ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត​សំបកណែម​ចាស់វស្សា​ម្នាក់​​អាច​នឹង​បញ្ចប់​មុខរបរ​ត​ត្រកូល​នេះ​ត្រឹម​​ជំនាន់​ទី​៤       

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  អ្នក​ផលិត​សំបកណែម​ដ៏​ល្បី និង​បន្ត​ច្រើន​ជំនាន់​មួយ​គ្រួសារ​​ក្នុង​ចំណោម​រាប់​សិប​គ្រួសារបាន​ព្រលយ​ពាក្យ​ថា «​ខ្ញុំ​…ប្រហែល​អាច​នឹង​បញ្ចប់​មុខរបរ​ត​ត្រកូល​នេះ​ត្រឹម​​ខ្ញុំក្នុង​ជំនាន់​ទី​០៤​នេះ​ហើយ បើ​កូន​ៗ​ជំនាន់​ក្រោយ​សម្រេច​ចាប់​យកមុខ​របរ​ផ្សេង​ៗ»​ ។  នេះ​ជា​សម្រង់​សម្ដី​របស់​អ្នក​ផលិត​សំបក​ណែម​ដ៏​ល្បី និង​ចាស់វស្សា​ម្នាក់​​នៅ​ភូមិ​ដូនទាវ សង្កាត់​ក្ដុល​ដូនទាវ…

ខេត្តបាត់ដំបង ​៖  អ្នក​ផលិត​សំបកណែម​ដ៏​ល្បី និង​បន្ត​ច្រើន​ជំនាន់​មួយ​គ្រួសារ​​ក្នុង​ចំណោម​រាប់​សិប​គ្រួសារបាន​ព្រលយ​ពាក្យ​ថា «​ខ្ញុំ​…ប្រហែល​អាច​នឹង​បញ្ចប់​មុខរបរ​ត​ត្រកូល​នេះ​ត្រឹម​​ខ្ញុំក្នុង​ជំនាន់​ទី​០៤​នេះ​ហើយ បើ​កូន​ៗ​ជំនាន់​ក្រោយ​សម្រេច​ចាប់​យកមុខ​របរ​ផ្សេង​ៗ»​ ។  នេះ​ជា​សម្រង់​សម្ដី​របស់​អ្នក​ផលិត​សំបក​ណែម​ដ៏​ល្បី និង​ចាស់វស្សា​ម្នាក់​​នៅ​ភូមិ​ដូនទាវ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​ ។

​ក្នុង​សកម្មភាព​ដ៏​មមារញឹក​បែកញើស​ជោកខ្លួន ​គ្មាន​ទេ​អាវ​ពាក់  ស្លៀក​ត្រឹម​​តែ​ខោខ្លី​ជាប់​ចង្កេះ​ប៉ុណ្ណោះ​ ។ លោក សុត ចាប អាយុ​៦៣​ឆ្នាំ  ហាក់​គ្មាន​ពេល​នៅ​ស្ងៀម​ឈរ​និយាយ​ជាមួយ​ភ្ញៀវ​ទេ ​។  ប៉ុន្តែ​គាត់​នៅ​តែ​អាច​ឆ្លៀត​ឱកាស​បន្តិច​ប​ន្តួច​លើកដៃ​ស្វា​គម​ន៍​ភ្ញៀវ ​ដែល​បាន​ចូល​ទៅ​ដល់​កន្លែង​ផលិត​សំបកណែម​របស់​គាត់​ ។

​ជួប​ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា  គាត់​បាន​ផ្ដល់​បទ​សម្ភាសន៍​​បណ្ដើរ​លើក​សំបក​ណែម​យក​ទៅ​រៀប​ហាល​លើ​ផ្ដិលប្ញ​ស្សី​បណ្ដើរ​ដែល​ភាគច្រើន​នៃ​ការ​លើក​ឡើង​របស់​គាត់​ គឺ​ត្អូញត្អែរ​ពី​ការ​ហត់នឿយ  សំបក​ណែម​គ្មាន​ទីផ្សារ ចំណាយ​ទុន​ច្រើន តែ​ចំណេញ​តិច ។ គាត់​គ្រវីក្បាល​រួច​ពោល​ថា «​ខ្ញុំ​ហត់នឿយ​ហើយ នឹង​មុខរបរ​ត​ត្រកូល​បែប​ប្រពៃណី​ជា​ច្រើន​ជំនាន់​នេះ​ ។  ព្រោះ​បើ​គិត​មក​ដល់​ពេល​នេះ ជាង​៤០​ឆ្នាំ​ហើយ ដែល​គ្រួសារ​ខ្ញុំ​ប្រកប​មុខរបរ​ធ្វើ​សំបក​ណែម​បន្ត​ពី​ដូនតា​» ​។ ​

មុខរបរ​ធ្វើ​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ គឺជា​មុខរបរ​ត​ត្រកូល​ច្រើន​ជំនាន់​កន្លង​មក​ហើយ​ ។  ហើយ​នៅ​ក្នុង​ខេត្តបាត់ដំបង​នេះ​មាន​តែ​អ្នក​ភូមិ​ដូនទាវ​ប៉ុណ្ណោះ ដែល​ប្រកប​មុខរបរ​បែប​ប្រពៃណី​នេះ​ ។  បច្ចុប្បន្ន ​គ្រួសារ​ខ្លះ​នៅ​តែ​បន្ត​ចាប់​យកមុខ​របរ​នេះ ​រហូត​មក​ដល់​សព្វថ្ងៃ  តែ​ក៏​មានគ្រួសារ​ខ្លះ​បាន​បោះបង់​ចោល​ដែរ​ ។

​បើ​តាម​អ្នក​ផលិតសំបក​ណែម​នៅ​ភូមិ​ដូនទាវ​បាន​និយាយ​ថា មុខរបរ​ធ្វើ​សំបក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ គឺជា​មុខរបរ​បែប​ប្រពៃណី​ដែល​បន្សល់​ទុក​ពី​ដូនតា​ច្រើន​ជំនាន់​មក​ ។   សព្វថ្ងៃ​ការ​ផលិត​សំបក​​ណែម​របស់​អ្នក​ភូមិ​ដូនទាវ​កាន់តែ​ស្ដូ​ច​ស្ដើង​ទៅ​ស្ដូ​ច​ស្ដើ​រ​ទៅ​ហើយ​ ដោយសារ​តែ​គ្មាន​ទីផ្សារ​ ។  ចំណាយ​ដើម​និង​កម្លាំង​ពលកម្ម​ច្រើន  តែ​ចំណេញ​តិច​ ។ ​អ្នក​ភូមិ​បាន​លើក​ឡើង​ថា ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​ផលិត​សំបក​ណែម​នៅ​មាន​ច្រើន​គ្រួសារ​ដែរ  តែ​សព្វ​ថ្ងៃនេះ​ មាននៅ​សេស​សល់​ប្រហែល​ជាង​១០​គ្រួសារ​ប៉ុណ្ណោះ ដែល​តស៊ូ​ប្រកប​មុខរបរ​ត​ត្រកូល​បែប​ប្រពៃណី​នេះ​ ។

​ពួក​គេ​បាន​បញ្ជាក់​ថា មូលហេតុដែល​នៅ​មានគ្រួសារ​មួយ​ចំនួន​បន្ត​ប្រកប​មុខរបរ​នេះ ក៏​ព្រោះតែ​ពួក​គេ​គ្មាន​មុខរបរ​ផ្សេង​ ។  ហើយ​បើ​មិន​ធ្វើ​សំបក​ណែម​មាន​តែ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​កម្មករ ​។​ ពាក់ព័ន្ធ​នឹង​ទីផ្សារ​សម្បក​ណែម​របស់​អ្នក​ភូមិ​ដូនទាវ​នេះ  បើ​តាម​លោក សុត ចាប  ដែល​ជា​អ្នក​ធ្វើ​សំបក​ណែម​បន្ត​ត្រកូល​០៤​ជំនាន់​បាន​និយាយ​ថា តំលៃ​សំបក​​ណែម​នៅ​ទ្រឹង​ដដែល​ ។ 

មួយ​ដុំ​មាន​១០០​សន្លឹក លក់​បាន​តំលៃ​ត្រឹម​ចន្លោះ​ពី​៧,០០០​រៀល ទៅ​១០,០០០​រៀល​ប៉ុណ្ណោះ ខណៈ​តំលៃ​វត្ថុធាតុដើម សម្រាប់​ផលិត​សម្បក​ណែម (​អង្ករ និង​អង្កាម​ដុត ) ចេះ​តែ​ឡើងថ្លៃ​រហូត​ ។  អ្នក​ផលិត​សំបក​​ណែម​ចាស់​វ​ស្សរូប​នេះ បាន​រំលឹក​ដូច្នេះ​ថា​ «​តាំងពី​ដូនតា​ខ្ញុំ ​មាន​ប្រវត្តិ​ធ្វើ​សំបកណែម​នេះ ​ជាង​១៣០​ឆ្នាំ​កន្លង​មក​ហើយ​ ។ 

ហើយ​នេះ​ជា​ជំនាន់​ទី​០៤​ដែល​គ្រួសារ​ខ្ញុំ បាន​និង​កំពុង​ធ្វើ​រាលថ្ងៃ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៨៣ បើ​គិតដល់​ឆ្នាំ​២០២៤​នេះ គ្រួសារ​ខ្ញុំ​ប្រកប​មុខរបរ​នេះ​អស់​រយៈ​៤១​ឆ្នាំ​ហើយ​ ។  ឆ្នាំ​នេះ ​ខ្ញុំ​មាន​អាយុ​ជាង​៦០​ឆ្នាំ ធ្វើសំបក​ណែម​តាំងពី​នៅ​តូច​ជំនាន់​ដូនតា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ។   ដូច្នេះ​ ខ្ញុំ​នឿយណាយ នឿយហត់​ណាស់ ប្រហែល​មិន​អាច​តស៊ូ​បន្ត​មុខរបរ​ត​ត្រកូល​នេះ​តទៅ​ទៀត​បាន​ទេ ​។  ព្រោះ​ទីផ្សារ​សំបកណែម​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ហាក់​មិនល្អ​ប្រសើរ​សោះ ម្យ៉ាង​ខ្លួន​ក៏​កាន់តែ​ចាស់​គ្មាន​កម្លាំង​»​ ។

​សំនួរ​៖ បើ​ថ្ងៃ​ណាមួយ​លោកពូ​ឈប់​មិន​បន្ត​មុខរបរ​នេះ​ទៀត​ទេ តើ​ត្រូវ​ប្រគល់​ឲ្យ​កូន​ៗ​ជា​អ្នក​បន្តវេន ប្រកប​មុខរបរ​នេះ​ឬ​យ៉ាងណា ?   ចម្លើយ​៖  លោក សុត ចាប គ្រវីក្បាល ជាមួយនឹង​ពាក្យ​ថា «​ទេ​..! ប្រហែល​ពួក​គេ​មិន​ធ្វើ​ទេ​ ។  ក្រោយ​បញ្ចប់​ការ​សិក្សា ពួក​គេ​នឹង​រក​ការងារ​ធ្វើ​ផ្សេង​ពី​នេះ​ហើយ​។  ការងារ​ធ្វើ​សំបក​ណែម​នេះ ហត់នឿយ​ណាស់​ ។  ពួក​គេ​ឃើញ​ស្រាប់​ហើយ ខ្ញុំ​ធ្វើ​រាល់ថ្ងៃ គឺ​ហត់​ណាស់​..!  ដូច្នេះ​ពួក​គេ​មិន​ធ្វើ​ទេ​»​ ។​

សំនួរ​៖ បើ​កូន​ៗ មិន​បន្ត​មុខរបរ​ត​ត្រកូល​នេះ​ពី​លោកពូ​ទេ តើ​លោកពូគិត​ប្រកប​មុខរបរ​ត​ត្រកូល​ជាង​១៣០​ឆ្នាំ​នេះ​តទៅ​ទៀត ​ឬ​ត្រូវ​សម្រាក ?  ចម្លើយ​៖  គាត់​គ្រវីក្បាល​…  ជាមួយនឹង​ប​ន្លើ​សំណើច​តិច​ៗ រំលេច​ចេញ​នូវ​ស្នាមញញឹម​ដ៏​សោះកក្រោះ​ផង ហើយ​ពោល​ថា « មិនយូរ​ទេ ..! ខ្ញុំ​អាយុ​កាន់តែ​ច្រើន​ហើយ ធ្វើ​ការងារ​នេះ​ក៏​ច្រើន​ឆ្នាំ​ដែរ​ ។  នេះ​ជា​មុខរបរ​បន្ត​ពី​ដូនតា​មក ​។  ខ្ញុំ​ធ្វើ​សំបក​ណែម​នេះ​តាំងពី​តូច​មក  បើ​គិត​មក​ដល់​ជំនាន់​ខ្ញុំ គឺជា​ជំនាន់​ទី​០៤​ហើយ​ ។  ដូច្នេះ​ បើ​កូន​ៗ​ខ្ញុំ​មិន​អាច​បន្ត​មុខរបរ​ត​ជំនាន់​នេះ​បាន​ទេ ប្រហែល​ត្រូវ​បញ្ចប់​ត្រឹម​​ខ្ញុំ​ជំនាន់​ទី​០៤​នេះ​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ