រាជធានីភ្នំពេញ ៖ នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ីបានវា.យតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ ។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ខណៈសម្តេចធិបតី នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀង ច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងឱកាសនៃជំនួបលោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលសម្ដេចបវរធិបតីបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៅពេលដែលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ហើយរូបលោកក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី បានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ានតាមរយៈ ៖ ១,ការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន ។ ២, ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO) ។ ៣,ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គមជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និង៤, ការជំរុញឱ្យមានការចូលរួមផ្នែកយេនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្នក្នុងធុរកិច្ច និងការវិនិយោគ ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចក៏បានគោរព ជម្រាបជូនសម្ដេចធិបតីថា កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងតំបន់ និងពិភពលោកជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង ។
សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្តនៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបាននូវបរិស្ថានអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិនក្នុងតំបន់អាស៊ាន, ការប្រែក្លាយគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតឱ្យមានទីផ្សារមូល បត្ររួមនៅក្នុងតំបន់អាស៊ាន និងការជំរុញការចូលរួមបន្ថែមទៀតរបស់វិស័យឯកជនក្នុងធុរកិច្ច និងការវិនិយោគ ។
សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកថា វិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជនសំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ និងរីកលូតលាស់ ៕
ចែករំលែកព័តមាននេះ