ឪពុកម្តាយចិញ្ចឹមកូនមួយហ្វូងរស់ ប៉ុន្តែកូនៗមួយហ្វូង គឺពិបាកចិញ្ចឹមឪពុកម្តាយ រហូតដល់ទម្លាក់អោយគ្នាទៅវិញទៅមក។ នេះគឺជាសេចក្តីពិតមួយ នឹងជាអ្វីដែលកើតមានឡើងនៅក្នុងវាលវដ្តសង្សាររបស់មនុស្សជាតិ ហើយមិនតែប៉ុណ្ណោះ កូនៗមួយចំនួនមិនត្រឹមតែមិនមើលថែឪពុកម្តាយទេ គឺថែមទាំងមើលបំណាំគ្នាថែមទៀត ។
នៅពេលដែលឪពុកម្តាយមានកម្លាំងមានចំណូលមិនទាន់ឈឺ ជាទូទៅកូនៗជាច្រើន គឺដណ្តើមគ្នាយកឪពុកម្តាយទៅនៅជាមួយ ឫព្យាយាមនៅជាមួយ និងពួកអ្នកមានគុណទាំងពីរ នៅក្នុងគោល បំណងគឺទទួលបានពុំនាក់និងភាពកក់ក្តៅ ហើយក៏បង្កប់នូវគំនិត និងទស្សនៈសួនតួនិយមដោយយកឪពុកម្តាយជួយមើលថែទាំចៅៗដែលជាកូនរបស់ពួកគេដោយសារតែខ្លួនជាប់ធ្វើការងារ ជាប់រកស៊ី ឫប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ។
ប៉ុន្តែបញ្ហាវាកើតមាន នៅពេលដែលពួកគាត់ឈឺលែងមានកម្លាំងកំហែង ។ មកដល់ពេលនេះ មានសង្គមគ្រួសារជាច្រើនដែលកំពុងតែជួបបញ្ហានេះ ។ នៅពេលដែលពូកគាត់មានលុយមានកម្លាំងកូនៗជាទូទៅផ្តុំក្បាលគ្នាទទួលភាពកក់ក្តៅពីពួកគាត់ទាំងពីរ ប៉ុន្តែដល់ពេលដែលលោកទាំងពីរធ្លាក់ខ្លួនឈឺគឺចែកជើងគ្នា ហើយដាក់មានគំនិតនិងទស្សនៈលើកដាក់គ្នាថា ឪពុកម្តាយស្រលាញ់អាចៅនេះអាចៅនោះច្រើន ហើយឪពុកម្តាយចែកកេរ្តិ៍អានោះតិច អានោះច្រើន …ជាដើមហើយចុងក្រោយគឺព្យាយាមរលាស់ដៃចេញពីពួកគាត់ ។
នៅក្នុងនាមជាកូនដែលធ្លាប់បានទទួលនូវព្រហ្មវិហារធម៌ពីឪពុកម្តាយ ទោះបីជាមិនអាចចិញ្ចឹមពូកគាត់ រស់ជាអមតៈក្តី ប៉ុន្តែនៅក្នុងឆាកជីវិតចុងក្រោយជាពិសេសគឺនៅក្រោយពេលដែលគាត់ជរាព្យាធិ យើងគួរណាស់តែពិភាក្សាគ្នាជជែកគ្នា ហើយជួយគ្នាមើលថែ និងទំនុកបម្រុងពួកគាត់ទាំងទ្វេរ។
យើងត្រូវធ្វើយ៉ាងណា ឲ្យពួកគាត់អាចរស់នៅនៃជីវិតចុងក្រោយ ទោះបីជាមិនបរិបូរណ៍ តែយ៉ាងហោចណាស់ អាហារបីពេលឲ្យបានគ្រប់គ្រាន់ ហើយនៅពេលដែលគាត់មានជំងឺគួរណាស់តែចេះជួយគ្នា ដើម្បីធ្វើយ៉ាងណាជួយព្យាបាលក៏ដូចជា សម្រួលកុំអោយគាត់មានការឈឺចាប់ ។
នៅក្នុងនាមជាឪពុកម្តាយស្រលាញ់កូនស្មើៗគ្នាមិនថា ស្រលាញ់អាពៅខ្លាំង អាបងតិច ឫអាកណ្តាលល្មមនោះទេ។ នៅក្នុងទឹកចិត្តរបស់ពួកគាត់ភាគច្រើនគឺស្មើៗគ្នា គ្រាន់តែថា ប្រសិនបើគាត់មើលឃើញកូនណា រាងយ៉ាប់ជាងគេបន្តិចក៏មានចិត្តអាណិតនិងយកចិត្តទុកដាក់លើកូននោះខ្លាំងបន្តិច។
កុំច្រណែន កុំតូចចិត្តតូចថ្លើម កុំប្រកាន់ទោសអូសដំណើរនៅលើរឿងនេះ នៅក្នុងករណីលោកទាំងពីរឈឺ ឫក៏នរណាម្នាក់ឈឺ។ ប្រសិនបើយើងជាកូនមានធនធានមានសមត្ថភាពគួរតែជួយសម្រូលរឿងថ្លៃព្យាបាល ឲ្យច្រើនជាងគេបន្តិចទៅ ហើយគ្នាដែលអត់ឫខ្សត់ខ្សោយជាងគេអាចជួយជាកម្លាំង ផ្សំ ប៉ុន្តែបើមានធនធាន និងមានស្ថានភាពជីវភាពប្រហាក់ប្រហែលគ្នានោះទេ គួរតែចែកស្មើៗគ្នាជាចំណែកលើការ ចំណាយថែទាំងសុខភាពពួកគេទៅ ។
នៅក្នុងករណីលោកទាំងពីរមានជំងឺត្រូវការសង្គ្រោះដោយការវះកាត់ដែលចំណាយលុយកាក់ច្រើនកូនៗ គួរតែពិភាក្សាគ្នានៅក្នុងចំណោមបងប្អូន។ ប្រសិនបើម្នាក់ៗមានបន្ទុកថ្លៃជីវភាពគ្រួសារ ច្រកចេញគឺមានតែស្វះស្វែងរកឥណទានពីស្ថាប័នហិរញ្ញវត្ថុ ហើយនៅពេលនោះ គួរតែចែកគ្នាជួយសងតាមចំណែកដើម្បីកុំអោយបន្ទុកលើម្នាក់ៗ វាធ្ងន់ហើយព្យាយាមធ្វើយ៉ាង ជួយឲ្យលោកទាំងពីរមើលឃើញការសាមគ្គីគ្នា នៅក្នុងចំណោមកូនៗ ហើយលោកទាំងពីរក៏ប្រហែលជាចង់ឃើញលទ្ធផលនៃព្រហ្មវិហារធម៌ និង ការលះបង់ដើម្បីកូនៗរបស់ពួកគាត់ ។
សរុបមកវិញ កូនៗម្នាក់ៗ គ្មាននរណាអាចមានសមត្ថភាពចិញ្ចឹមឪពុកម្តាយឲ្យរស់អមតៈបានឡើយ ប៉ុន្តែមុននឹងពេលដែលលោកទាំងពីរលាទៅដោយគ្មានថ្ងៃត្រឡប់គឺនរណាក៏ដូចជានរណាចង់ឃើញកូនចង់ចៅផ្តល់ភាពកក់ក្តៅនិងជីវិតសមរម្យជូនពួកគាត់ ។ កូនគ្រប់គ្នាមិនគួរអោយឪពុកម្តាយស្រក់ទឹកភ្នែក នៅក្នុងជីវិតចុងក្រោយរបស់ពួកគាត់ឡើយ។ ដូច្នេះ កូនត្រូវតែរួមគ្នាមើលថែពួកគាត់អោយបានល្អកុំអោយស្តាយក្រោយក្នុងជីវិត។
ចែករំលែកព័តមាននេះ