រាជធានីភ្នំពេញ ៖ ទារកគួរឲ្យស្រលាញ់ម្នាក់ ត្រូវបានឪពុកម្ដាយដាច់ចិត្តយកទៅប្លុងចោល នៅក្បែរចេតិយក្នុងវត្តមួយកន្លែង រួចក៏ចាកចេញទៅបាត់គ្មានអាល័យ ហើយក្រោយមក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងស្ម័គ្រចិត្តរើសចិញ្ចឹមបីបាច់ថែរក្សាទុកដូចជាកូនបង្កើតរបស់ខ្លួន នៅឯស្រុកកំណើតគាត់នៅក្នុងខេត្តមួយ ប៉ុន្តែគាត់មិនបានប្រាប់ឲ្យដឹងថា គាត់ជាអ្នករស់នៅខេត្តណានោះឡើយ ។
ទារកខាងលើនេះ ត្រូវបានប្រទះឃើញ កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងវត្តតាំងកសាងខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមអ្នករស់នៅជិតកន្លែងកើតហេតុខាងលើ បាននិយាយថា ទារកនោះទើបនឹងកើតបានរយៈពេលប្រហែល២ទៅ៣ថ្ងៃប៉ុណ្ណោះ ហើយស្រស់ស្អាត គួរឲ្យស្រលាញ់ខ្លាំងណាស់ ប៉ុន្តែពុំដឹងថា ឪពុកម្ដាយទារកនោះជានរណា និងមានមូលហេតុអ្វី ឬក៏រឿងនោះអ្វីទេ ទើបបានជាដាច់ចិត្តយកកូនប្រុសជាទីស្រលាញ់ទៅប្លុងចោលបែបនេះទៅវិញ ប៉ុន្តែបើតាមអ្វី ដែលកើតឡើងបែបនេះ កន្លងមកនោះ គឺភាគច្រើនផ្ដើមចេញឪពុកម្ដាយពុំមែនជាប្ដីប្រពន្ធស្របច្បាប់ គឺគ្រាន់តែជាសង្សារមានស្នេហាលួចលាក់នឹងគ្នា ។ លុះពេលជ្រុលជ្រួសខុសគន្លងប្រពៃណី រហូតមានផ្ទៃពោះ ហើយខាងប្រុសដោះដៃ មិនទទួលខុសត្រូវ រីឯខាងស្រីគ្មានលទ្ធភាពចិញ្ចឹមកូនផង និងខ្លាចខ្មាសគេផងនោះ ទើបពេលកូនកើតមក សម្រេចចិត្តយកទៅបោះចោលបែបនេះតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ពុំមាននរណាបានឃើញ ឬដឹងថា ទារកនោះត្រូវបានយកទៅប្លុងចោលនៅក្នុងវត្តខាងលើតាំងពីពេលណាមកនោះទេ ប៉ុន្តែនៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋដើរលេងនៅក្នុងវត្តនោះ ប្រទះឃើញ ។ ទារកនេះ ត្រូវបានរុំខ្លួនដោយកន្សែងពោះគោពណ៌ក្រហម និងត្រូជនមិនស្គាល់មុខប្លុងចោលក្បែរចេតិយ ហើយមើលទៅគួរឲ្យស្រលាញ់ ទើបអ្នកប្រទះឃើញនោះ រើសយកទៅចិញ្ចឹមបីបាច់ថែរក្សា នៅឯស្រុកកំណើតរបស់គាត់ នៅក្នុងខេត្តមួយតែម្ដង ។
ដោយប្រជាពលរដ្ឋខាងលើនោះ ស្រលាញ់ទារកនេះខ្លាំងណាស់ គាត់បានចាត់ទុកដូចជាកូនចៅបង្កើតរបស់គាត់ទៅហើយ ប៉ុន្តែអត់ដឹងថា គាត់ជាអ្នករស់នៅក្នុងខេត្តណានោះទេ ៕


ចែករំលែកព័តមាននេះ