ទីក្រុងម៉ូស្គូ៖ នៅឯកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះប្រមុខដឹកនាំចិន លោកស៊ីជីនពីង។ លោកពូទីនហៅលោកស៊ីជីនពីងជាមិត្តសម្លាញ់នឹងគ្នាថែមទៀតផង។ វេទិកានេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូដើម្បីបង្ហាញថាទោះបីមានសម្ពាធពីក្រុមបស្ចិមប្រទេស និងទោះបីមានដីកាតាមចាប់ខ្លួនពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) យ៉ាងណាក្ដី ក៏លោកពូទីនមិននៅឯកោនោះទេ។
កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដែលចាប់ផ្ដើមពីថ្ងៃអង្គារតទៅបានប្រមូលផ្ដុំក្រុមប្រទេសដែលទើបតែចូលជាសមាជិកថ្មីៗនៃអង្គការប្រ៊ីក (BRICS) ក្រៅពីប្រទេសសមាជិកស្ថាបនិកទាំងប្រាំដែលមានប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង។ លោកពូទីនបានអញ្ជើញប្រទេសម្ភៃចូលរួមជាភ្ញៀវនៅក្នុងកិច្ចប្រជុំដែលរៀបចំនៅទីក្រុងកាហ្សាន (Kazan) ប្រទេសរុស្ស៊ី។
នេះជាកិច្ចប្រជុំកំពូលលើកទី១ចាប់តាំងពីអង្គការប្រ៊ីកពង្រីកសមាជិកភាពរបស់ខ្លួនកាលពីឆ្នាំ២០២៣ ហើយក៏ជាឱកាសដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូយកធ្វើជាការប្រូម៉ូតខ្លួនឯងទៅសហគមន៍អន្តរជាតិដើម្បីបង្ហាញថាខ្លួនមិនរស់នៅឯកោផ្នែកនយោបាយជាដាច់ខាត។ ទោះបីលោកខាងលិចព្យាយាមដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីដល់កម្រិតខ្ពស់បំផុតពីបទវាយប្រហារប្រទេសអ៊ុយក្រែនយ៉ាងណាក្ដី ក៏ប៉ុន្តែពួកគេបានត្រឹមតែក្រវែលៗនៅក្នុងរង្វង់ព្រំដែននៃអង្គការណាតូតែប៉ុណ្ណោះ។
ក្រុមប្រទេសសម្ព័ន្ធមិត្តធំៗរបស់រុស្ស៊ីដូចជាចិន ឥណ្ឌា និងតួកគីបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះគ្រប់ៗគ្នា។ នៅក្នុងពិធីបដិសណ្ឋារកិច្ចទទួលលោកស៊ីជីនពីងនោះ លោកពូទីនប្រាប់សមភាគីរបស់គាត់ថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិននៅក្នុងកិច្ចការពិភពលោកជាធាតុដ៏សំខាន់ជួយធ្វើឱ្យមានស្ថិរភាពនៅក្នុងសង្វៀននយោបាយពិភពលោក។ យើងត្រៀមខ្លួនពង្រីកកិច្ចសហការនេះនៅក្នុងគ្រប់វិស័យទាំងអស់ដើម្បីធានាថាពិភពលោកមានសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អគ្រប់គ្រាន់។
ជាកិច្ចឆ្លើយតបចំពោះសារនយោបាយនេះ លោកស៊ីជីនពីងថ្លែងថាពិភពលោកសព្វថ្ងៃនេះពើបប្រទះនឹងសភាពការណ៍វិវត្តដ៏ច្រើនមិនធ្លាប់មាននៅក្នុងរយៈពេល១រយឆ្នាំចុងក្រោយនេះ។ ម៉្យាងទៀត សភាពការណ៍ពិភពលោកក៏កើតមានភាពចលាចលច្រើន។ លោកស៊ីជីនពីងថ្លែងកោតសរសើរចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ចិន និងរុស្ស៊ី។
យោងតាមប្រសាសន៍របស់លោកស៊ីជីនពីង ចិន និងរុស្ស៊ីបានបន្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសម្រេចជាលទ្ធផលជាក់ស្ដែង។ លោកថ្លែងថានៅពេលប្រទេសទាំង២មានកិច្ចសហការកាន់តែជិតស្និទ្ធនឹងគ្នា ពេលនោះប្រទេសទាំង២ស្គាល់ការអភិវឌ្ឍ ការទ្រទ្រង់ការរីកចម្រើន និងការធ្វើទំនើបកម្មកាន់តែប្រសើរ។ ប្រទេសទាំង២ចាត់ទុកភាពជាដៃគូនេះជាផ្នែក១នៃយុទ្ធសាស្ត្រទប់ទល់មិនឱ្យប្រទេសអាមេរិកវ៉ាងទីតែម្នាក់ឯងនៅលើឆាកអន្តរជាតិ។ មុនពេលផ្ទុះសង្គ្រាមអ៊ុយក្រែនតែបន្តិចប៉ុណ្ណោះ ថ្នាក់ដឹកនាំទាំង២បានជួបគ្នា។
កាលនោះ លោកទាំង២ចាត់ទុកទំនាក់ទំនងរបស់ខ្លួនគ្មានដែនកំណត់។ និយាយបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ រុស្ស៊ីវាយប្រហារអ៊ុយក្រែនតែម្ដង។ ប្រភពខ្លះយល់ថាថា្នក់ដឹកនាំចិនជាអ្នកផ្ដល់សញ្ញាភ្លើងខៀវឱ្យលោកពូទីនវាយអ៊ុយក្រែនដើម្បីទុកជាពិសោធនៃការត្រៀមវាយប្រហារកោះតៃវ៉ាន់។ ប្រទេសខ្លះដូចជាជប៉ុនក៏សម្លឹងឃើញដូច្នេះដែរ។ ជប៉ុនយល់ថាតំបន់អាស៊ីបូព៌ានឹងមានជោគវាសនាដូចអ៊ុយក្រែននាពេលអនាគត៕
ចែករំលែកព័តមាននេះ