រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអោយដឹងថា ករណីរំដោះអ្នកទោសចេញពីពន្ធនាគារខេត្តស្វាយរៀង កាលពីវេលាម៉ោង១៦និង៤០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយឈ្មោះ ហ្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម បានមកសួរសុខទុកឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខ បានប្រហែល៥នាទី ឈ្មោះ ហ្វៀង ឌីងទន់ បានដើរចេញមកខាងក្រៅ រួចឈ្មោះ ង្វៀង តុងហ្វឹង រត់មកតាមក្រោយដោយបានយកកាំភ្លើង ១ដើម (មិនចាំម៉ាក) ពីឈ្មោះ ហ្វៀង ឌីងទន់ ធ្វើការភ្ជុងទៅលើមន្ត្រីការពារ រួចបានឡើងម៉ូតូ ធ្វើការរត់គេចខ្លួន ។
ក្រោយពីទទួលបានព័ត៌មានខាងលើ និងដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា លោកវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវទណ្ឌិត និងបក្ខពួក នាំមកផ្តន្ទាទោស ។
ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការ និងផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចវៀតណាម ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យ ទាំង២នាក់ ម្នាក់ជាទណ្ឌិត ដែលត្រូវរំដោះ និងម្នាក់ ដែលជាអ្នកមករំដោះ ។
បច្ចុប្បន្ន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសហការជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
សូមជម្រាបដែរថា «អគ្គនាយកដ្ឋានពន្ធនាគារ ៖ ករណីអ្នកទោសជនជាតិវៀតណាមរត់ចេញពីពន្ធនាគារមកពីមន្ត្រីយាមកាមមិនចាក់សោសុវត្ថិភាព» អគ្គនាយកដ្ឋានពន្ធនាគារ បានគូសបញ្ជាក់ថា ករណីអ្នកទោសជនជាតិវៀតណាម រត់ចេញពីពន្ធនាគារនៅខេត្តស្វាយរៀង មកពីមន្ត្រីយាមកាមមានការធ្វេសប្រហែស មិនបានចាក់សោរសុវត្ថិភាព នៅពេលអ្នកទោសនោះ ជួបជាមួយគ្រួសារ ។
យោងតាមលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផ្អែកលើការផ្សាយរបស់សារព័ត៌មាន ពាក់ព័ន្ធករណីអ្នកទោសជនជាតិវៀតណាមម្នាក់ ដែលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង បានរត់គេចចេញពីពន្ធនាគារ កាលពីវេលាម៉ោង១៦និង៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់តាំងក្រុមការងារជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ។ អគ្គនាយកដ្ឋានពន្ធនាគារ បានពិនិត្យឃើញថា ខ្លឹមសារមួយចំនួនដែលបានចុះផ្សាយលើបណ្តាញសារព័ត៌មាន មិនបានឆ្លុះបញ្ចាំង នូវការពិតទាំងស្រុងអំពីហេតុការណ៍ជាក់ស្តែង ក្នុងអំឡុងពេលកើតហេតុនោះឡើយ ។
ប្រភពបានលើកឡើងថា ដើម្បីចៀសវាងការភ័ន្តច្រឡំពីសំណាក់សាធារណៈជន និងមជ្ឈដ្ឋានទូទៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺថា អគ្គនាយកដ្ឋានពន្ធនាគារ ទទួលស្គាល់ថា ពិតជាមានហេតុការណ៍ជនជាប់ឃុំជនជាតិវៀតណាមម្នាក់ ឈ្មោះ ង្វៀង តុងហ្វឹង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពិតប្រាកដមែន ។
អគ្គនាយកដ្ឋានពន្ធនាគារបានអះអាងថា ការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោស ចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោស នោះទេ ។
ជនជាប់ឃុំជនជាតិវៀតណាម ឈ្មោះ ង្វៀង តុងហ្វឹង (NGUYEN TRONG NGUYEN) បានធ្វើសកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេលដែលមន្ត្រីយាមកាមមានការធ្វេសប្រហែស មិនបានចាក់សោសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់សំដៅទៅគូកន ដែលបានរង់ចាំជាស្រេច និងបានយកអាវុ.ធខ្លី ពីគូកនតម្រង់គំរា.មទៅមន្ត្រី ដែលដេញតាមពីក្រោយ រួចហើយឡើងជិះម៉ូតូ ដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅ ជិះគេចខ្លួនបាត់ទៅ ។
អគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈ្មោះ ង្វៀង តុងហ្វឹង (NGUYEN TRONG NGUYEN) មកវិញ រួមទាំងគូកន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ