ខេត្តប៉ៃលិន ៖ សួនផ្កាឈូករ័ត្នមួយកន្លែងជាប់នឹងផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ កំពុងតែបង្កភាព ទាក់ទាញចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរក្នុងស្រុក និងប្រជាពលរដ្ឋក្បែរៗនោះ គួរឱ្យកត់សម្គាល់ ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនតែម្តង ដែលធ្វើឱ្យភ្ញៀវភាគច្រើន នាំគ្នាចូលទៅលេងកម្សាន្ត នាថ្ងៃចុងសប្តាហ៍ ថតរូបសែលហ្វ៊ី ដើម្បីបំបាត់ភាពតានតឹងក្នុងអារម្មណ៍។

បើតាមប្រភពព័ត៌មានពីមេការចម្ការម្នាក់ ឈ្មោះ ណាវ៉ាត់ ភេទប្រុស បានរៀបរាប់ឱ្យដឹងថា ការដាំដើមផ្កាឈូករ័ត្ននេះ មានចំនួនជិត១ហិកតា ដោយដំបូងឡើយ ម្ចាស់ចំការដាំដើមផ្កានេះ សាក
ល្បងក្នុងការយកគ្រាប់លក់ឱ្យឈ្មួញទិញយកទៅលីងដាក់លក់ហូបប៉ុណ្ណោះ។

តែក្រោយពីដាំបានរយៈពេលជិត១ខែ ធ្វើឱ្យដើមផ្កាឈូករ័ត្ន កាន់តែមានសម្រស់រីកស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ក៏ឃើញមានភ្ញៀវទេសចរ ក្នុងក្រុងប៉ៃលិន ចូលទៅអង្គុយលេង និងអ្នកខ្លះថតរូប សែលហ្វ៊ីបង្ហោះលេង នៅលើបណ្តាញសង្គម ដែលមើលទៅរូបភាពកាន់តែឆ្លុះនឹងផ្កា ស្រស់ស្អាត ទើបម្ចាស់រៀបចំ លក់សំបុត្រចូលទៅទស្សនាលេងតែម្តង។

ប្រភពបន្តទៀតថា ម្ចាស់ចំការលក់សំបុត្រឱ្យភ្ញៀវដែលចូលទៅថតរូប និងទស្សនាកម្សាន្ត ក្នុង១នាក់ តម្លៃ២០០០រៀល ដែលរហូតមកដល់ពេលនេះ ក្នុង១ថ្ងៃៗ មានភ្ញៀវទេសចរ និងប្រជាពល រដ្ឋសាមញ្ញ ព្រមទាំងមន្ត្រីរាជការមួយចំនួន ក៏ចូលទៅថតសែលហ្វ៊ីផងដែរ។ លើសពីនេះ មេការចម្ការ ផ្កាឈូករ័ត្នបង្ហើបឱ្យដឹងថា ម្ចាស់ចម្ការ នឹងត្រៀមដាក់ដាំច្រើនបន្ថែមទៀត ហើយក៏រៀបចំលក់គ្រឿង ហូបគ្រប់មុខ ឱ្យភ្ញៀវនៅលើដីចម្ការរបស់ខ្លួន ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ហើយបើសិនជាមានភ្ញៀវចូលទៅលេងកាន់តែច្រើន ម្ចាស់ចម្ការខាងលើ នឹងត្រៀមប្រឌិតបង្កើតអ្វីប្លែកៗ ទៀតនៅក្នុងចម្ការនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទៅលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។

បើតាមប្រភពព័ត៌មានពីភ្ញៀវម្នាក់ ឈ្មោះ ខន សុខា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងខេត្តប៉ៃ ន បានឱ្យដឹងថា ៖ បន្ទាប់ពីឃើញមានអ្នកថតរូបសួនផ្កាឈូករ័ត្នបង្ហោះនៅលើបណ្តាញសង្គម មានស ភាពស្រស់ស្អាតគួរឱ្យចង់គយគន់ ទើបលោកបាននាំប្រពន្ធកូន ចូលទៅថតលេងកម្សាន្តនា ថ្ងៃចុងសប្តាហ៍កន្លងទៅ ដែលមើលទៅគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ពេលចូលទៅ ដល់ភ្លាម សួនផ្កា១ នេះពិតជាធ្វើឱ្យរូបគាត់សប្បាយរីករាយ និងស្រស់ស្រាយ បំបាត់ភាពតានតឹង ក្នុងខ្លួនផងដែរ។

ចំណែកភ្ញៀវដទៃទៀត ដែលនិយមចូលចិត្តផ្កា ក៏នាំគ្នាជិះម៉ូតូ និងរថយន្តជាលក្ខណៈគ្រួសារ ចូលទៅថតរូបបង្ហោះក្នុងបណ្តាញ និងអង្គុយលេងតាំងពីរសៀលរហូតដល់ពេលល្ងាច ទើបនាំគ្នា ត្រឡប់មកផ្ទះវិញ៕


ចែករំលែកព័តមាននេះ