រាជធានីភ្នំពេញ ៖ តំបន់ទេសចរណ៍លាក់ខ្លួនមួយកន្លែង កើតចេញពីប្រវត្តិពិតរបស់មនុស្សម្នាក់ជាជនជាតិពូនង គួរឲ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេចរជាតិ និងអន្តរជាតិនៅពេលទៅមើលឃើញផ្ទាល់ ។
នៅពេលដែលអ្នកទេសចរណ៍ ដែលមានបំណងទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី អ្នកទេសចរណ៍អាចចូលទស្សនាតំបន់សហគមន៍ទេសចរណ៍ជាតិ«ទឹកធ្លាក់ឡេងកៅ» បាន ។ តំបន់ទេសចរណ៍ទឹកធ្លាក់ឡេងកៅនេះ មិនទាន់ទៅដល់រង្វង់មូលខេត្តមណ្ឌកគិរីនោះទេ ។
អ្នកទេសចរណ៍គ្រាន់តែធ្វើដំណើរដោយថ្មើជើងចុះពីផ្លូវក្រាលកៅស៊ូជាង៥០០ម៉ែត្រប៉ុណ្ណោះ នោះអ្នកទេសចរណ៍នឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំមួយកន្លែង មានភាពទាក់ទាញដោយលាយឡំនឹងអាកាសធាតុត្រជាក់នឹងមកគ្រប់ដណ្តប់កាយយា ។
អ្នកទេសចរណ៍ដែលបានទស្សនាតំបន់ទឹកធ្លាក់ធម្មជាតិឡេងកៅ ផ្ទាល់ក៏អាចបាត់អារម្មណ៍ស្មុគស្មាញមួយរយៈពេលផងដែរ នៅពេលឃើដើមឈើធំៗធម្មជាតិស្រស់ស្អាត ។ តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិឡេកៅ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានទំហំផ្ទៃដី១៨,២៤ហិកតា ។ អ្នកទេសចរណ៍អាចមកទស្សនានៅគ្រប់រដូវមិនថា រដូវប្រាំង និងរដូវវស្សានោះទេ ។
បើតាម កញ្ញា សែន ទី គណៈកម្មការអេកូទេសចរណ៍ទឹកធ្លាក់ទឹកឡេងកៅ បានឲ្យដឹងថាតំបន់ទេសចរណ៍នេះ បានបង្កើតឡើង នៅឆ្នាំ២០២៣ ហើយអេកូទេចរណ៍បានពីគម្រោងទេសចរណ៍រេដបូក នៅក្នុងឆ្នាំ២០២៤ បានទទួលថវិកាពីគម្រោងរេដបូក ជាង២ម៉ឺនដុល្លារ ។ កញ្ញាបានឲ្យដឹងទៀតថា តំបន់ទេសចរណ៍នេះ មានលក្ខណៈសំខាន់ដែលជាសក្តានុពល មានជ្រោះចំនួន៣ជាន់ ព្រមទាំងផ្ទាំងថ្មធំៗព្រមទាំងធម្មជាតិដើមឈើធំៗដែលមានភាពស្រស់បំព្រង រួមទាំងសត្វ៥៨ប្រភេទ ។
គ្រាន់តែរយៈពេលដែលទើបចាប់ផ្ដើមទទួលភ្ញៀវ ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ តំបន់ទឹកធ្លាក់លេងកែវ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានជាង១០០នាក់ ។ កញ្ញា បានឲ្យដឹងទៀតថា តំបន់ទេសចរណ៍សេវាសម្រាប់ភ្ញៀងដូចជា មានម្ហូបរបស់បងប្អូនជនជាតិភាគតិច សេវាជួនភ្ញៀវ នៅតាមកន្លែងនានា ជាដើម ។
បើតាមការបញ្ជាក់របស់កញ្ញា សែន ទី បានឲ្យដឹងទៀតថា តំបន់ទេសចរណ៍លាក់ខ្លួនមួយនេះបានជាដាក់ឈ្មោះ«ឡេងកៅ» ដោយសារមានដំណាលរឿងពិតមួយថា៖«កាលពីមុនមានតាចាស់ម្នាក់ ឆ្លងកាត់ទឹកជ្រោះនេះទៅលេងផ្ទះបងប្អូនរបស់គាត់នៅត្រើយម្ខាង ។ លោកតាចាស់ម្នាក់ បានចិញ្ចឹមខ្លាឃ្មុំមួយ ហើយបានយកខ្លាំឃ្មុំទៅជាមួយនៅពេលទៅដល់ផ្ទះរបស់បងប្អូនគាត់ក៏មានការហូបស្រា ពេលនោះគាត់ក៏បានហូបស្រាហើយស្រវឹង ។ ហើយគាត់ក៏មកសម្រាកនៅកន្លែងទឹកធ្លាក់នេះ ពេលនោះមានខ្លាធំមួយមកចង់ធ្វើបាបគាត់ តែខ្លាឃ្មុំរបស់គាត់ដែលទៅតាមនោះក៏បានជួយគាត់ ។ ទើបបានគេដាក់ឈ្មោះនេះតមក» ។ កញ្ញាសែន ទីបានពន្យល់ពាក្យជាសភាពូនងថា «កៅ» គឺជាឈ្មោះខ្លាឃ្មុំ ហើយ ពាក្យ«ឡេង» គឺជាទឹកធ្លាក់ ៕
ចែករំលែកព័តមាននេះ