រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងគ្រងឯកសណ្ឋានថ្មី ដែលទើបតែបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិតល់នឹងក្រុមជម្រើសជាតិឆាយនីស តៃប៉ិ នៅឯពុហកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:០០នាទីយប់នេះ។
មុនឈានដល់ការប្រកួត ផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញ ផ្សាយកាលពីថ្ងៃទី១០ ខែតុលា ពីចំណាប់អារម្មណ៍របស់លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដោយគ្រូបង្វឹកជនជាតិជប៉ុនរូបនេះលើកឡើងថា «សម្រាប់ការប្រកួតថ្ងៃស្អែកនេះ យើងក៏ចង់ឈ្នះដូចអ្នកគាំទ្រដែរ ដោយសារការចាញ់កន្លងមកធ្វើឱ្យកីឡាករមួយចំនួនរាងបាត់ទំនុកចិត្តបន្តិចក្នុងការលេង។ តែខ្ញុំសង្កេតឃើញថាក្នុងការប្រមូលផ្តុំលើកនេះ យើងមានកីឡាករល្អៗច្រើន ហើយពួកគេកាន់តែយល់ចិត្តគ្នាកាន់តែល្អជាងមុន ដូច្នេះខ្ញុំរំពឹងថា ពួកគេនឹងធ្វើបានល្អច្រើនជាងលើកមុនក្នុងពេលប្រកួត»។
ក្រឡេកទៅឯកសណ្ឋានថ្មីក្រុមជម្រើសជាតិកម្ពុជា ដែលបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី១០ ខែតុលា ផ្អើលអស់អ្នកគាំទ្រនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញផ្សាយអំពីចំណុចសំខាន់ ៥ និងគោលគំនិតនៃការច្នៃប្រឌិត ដែលមានដូចខាងក្រោម ៖
-ទី១ រចនាបថមានខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ”-ទី២ ការប្រើប្រាស់ ផ្កាចន្ទន៍ ផ្សារភ្ជាប់ជាមួយខ្លឹមសារ និងអត្ថន័យ ក្រោមប្រធានបទ “ពង្សាវតារ”។ ក្បាច់ផ្កាចន្ទន៍ គឺជាផ្នែកមួយនៃប្រវត្តិសាស្ដ្រ និងវប្បធម៌របស់ខ្មែរ ដែលទម្រង់ក្បាច់រចនាទូទៅ ត្រូវបានប្រើប្រាស់ទៅលើសំពត់ សម្លៀកបំពាក់ គ្រឿងសម្ភារៈជាដើម របស់ដូនតាខ្មែរ តាំងពីសម័យបុរាណកាលមកដូចដែលមានឆ្លុះបញ្ជាំងលើសិលាចារឹក តាមប្រាសាទនានា។ ចំពោះសម័យកាលបច្ចុប្បន្នវិញ ការរចនាបថក្បាច់ផ្កាចន្ទន៍ ក៏មានការប្រើប្រាស់ នៅតាមសំពត់ ខោអាវ ស្ថាបត្យកម្ម វាយនភណ្ឌ និងសិប្បកម្ម ផ្សេងៗយ៉ាងទូលំទូលាយ។
ក្បាច់ផ្កាចន្ទន៍ ឆ្លុះបញ្ជាំងពីអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ និងសិល្បៈយ៉ាងសម្បូរបែបដ៏ជ្រាលជ្រៅរបស់ដូនតាខ្មែរ បន្តពីបុរាណកាលដល់បច្ចុប្បន្នកាលនេះ ដូច្នេះការប្រើប្រាស់ក្បាច់ផ្កាចន្ទន៍ក្នុងការរចនានេះ គឺតំណាងឱ្យ អត្ថន័យ និងខ្លឹមសារនៃពង្សាវតារខ្មែរ។ទី៣ ខ្លឹមសារអត្ថន័យ “ពង្សាវតារ” គោលគំនិតក្នុងការរចនាដកស្រង់អត្ថន័យពីបទពង្សាវតារខ្មែរ វគ្គទី៣៖”ខ្មែរអើយចូរស្ដាប់សាវតារ ដែលបានចរចារបញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើងតាំងចិត្តឱ្យធំ តខំប្រឹងវិញបញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើងឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។”
ក្នុងវគ្គនេះមានអត្ថន័យ ដាស់តឿន កូនខ្មែរគ្រប់រូប ខំប្រឹងអភិវឌ្ឍន៍ខ្លួន ប្រទេសជាតិ និងវប្បធម៌ឱ្យបានប្រសើរឡើង ដូចដែលពង្សាវតារខ្មែរធ្លាប់មានពីបុរាណកាលនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ នេះគឺជាអត្ថន័យនៃការរចនា តាមប្រធានបទ “ពង្សាវតារ” របស់ឯកសណ្ឋានក្រុមជម្រើសជាតិថ្មី។ទី៤ ការតំរៀបក្បាច់ផ្កាចន្ទន៍នៅលើផ្ទៃសាច់ក្រណាត់ ដោយរៀបតាមលំនាំនៃកំពូលប៉មប្រាសាទអង្គរវត្តទាំងប្រាំ ពីលើលំហ ប្រសិនមើលចំពីខាងលើដែលមានផ្កាចន្ទន៍ដុំធំ ១ នៅចំកណ្ដាល និងមានជុំវិញនូវផ្កាចន្ទន៍ដុំតូចៗ ចំនួន៤ ដែលប្រាសាទអង្គរវត្ត គឺជាដួងព្រលឹងជាតិខ្មែរ បញ្ជាក់អំពីអរិយ ធម៌ វប្បធម៌ខ្មែរទាំងមូល។ ទី៥ ពណ៌ខៀវចាស់ (ពណ៌ខៀវនៃទង់ជាតិខ្មែរ) តំណាងឱ្យសាមគ្គីភាព ដើម្បីបង្កើនភាពព្រៀប ធ្វើឱ្យពូជសាសន៍ និងអរិយធម៌ខ្មែរថ្កុំថ្កើងទៅបាន ដោយមានសាមគ្គីភាពជាកម្លាំងស្នូលរួមគ្នា៕
ចែករំលែកព័តមាននេះ