ខេត្តក្រចេះ ៖ ស.ពជនរងគ្រោះចំនួនបីនាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ ចាប់ពីរសៀលថ្ងៃទី២០ រហូតដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយជួបឧបទ្ទវហេតុលិចទូក កាលពីរសៀលថ្ងៃទី២០ កញ្ញា ខណៈដឹកដំឡូងមី ឆ្លងកាត់ទន្លេ ឆ្ពោះទៅកាន់ទីផ្សារ ហើយជួបភ្លៀងខ្យល់ខ្លាំង ។
ប្រភពព័ត៌មានពីអ្នកបើកបរទូក ដែលរួចផុតជីវិត បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១៤និង២០នាទីថ្ងៃទី២០ កញ្ញា ពួកគេមានគ្នាចំនួន៥នាក់ ធ្វើដំណើរលើទូកមួយគ្រឿង ដឹកដំឡូងមី មកដល់ចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ក៏បានជួបប្រទះ ភ្លៀង និងខ្យល់ខ្លាំង បង្កើតជារលកទឹកធំៗ វ៉ៃទូកឲ្យលិច តែម្តង ។
លោក អ៊ឹម ចិន្តា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានអោយដឹងថា ជនរងគ្រោះ ក្នុងឧបទ្ទវហេតុខាងលើ មានចំនួន៥នាក់ ខណៈមាន២នាក់ រួចផុតជីវិត និងបីនាក់ទៀត លិចបាត់ទៅក្នុងទឹក បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុក អភិបាលរង បានរកឃើញសាកស.ព ចំនួន២នាក់ នៅរសៀលថ្ងៃដដែល លុះព្រឹកឡើងថ្ងៃទី២១ កញ្ញា ទើបរកឃើញម្នាក់ទៀត ។
លោកមេបញ្ជាការ បន្តថា ជនរងគ្រោះខាងលើ រួមមាន ៖
១. ឈ្មោះ សុង ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ មានទីនៅភូមិល្វាទង ឃុំបុសលាវ (អ្នកបើកបរទូក នៅមានជីវិត)
២. ឈ្មោះ បឹង ឈាង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ (នៅមានជីវិត)
៣. ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លា.ប់)
៤. ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លា.ប់)
និង៥. ឈ្មោះ បាវ ថៃ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លា.ប់) ។
ក្រោយកម្លាំងរុករក បានប្រទះឃើញសាកស.ពបន្តបន្ទាប់ ក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ ។
គេនៅចាំបានថា ហេតុការណ៍ដូចគ្នានេះ ធ្លាប់កើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ទូក១គ្រឿង បានលិចនៅកណ្ដាលទន្លេមេគង្គ នៅឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ បាត់ខ្លួន ខណៈជនរងគ្រោះ៤នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ ។
ជនរងគ្រោះ៥នាក់ បានធ្វើដំណើរតាមទូក ចេញពីឃុំកោះច្រែង ទៅស្រុកព្រែកប្រសព្វ ដើម្បីទិញដែក ពេលត្រឡប់មកដល់ ឃុំកោះច្រែងវិញ ទន្លេមានខ្យល់បក់ខ្លាំង នាំឲ្យមានរលកធំៗ បណ្តាលឲ្យទូកនោះលិច នៅកណ្តាលទន្លេ ប៉ុន្តែភ្លាមៗជនរងគ្រោះ៤នាក់ ត្រូវបានជួយសង្គ្រោះទាន់ ខណៈជនរងគ្រោះម្នាក់ទៀត រកមិនទាន់ឃើញនៅឡើយ ៕
ចែករំលែកព័តមាននេះ