ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អត់​ការងារ​ធ្វើ​របស់​យុវជន​ចិន​ធ្លាក់​ចុះ ក្រោយ​កើនឡើង​រយៈពេល​២​ខែ​ជាប់​គ្នា

21 ម៉ោង មុន

ប្រទេស​ចិន ៖ អត្រា​អត់​ការងារ​ធ្វើ​សម្រាប់​យុវជន​អាយុ​ចាប់ពី ១៦ ដល់ ២៤​ឆ្នាំ នៅ​ក្នុង​ប្រទេស​ចិន ដោយ​មិន​រាប់​បញ្ចូល​សិស្ស​នោះ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១៧.៦%…

ប្រទេស​ចិន ៖ អត្រា​អត់​ការងារ​ធ្វើ​សម្រាប់​យុវជន​អាយុ​ចាប់ពី ១៦ ដល់ ២៤​ឆ្នាំ នៅ​ក្នុង​ប្រទេស​ចិន ដោយ​មិន​រាប់​បញ្ចូល​សិស្ស​នោះ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១៧.៦% កាលពី​ខែកញ្ញា បើ​ធៀប ១៨.៨% កាលពី​ខែសីហា បន្ទាប់​ពី​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ខែ​ជាប់​គ្នា​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤​។

ភាព​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន និង​និស្សិត​បញ្ចប់​ការ​សិក្សា​មហាវិទ្យាល័យ នៅ​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ពី ១៣.២% ក្នុង​ខែមិថុនា ដល់ ១៧.១% ក្នុង​ខែកក្កដា ដោយសារ​តែ​និស្សិត​ប្រហែល ១២​លាន​នាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ ក្រោយ​បញ្ចប់​ការ​សិក្សា មុន​ពេល​តួលេខ​កាលពី​ខែសីហា​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​ការិយាល័យ​ស្ថិតិ​ជាតិ​សម្រេចចិត្ត​ប្តូរ​វិធីសាស្ត្រ​ធ្វើ​ស្ថិតិ​របស់​ខ្លួន ដោយ​មិន​រាប់​បញ្ចូល​ចំនួន​សិស្ស​ក្នុង​ខែធ្នូ ឆ្នាំ​២០២៣​។

ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ចិន បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចំនួន ២១.៣% នៅ​ក្នុង​ខែមិថុនា កាលពី​ឆ្នាំ​មុន ដែល​ជំរុញ​ឱ្យ​ប្រទេស​ចិន​បញ្ឈប់​ការ​ចេញផ្សាយ​គំរូ​ស្ថិតិ​ដែល​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិត​ដល់​របស់​ខ្លួន រហូត​ទាល់តែ​មានការ​ប្តូរផ្លាស់​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​។

ក្រុម​មន្ត្រី​ចិន កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បាន​បង្ហាញ​ពី​ទំនុកចិត្ត​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​នាម​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ ពិភពលោក នឹង​បន្ត​ស្ថិរភាព និង​ការ​ស្ទុះ​ងើបឡើង​វិញ តាម​រយៈ​និន្នាការ​ដែល​បាន​កើតឡើង​កាលពី​ខែកញ្ញា​កន្លង​ទៅ ខណៈ​ដែល​ការ​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ កើតឡើង​ក្រោយ​ការ​ចេញផ្សាយ​តួលេខ​កំណើនសេដ្ឋកិច្ច​គួរ​ឱ្យ​ខកចិត្ត ពោល​ចំនួន ៤.៦% សម្រាប់​ត្រីមាស​ទី​៣​។ តួលេខ​កំណើនសេដ្ឋកិច្ច​ប្រចាំត្រីមាស​ទី​៣​នេះ គឺ​ទាប​ជាង​ត្រីមាស​ទី​២ ដែល​មាន ៤.៧%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ