ​បា​យខុស​ឆ្គង​របស់​ខ្លួន​នៅ​​អាណត្តិ​ថ្មី

1 ខែ មុន

ទី​ក្រុងតេអេរ៉ង់៖ ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានា​ធិបតី​​អាមេរិក​នៅ​អាណត្តិ​ថ្មី​ អ៊ីរ៉ង់​មិន​បាន​ផ្ញើ​សារ​អប​អរ​សាទរ​ទេ​ ប៉ុន្តែ​ក៏​មិន​សូវ​ហ៊ាន​ប្រើ​សម្ដី​ខ្លាំង​​ប៉ុន្មាន​ដែរ​។ រដ្ឋា​ភិបាល​ទីក្រុង​តេអេរ៉ង់​គ្រាន់​តែ​សង្ឃឹម​ថា​អាមេរិក​ចេះ​​កែ​ខ្លួន​ ហើយ​នឹង​ពិនិត្យ​មើល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ឡើង​វិញ​ដែល​អ៊ីរ៉ង់​ចាត់​ទុក​ថា​ជា​នយោបាយ​ខុស​ឆ្គង​​។​ ​កាល​ពី​ពេល​កាន់​អំណាច​អាណត្តិ​មុន​ (អំឡុង​ឆ្នាំ​២០១៧​-​២០២១​) លោក​ត្រាំ​ធ្លាប់​ផ្ដល់​មេរៀន​ដ៏​ល្វីង​ជូរ​ចត់​សម្រាប់​​អ៊ីរ៉ង់​​ម្ដង​ហើយ​។ កាល​នោះ…

ទី​ក្រុងតេអេរ៉ង់៖ ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានា​ធិបតី​​អាមេរិក​នៅ​អាណត្តិ​ថ្មី​ អ៊ីរ៉ង់​មិន​បាន​ផ្ញើ​សារ​អប​អរ​សាទរ​ទេ​ ប៉ុន្តែ​ក៏​មិន​សូវ​ហ៊ាន​ប្រើ​សម្ដី​ខ្លាំង​​ប៉ុន្មាន​ដែរ​។ រដ្ឋា​ភិបាល​ទីក្រុង​តេអេរ៉ង់​គ្រាន់​តែ​សង្ឃឹម​ថា​អាមេរិក​ចេះ​​កែ​ខ្លួន​ ហើយ​នឹង​ពិនិត្យ​មើល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ឡើង​វិញ​ដែល​អ៊ីរ៉ង់​ចាត់​ទុក​ថា​ជា​នយោបាយ​ខុស​ឆ្គង​​។​

​កាល​ពី​ពេល​កាន់​អំណាច​អាណត្តិ​មុន​ (អំឡុង​ឆ្នាំ​២០១៧​-​២០២១​) លោក​ត្រាំ​ធ្លាប់​ផ្ដល់​មេរៀន​ដ៏​ល្វីង​ជូរ​ចត់​សម្រាប់​​អ៊ីរ៉ង់​​ម្ដង​ហើយ​។ កាល​នោះ លោក​បាន​​ដាក់​សម្ពាធ​ដល់​កម្រិត​កំពូល​ទៅ​លើ​របប​នេះ​។ ដូច្នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​យើង​ធ្លាប់​មាន​បទ​ពិ​សោធ​ជូរ​ចត់​ណាស់​ជា​មួយ​​នយោបាយ​របស់​រដ្ឋា​ភិបាល​អាមេរិក​ជា​ច្រើន​សម័យ​កាល​​កន្លង​មក​ហើយ​កាល​ពី​អតីត​កាល​។ ​ជ័យ​ជម្នះ​របស់​លោក​ត្រាំ​លើក​នេះ​ជា​ឱកាស​កែ​សម្រួល​នយោ​បាយ​ខុស​ឆ្គង​ទាំង​នោះ​​ឡើង​វិញ​។

អ៊ីរ៉ង់​ និង​អាមេរិក​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​នៅ​ពេល​អ៊ីរ៉ង់​ធ្វើ​បដិវត្ត​ឥស្លាម​ផ្ដួល​រំលំ​របប​រាជា​និយម​ដែល​លម្អៀង​ទៅ​ខាង​ក្រុម​បស្ចិម​ប្រទេស​។ ​ទំនាស់​នេះ​ឈាន​ដល់​ដំណាក់​កាល​ស្រួច​ស្រាល់​​បំផុត​​នៅ​ពេល​លោ​កត្រាំ​ឡើង​កាន់​អំណាច​កាល​ពី​អំឡុង​ឆ្នាំ​២០១៧​-២០២១​។ កាល​ពី​មុន​ពេល​ដឹង​ថាលោក​ត្រាំ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី អ៊ីរ៉ង់​ធ្វើ​ជា​មិន​ចាប់​អា​រម្មណ៍​នឹង​ការ​បោះ​ឆ្នោត​នេះ​ទេ​ដោយ​ចាត់​ទុក​ថា​ជា​រឿង​មិន​សំខាន់​។

ប្រហែល​ជា​អ៊ីរ៉ង់​រង់​ចាំ​អ៊ុត​លទ្ធ​ផល​ឆ្នោត​សិន ​មុន​នឹង​ធ្វើ​អត្ថា​ធិប្បាយ​ ព្រោះ​មិន​ដឹង​ថា​លោក​ស្រី​ហារីស ឬ​លោក​ត្រាំ​នឹង​ទទួល​ជ័យ​ជម្នះ​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្លែង​ថា​នយោបាយ​របស់​អាមេរិក​ និង​អ៊ីរ៉ង់​នៅ​រក្សា​ជំហរ​ដដែល​មិន​ប្រែ​ប្រួល​ទេ​។ ​ដូច្នេះ​ទោះ​បី​នរ​ណា​ឈ្នះ​ឆ្នោត​ឡើង​មក​កាន់​អំណាច​ក៏​គ្មាន​បញ្ហា​។ ផែន​ការ​ត្រូវ​បាន​កំណត់​រួច​ហើយ​។ ដូច្នេះ គ្មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ​នៅ​ក្នុង​ជី​វិត​រស់​នៅប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​។

កាល​ពី​ពេល​លោ​ក​ត្រាំ​កាន់​អំណាច​អាណត្តិ​មុន លោក​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ថយជា​​ឯក​តោ​ភាគី​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​​ឆ្នាំ​២០១៥ ហើយ​ដាក់ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​យ៉ាង​ធ្ងន់​ធ្ងរ​ ធ្វើ​ឱ្យ​អ៊ីរ៉ង់​មិន​អាច​នាំ​ប្រេង​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បាន​ឡើយ​។ ក្រោយ​ម​ក​នៅ​ឆ្នាំ​២០​២០​ លោក​ត្រាំ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​មេ​បញ្ជា​ការ​កំពូល​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ឈ្មោះ​កាសេម សូ​ឡេ​ម៉ានី​នៅ​លើ​ទឹក​ដី​អ៊ីរ៉ាក់​ដោយ​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​បាញ់​ចេញ​ពី​យន្ត​ហោះ​ដ្រូន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ