រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង ចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាដែលអាចនឹងមានភ្លៀងធ្លាក់លាយជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាបបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសឦសាន និងបូណ៌ព៌ាមានល្បឿនមធ្យម២,៥០ម៉ែត្រ វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៥៥%។
ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសឦសាន និងបូណ៌ព៌ាមានល្បឿនមធ្យម ២ម៉ែត្រ វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។
ដោយឡែក តំបន់មាត់សមុទ្រមាន សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសឦសាន មានល្បឿនមធ្យម ២,៥០ ម៉ែត្រវិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពតកែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២០% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕
ចែករំលែកព័តមាននេះ