ខេត្តកំពង់ស្ពឺ ៖ អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដាក់បទបញ្ជាដល់កងទ័ពចំណុះ ឱ្យចៀសចេញឆ្ងាយ និងកុំពាក់ព័ន្ធនឹងបទល្មើសរុករានទន្ទ្រាន កាន់កាប់ដីព្រៃរបស់រដ្ឋ ។
ក្នុងករណីរកឃើញថា មានការជាប់ពាក់ព័ន្ធត្រូវបណ្តេញចេញពីអង្គភាព ហើយចាប់ខ្លួនប្រគល់ឱ្យជំនាញបន្តនីតិវីធីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។ ការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការយោធភូមិភាគទី៣ ជំនួសលោកឧត្តមសេនីយ៍ឯក យឿង សុខុន ដែលត្រូវទៅកាន់តួនាទីថ្មីនៅក្រសួងការពារជាតិ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កងទ័ពក្រៅពីកិច្ចការពារបូរណភាពទឹកដី កងទ័ពមានភារកិច្ចបន្ថែមការពារធនធានធម្មជាតិ ពិសេសព្រៃឈើដែលវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន។ ការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋគឺជាអំពើខុសច្បាប់ ដូច្នេះត្រូវតែជៀសវាង និងកុំចូលខ្លួនពាក់ព័ន្ធឱ្យសោះ ។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាបានដាក់វិធានការយ៉ាងតឹងរឹងទៅលើអ្នកពាក់ព័ន្ធ និងការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ វិធានការនេះដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់ ដែលជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយបង្ក្រាបបានជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។
ទន្ទឹមនឹងនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានលើកឡើងថា រដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការបានដាក់យុទ្ធនាការបណ្ដុះកូនឈើ ១លានដើមយ៉ាងតិចក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្ត និងកំពុងជំរុញឱ្យមានការដាំឡើងវិញនៅតាមតំបន់មួយចំនួនដែលរងការកាប់រាន ទន្ទ្រានយកពីសំណាក់ប្រជាពលរដ្ឋតាមរយៈការស៊ីឈ្នួលពីក្រុមមេខ្យល់ ។
ក្នុងយុទ្ធនាការដាំដុះឡើងវិញនេះដែរ ក៏ស្នេីឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីចូលរួមដាំតាមការស្នើសុំរបស់មន្ត្រីជំនាញផងដែរ៕
ចែករំលែកព័តមាននេះ