ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែរនៅក្នុងខេត្តត្រាវិញរបស់ វៀតណាមនឹងប្រគេនដល់វត្តពោធិគិរីវង្សារាមក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ដង្ហែរ​នៅ​ក្នុង​ខេត្ត​ត្រា​វិញ ពេល​នេះ​ក្រៅពី​ប្រគេន​ដល់​វត្ត​ពោធិ​គិរី​វង្សា​រាម​ហើយ​នោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ដង្ហែរ​នៅ​ក្នុង​ខេត្ត​ត្រា​វិញ ពេល​នេះ​ក្រៅពី​ប្រគេន​ដល់​វត្ត​ពោធិ​គិរី​វង្សា​រាម​ហើយ​នោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា ។

សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ក្នុង​ពិធីសូត្រមន្ត អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដ​ង្គែ​ទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​រសៀល ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញ​ក្នុង​ពិធីសូត្រមន្ត អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដ​ង្គែ​ទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិមាន​៧ មក​រា (​ស្នាក់​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​)​។

ពិធី​បែប​សាសនា​នៃ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ដង្ហែ​ឆ្ពោះទៅ​វត្ត​ខ្មែរក្រោម​នា​រសៀល​ថ្ងៃនេះ ប្រព្រឹត្ត​ទៅ​នៅ​វិមាន​៧ មក​រា ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ។

ក្នុង​ពិធី​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត ។

ពិធី​បែប​សាសនា​នៃ​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ដង្ហែ​ទៅ​កាន់​ខ្មែរក្រោម​នា​ពេល​នេះ​បាន​ប្រព្រឹត្ត​ទៅ​តាម​លំដាប់លំដោយ​បែបបទ​ប្រពៃណី​របស់​ខ្មែរ​រួម​មាន ពិធី​ក្រុង​ពាលី ពិធី​ចម្រើន​ព្រះ​បរិត្ត និង​ការ​សម្តែង​ព្រះ​ធម្ម​វិសេស​ទេសនា​ដោយ​សម្តេចព្រះ​វនរ័ត កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក ព្រះសង្ឃ​នាយករង​ទី​២ នៃ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ អង្គ​កឋិនទាន​នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​«​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​» ព្រោះ​ជា​អង្គ​ឋិ​ន​កើតឡើង​ដោយ​ការ​រួបរួម​ដ៏​អស្ចារ្យ​រវាង​ស្ថាប័ន​ពុទ្ធចក្រ និង​អាណាចក្រ ហើយ​អាណាចក្រ​ទៀត​សោត គឺ​មានការ​ចូលរួម​ទាំង​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ។

តាម​កម្មវិធី​បុណ្យ​បន្ទាប់​ពី​ការ​រៀបចំ​ពិធី​សាសនា​នា​រសៀល​ថ្ងៃនេះ​រួចរាល់​ហើយ​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែវិច្ឆិកា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន នឹង​ដឹកនាំ​ដង្ហែ​អង្គ​កឋិនទាន​ឆ្ពោះទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ហៅ​វត្ត​ស្វាយ​សៀម ដែល​គ្រោង​ដល់​វត្ត​នៅ​ពេល​រសៀល ។ លុះ​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​រៀបចំ​ប្រគេន​យាគូ​ព្រះសង្ឃ​នៅ​វត្ត​ស្វាយ​សៀម​ថ្មី បន្ទាប់​មក​ដង្ហែ​អង្គ​កឋិនទាន​ប្រទក្សិណ​ជុំវិញ​ព្រះ​វិហារ និង​វេរ​ប្រគេន​អង្គ​កឋិនទាន​ដល់​ព្រះសង្ឃ​។

សូម​ជម្រាប​ថា នៅ​ខ្មែរក្រោម​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​ទី​អារាម​រហូត​ដល់​ទៅ​៤៦១​វត្ត ដោយឡែក​នៅ​ខេត្ត​ត្រា​វិញ មាន​វត្ត​ចំនួន​១៤៣​វត្ត ។ បច្ច័យ​បាន​ពី​ពិធីបុណ្យ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​នា​ពេល​នេះ ក្រៅពី​ប្រគេន​ដល់​វត្ត​ពោធិ​គិរី​វង្សា​រាម​ហើយ​នោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ