ខេត្តកំពត ៖ រូបសំណាក់លោកយាយម៉ៅ ដាក់ក្នុងអាស្រមជាប់នឹងផ្លូវនៅជើងភ្នំសែនហានច្រកសៀម ស្ថិតក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានជនមិនស្គាល់មុខលួចយកទៅបាត់ នៅសល់តែអាស្រមនៅជើងភ្នំតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋដែលមានជំនឿជឿជាក់ទៅលើការបួងសួងនិងបែបន់លោកយាយម៉ៅមានបារមីខ្លាំងពូកែសក្កិសិទ្ធ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស បានរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់ មានការសោកស្តាយណាស់ បន្ទាប់ពីមានគេលួចរូបសំណាកលោកយាយម៉ៅយកទៅបាត់។ ព្រោះរូបសំណាកលោកយាយម៉ៅនោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តែងនាំគ្នាចូលទៅអុជធូបបែបន់លោកយាយម៉ៅសុំក្ដីសុខផងដែរ
តាមប្រភពដដែលបានបន្តថា អ្នកភូមិអុជធូបបែបន់គោរពបូជាសែនសំណែននោះ មិនមែនទើបតែថ្មីៗនេះ គឺមានតាំងពីយូរយារណាស់មក ។ ការបែបន់នេះ តាំងពីខ្ទមលោកយាយម៉ៅតូចរហូតមានជំនឿជឿជាក់ធ្វើអាស្រមឱ្យធំ ស្រាប់តែមានគេលួចរូបសំណាកលោកយាយម៉ៅយកទៅបាត់កាលពីយប់ថ្ងៃទី៦ តុលា ឆ្នាំ២០២៤នេះ ។
ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់បាននិយាយម្ដងហើយម្ដងទៀតមានការសង្ស័យអ្នកយករូបសំណាក់លោកយាយម៉ៅចេញទំនងជាចង់រុករានយកដីជើងភ្នំក៏មិនដឹង ។ ទោះជាបែបណា អាជ្ញាធរស្រុកអង្គរជ័យមិនទាន់មានប្រតិកម្មជុំវិញករណីមានគេលួចយករូបសំណាក់លោកយាយម៉ៅនៅឡើយទេ គឺមានត្រឹមតែប្រជាពលរដ្ឋនៅឃុំសំរោងលើតែប៉ុណ្ណោះដែលនៅកៀកនឹងអាស្រមលោកយាយម៉ៅ ដែលមានការផ្អើលឆោឡោ ៕
ចែករំលែកព័តមាននេះ