ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​កណ្ដុរ​អាំង​ដ៏​ល្បី​ម្នាក់​សម្រេច​ចាប់​យក​អាជីព​នេះ​មួយ​ជីវិត​ បើ​ទោះជា​ជួប​ឧ​ប​សគ្គ​ទីផ្សារ​​ខ្លះ​ៗ​ក្ដី

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ​«​ខ្ញុំ​ប្រកប​មុខរបរ​លក់​សត្វ​កណ្ដុរ​អាំង​នេះ​អស់​រយៈពេល​១៨​ឆ្នាំ​កន្លង​មក​ហើយ​ ។ ហើយ​ខ្ញុំ​ក៏​ប្រហែល​នឹង​សម្រេចចិត្ត​ថា នឹង​ចាប់​យក​អាជីព​នេះ​អស់​មួយ​ជីវិត​ដែរ  ព្រោះ​មុខរបរ​លក់​កណ្ដុរ​អាំង​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​ធូរធា​គ្រាន់បើ បើ​ទោះជា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ទីផ្សារ​កណ្ដុរ​អាំង​ជួប​ឧ​ប​សគ្គ​ទីផ្សារ​ខ្លះ​ៗ​ក្ដី​»​…

ខេត្តបាត់ដំបង ​៖ ​«​ខ្ញុំ​ប្រកប​មុខរបរ​លក់​សត្វ​កណ្ដុរ​អាំង​នេះ​អស់​រយៈពេល​១៨​ឆ្នាំ​កន្លង​មក​ហើយ​ ។ ហើយ​ខ្ញុំ​ក៏​ប្រហែល​នឹង​សម្រេចចិត្ត​ថា នឹង​ចាប់​យក​អាជីព​នេះ​អស់​មួយ​ជីវិត​ដែរ  ព្រោះ​មុខរបរ​លក់​កណ្ដុរ​អាំង​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​ធូរធា​គ្រាន់បើ បើ​ទោះជា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ទីផ្សារ​កណ្ដុរ​អាំង​ជួប​ឧ​ប​សគ្គ​ទីផ្សារ​ខ្លះ​ៗ​ក្ដី​»​ ។ នេះ​ជា​សម្រង់​សម្ដី​ផ្ទាល់​របស់​អ្នកលក់​កណ្ដុរ​អាំង​ដ៏​ចាស់វស្សា​ម្នាក់ នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ ។

​ទំនង​ការពារ​កំ​ដៅ ឬផ្សែងហុយ​ចេញពី​ចង្អើរ​អាំង​កណ្ដុរ អ្នកស្រី អុល ស្រី​លក្ខ​ណ៍ បាន​យក​អាវ​ពាក់​ជា​ច្រើន​ជាន់ ឃ្លុំ​ក្រ​ម៉ា​មុខ​ផង ថែម​ទាំង​ពាក់មួក​ការពារ​កំ​ដៅ​មួយ​ជាន់​ទៀត​ផង  ឈរ​អាំង​កណ្ដុរ​យ៉ាង​ក្រហមច្រាល​នៅ​លើ​ចង្អើរ​ដ៏​មមារញឹក​មួយ  តែ​គេ​មិន​ទាន់​ឃើញ​មាន​អតិថិជន​ចូល​ទិញ​ទេ​ ។ ​ឆ្លៀតពេល​ទំនេរ​បែប​នេះ អ្នកស្រី អុល ស្រី​លក្ខ​ណ៍​ បាន​ផ្ដល់​បទ​សម្ភាស​ន៍​យ៉ាង​រាក់ទាក់​ជាមួយ​កោះសន្តិភាពជាមួយនឹង​ការ​លើក​បង្ហាញ​នូវ​សត្វ​ក​ណ្ដ​រ​អាំង​យ៉ាង​ក្រហម​រលោង​គូរ​ឲ្យ​ស្រក់ទឹកមាត់​ ។

​អ្នកស្រី​បាន​ប្រាប់​ថា «​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​លក់​កណ្ដុរ​អាំង​មិនសូវ​ដាច់​ទេ ថយ​ចុះ​ជាង​ឆ្នាំ​មុន​ៗ​ស្ទើរ​ពាក់កណ្ដាល​»​ ។ ​អ្នកស្រី​បាន​រំលឹក​ពី​ប្រវត្តិ​បន្តិច​យ៉ាង​ដូច្នេះ​ថា ​«​ខ្ញុំ​បង្កើត​អាជីព​លក់​កណ្ដុរ​អាំង​នេះ បើ​គិត​មក​ដល់​សព្វ​ថ្ងៃនេះ  មាន​រយៈពេល​១៨​ឆ្នាំ​ហើយ​ ។ ​កាល​ដំបូង​ៗ ខ្ញុំ​អាំង​កណ្ដុរ​លក់​ត្រឹម​តែ​មួយ​ថាស​ៗ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​លក់ដាច់​ខ្លាំង​ណាស់ ​។ ក្រោយ​ៗ​មក ​ខ្ញុំ​លក់​មួយ​ថ្ងៃ​ៗអស់យ៉ាង​តិច​ក៏​១០០​គីឡូក្រាម​ដែរ  តែ​សព្វ​ថ្ងៃនេះ​ ទីផ្សារ​កណ្ដុរ​អាំង ហាក់​មានការ​ថយ​ចុះ​ស្ទើរ​ពាក់កណ្ដាល លក់​មិនសូវ​ដាប់​ដូច​មុន​ៗ​ទេ​»​ ។

​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» គឺជា​ឈ្មោះ​ដែល​អតិថិជន​បាន​ហៅ​ត​ៗ​គ្នា​ ។ ​«​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» នេះ​មិនជា​ធំដុំ​ប៉ុន្មាន​ទេ មា​នទី​តាំងនៅ​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ចន្លោះ (​បាត់ដំបង​-​បន្ទាយ​មាន​ជ័យ​) ដែល​មាន​អ្នកលក់​កណ្ដុរ​អាំង​អម​សងខាង​ផ្លូវ ត្រឹម​តែ​ចំនួន​០៤​តូប​ប៉ុណ្ណោះ ដែល​លាយឡំ​ជាមួយនឹង​តូប​លក់​ចាប់ហួយ និង​លក់​ភេសជ្ជៈ​ប៉ុន្មាន​តូប​ផង ​។

គេ​ឃើញ​នៅ​លើ​ចង្អើរ​មាន​កណ្ដុរ​អាំង​ត្រៀបត្រា​ស្ទើរ​គ្រប់​តូប​យ៉ាង​មាន​របៀប​ ព​ណ៌​ក្រហម ​រលើបរលោង  ជះក្លិន​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ស្ទើរ​មិន​ដាច់​ទៅ​ហូ​ស នៅ​ពេល​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ ។ ​រៀងរាល់ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ឬ​ចំ​ថ្ងៃ​បុណ្យ​ទាន​ម្ដង​ៗ​ ដូច​ជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​ឆ្លង​ឆ្នាំ​ជាដើម  អតិថិជន​ច្រើន​​កកកុញ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឈប់​រថយន្ត​សម្រុកចូល​ទិញ​កណ្ដុរ​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​«​ផ្សារ​កណ្ដុរ​អាំង​»​នេះ​ ។ ​នេះ​បើ​តាម​អ្នកលក់​កណ្ដុរ​អាំង​និយាយ​ប្រាប់​ ។

​លើក​ក្រ​ម៉ា​ជូត​ញើស​លើ​ផ្ទៃមុខ​បន្តិច  អ្នកស្រី អុល ស្រី​លក្ខ​ណ៍ បាន​និយាយ​ទាំង​ញញឹម​ថា  «​សព្វថ្ងៃ​កណ្ដុរ​អាំង​នេះ លក់ដាច់​គូរ​សម នៅ​ពេល​មាន​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ។ ​ប៉ុន្តែ​ក្រៅពី​ថ្ងៃ​បុណ្យ​ទាន​លក់​មិនសូវ​ដាច់​ទេ​»​ ។ ​គាត់​បាន​រំលឹក​កាលពី​ចាប់​អាជីព​លក់​កណ្ដុរ​អាំង​ដំបូង​ថា  ដំបូង​ឡើយ​គាត់​លក់​កណ្ដុរ​អាំង​ត្រឹម​មួយ​ថាស​ៗ​ទេ ហើយ​លក់ដាច់​បំផុត​ ។ ​ដោយសារ​លក់ដាច់​ខ្លាំង​បែប​នេះ គាត់​ក៏​ទ​ទូល​ទិញ​សត្វ​កណ្ដុរ​នេះ​​ពី​អ្នក​ដើរ​រ​កតាមស្រែ​រាប់​សិប​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ៗ ដើម្បី​យក​អាំង​លក់ ​។

កាលនោះ​ គាត់​លក់​មួយ​ថ្ងៃ​អស់​កណ្ដុរ​យ៉ាងតិច​ចន្លោះ​ពី​៧០​ទៅ​១០០​គីឡូក្រាម​ ។ អ្នកស្រី​បាន​និយាយ​ទៀត​ថា  ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គាត់​រក​ចំណូល​បាន​ច្រើន​គូរ​សម​ពីមុខ​របរ​លក់​កណ្ដុរ​អាំង​នេះ រហូត​បាន​ប្រាក់​ធ្វើ​ផ្ទះថ្ម​ដ៏​សម​ល្មម​មួយ​ខ្នង ទិញ​ដីស្រែ និង​ដីចម្ការ​​បានជា​ច្រើន​ហិកតាទៀត ​។  ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំង​ចុង​ក្រោយ​នេះ ក្រោយ​ពេល​គេ​សាងសង់​ផ្លូវជាតិ​លេខ​៥ ជា​ថ្មី​ឡើង​វិញ ជា​ផ្លូវ​ហៃ​វេ (​ផ្លូវភ្លោះ​) អតិថិជន​ហាក់​ចាប់ផ្ដើម​ថយ​ចុះ ដោយសារ​តែ​អ្នកដំណើរ​ទៅ​ហូ​ស​មក​ហូ​ស​ឆ្លងកាត់​ផ្លូវ​មិនកើត ​។

បន្ថែម​លើ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​គឺ ​«​កូ​វី​ដ​១៩» ដែល​ជា​ឧ​ប​សគ្គ​ដ៏​ធំ​បំផុត ស្ទើរតែ​ដុត​កំទេច​ចង្អើរ​អាំង​កណ្ដុរ​គាត់​ឲ្យ​ផុតរ​លក់​ទាំងស្រុង​តៃ​ម្ដង​ ។​ ក្នុងអំឡុងពេល​ទីផ្សារ​កណ្ដុរ​អាំង​កំពុង​ធ្លាក់​ដុនដាប​ខ្លាំង​ ដោយសារ​កត្តា​ខាងលើ​នេះ អ្នក​អាំង​កណ្ដុរ​លក់​ដ៏​ល្បីល្បាញ​ទាំង​០៤​តូប​នៅ​ «ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» ស្ទើរតែ​បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃ​ទាំងស្រុង​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកលក់​កណ្ដុរ​អាំង ​។ ក្នុង​រយៈពេល​នៃ​ការ​បាត់បង់​ទីផ្សារ​កណ្ដុរ​អាំង​នេះ  បើ​តាម​អ្នកស្រី អុល ស្រី​លក្ខ​ណ៍ បាន​និយាយ​ថា  ក្នុងអំឡុងពេល​បាត់បង់​ទីផ្សារ​កណ្ដុរ​អាំង អ្នកស្រី​មិន​បាន​បោះបង់​មុខរបរ​អាំង​កណ្ដុរ​នេះ​ទេ គឺ​អ្នកស្រី និង​ស្វាមី បាន​ងាក​ទៅ​ធ្វើស្រែ​ចំការ​ផង និង​អាំង​កណ្ដុរ​លក់​បណ្ដើ​ៗ​ផង​ ។   

អ្នក​ស្រី​បាន​លើក​ឡើង​ថា ប្រាក់​សន្សំ​ដែល​បាន​មក​ពី​ការ​លក់​កណ្ដុរ​អាំង គាត់​បាន​យក​ទៅ​ចំណាយ​ធ្វើស្រែ ចំការ​ទាំងអស់ តែ​អ​កុស​ល្យ ធ្វើស្រែ​ចម្ការ​មិន​បាន​ផល ខាត​ឡុងចុង​ទៀត ហើយ​ក៏​លក់​ដីស្រែ ដីចម្ការ​​ទាំងអស់​វិញ យក​ប្រាក់​សង​គេ​ផង និង​ធ្វើ​ដើម​រកស៊ី​លក់​កណ្ដុរ​អាំង​ឲ្យ​រឹង​មាំ​ឡើង​វិញ​ផង ​។ ពិតមែនតែ​មុខរបរ​ចិញ្ចឹមជីវិត ជួប​នូវ​ភាព​ជោគជ័យ​ផង បរាជ័យ​ផង  តែ​អ្នក​អាំង​កណ្ដុរ​លក់​ដ៏​ល្បី​រូប​នេះ​ នៅ​តែ​បង្ហាញ​ស្នាមញញឹម​នៅ​ចំពោះ​មុខ​ចង្អើរ​អាំង​កណ្ដុរ​របស់​គាត់​ ។

​គាត់​មិន​ស្ទាក់ស្ទើរ​ទេ ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​កោះសន្តិភាព  បន្ថែម​នូវ​ស្នាមញញឹម​លាយឡំ​ជាមួយនឹង​កាយវិការ​ត្រឡប់​ប្រែ​កណ្ដុរ​នៅ​លើ​ចង្អើរ​ ។​ គាត់​ញញឹម​ជាមួយនឹង​កាយវិការ​លើក​បង្ហាញ​កណ្ដុរ​អាំង​ដ៏​ធំ​មួយ​ក្បាល ដើម្បី​ប្រាប់​អំពី​តំលៃ​ ។ ​គាត់​ប្រាប់​ថា តំលៃ​កណ្ដុរ​អាំង​ថ្លៃ​ឬ​ថោក ​អាស្រ័យ​លើ​ទំហំ​តូច​ឬ​ធំ ​។  សព្វ​ថ្ងៃនេះ​ សត្វ​កណ្ដុរ​ទិញ​ពី​អ្នក​ដើរ​រ​កតាមស្រែ​ចម្ការ​​នៅ​តែ​ថ្លៃ​ដដែល តែ​ថយ​ចុះ​អតិថិជន​ដែល​ទិញ​យក​ទៅ​ហូប​ ។ ​

អ្នកស្រី​បាន​បញ្ជាក់​ថា សព្វថ្ងៃ​អ្នកលក់​កណ្ដុរ​អាំង​លក់​មិនសូវ​ដាច់​ទេ មួយ​ថ្ងៃ​ៗ​លក់​អស់​ប្រហែល​ពី​២០​ទៅ​៣០​គីឡូក្រាម​ប៉ុណ្ណោះ តែ​មិនដឹង​ធ្វើ​ការងារ​អ្វី​ផ្សេង ក៏​ចេះ​តែ​តស៊ូ​លក់​ទៅ ព្រោះ​យ៉ាងណា​ក៏​អាច​រក​ចំណូល​បាន​គ្រាន់បើ​ដែរ​ ។ ​

សំនួរ​ចុង​ក្រោយ​៖  បើ​លក់​មិនសូវ​ដាច់​អ​ញ្ចឹ​ង តើ​អ្នកស្រី​នៅ​តែ​បន្ត​ប្រកប​មុខរបរ​អាំង​កណ្ដុរ​លក់​បែប​នេះ​ទៀត ឬ​ក៏​ត្រូវ​ប្ដូរ​មុខរបរ​ផ្សេង ?    អ្នកស្រី អុល ស្រី​លក្ខ​ណ៏​៖ « ខ្ញុំ​មិន​អាច​ចោល​មុខរបរ​អាំង​កណ្ដុរ​លក់​នេះ​បាន​ទេ ព្រោះ​ដីស្រែ ដីចម្ការ​​របស់ខ្ញុំ ខ្ញុំ​លក់​អស់ហើយ ដោយសារ​ធ្វើ​មិន​ចំណេញ ចាញ់​លក់​កណ្ដុរ​អាំង​ផង ​។  ខ្ញុំ​និង​ប្ដី​ខ្ញុំ បាន​គិត​គ្នា​ថា នឹង​ប្រកាន់​យកមុខ​របរ​អាំង​កណ្ដុរ​លក់​នេះ​រហូត​មួយ​ជីវិត  បើ​ទោះជា​សព្វ​ថ្ងៃនេះ​លក់ដាច់​ប៉ុណ្ណឹង​ក្ដី​ ។ ​បើ​លក់ដាច់​ត្រឹម​​តែ​ប៉ុណ្ណឹង​រាល់ថ្ងៃ ក៏​អាច​ចំណេញ​គ្រាន់​បាន​ចិញ្ចឹម​ជីវភាព​គ្រួ​សារបាន​សម​ល្មម​ដែរ ​។ ឥ​ឡួ​វ​ប្ដី​ខ្ញុំ​គាត់​កំពុង​ពង្រីក​តូប​បន្ថែម​ទៀត សម្រាប់​ឲ្យ​អតិថិជន​អង្គុយ​លេង និង​ទ​ទូល​ទាន​អាហារ​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ