ទីក្រុងហារ៉ារេ៖ ថ្មីៗនេះ អាជ្ញាធរហ្ស៊ីមបាវេបង្ហើបឱ្យដឹងថាពួកគេគ្រោងសម្លាប់សត្វដំរី២០០ក្បាលដើម្បីភ្លះយកសាច់ធ្វើម្ហូបអាហារចែកជូនប្រជាជនដែលកំពុងតែស្រេកឃ្លានយ៉ាងខ្លាំងស្ទើរតែដាច់ពោះស្លាប់ទៅហើយដោយសារតែពួកគេជួបនឹងគ្រោះទុរភិក្សធ្ងន់ធ្ងរជាច្រើនទសវត្សមកហើយ។ អ្នកនាំពាក្យហ្ស៊ីមបាវេ លោកហ្វារ៉ាវ៉ូ(Tinashe Farawo) ប្រាប់ថាដោយសារហ្ស៊ីមបាវេប្រឈមនឹងគ្រោះទុរភិក្សធ្ងន់ធ្ងរ ដូចនេះមានតែកាប់ដំរី២០០ក្បាលដើម្បីដោះស្រាយបញ្ហាអត់-ឃ្លាន១គ្រាសិន។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីប្រទេសណាមីបៀ(Namibia) ដែលស្ថិតនៅទ្វីបអាហ្វ្រិកដូចគ្នាសម្រេចចិត្តថាត្រូវតែសម្លាប់ដំរី និងសត្វព្រៃដទៃទៀតដើម្បីដោះស្រាយបញ្ហាអត់-ឃ្លានដែលបង្កឡើងដោយគ្រោះរាំងស្ងួតរយៈពេលវែង។ ទោះជាយ៉ាងណាក្ដី ការសម្លាប់សត្វព្រៃយកសាច់ធ្វើម្ហូបដូច្នេះត្រូវក្រុមអ្នកការពារសិទ្ធិរបស់សត្វ និងអ្នកអភិរក្សសត្វរិះគន់ជាហូរហែ។
សព្វថ្ងៃនេះ សត្វដំរីនៅហ្ស៊ីមបាវេមានច្រើនគួរសមដែររហូតដល់ជាង៨៤០០០ក្បាល។ ដូច្នេះ សម្លាប់ដំរី២០០ក្បាលសង្ឃឹមថាមិនប៉ះពាល់ធ្ងន់ធ្ងរពេកទេ។ ម៉្យាងទៀត ប្រធានសួនសត្វហ្ស៊ីមបាវេ លោកហ្វារ៉ាវ៉ូ និយាយរបៀបចង់មានន័យថាសត្វដំរីទាំងនេះ «ទុកក៏មិនចំណេញ ដកចេញក៏មិនខាត»។ គាត់ថាហ្ស៊ីមបាវេអាចចិញ្ចឹមដំរីបានត្រឹម៤៥០០០ក្បាលតែប៉ុណ្ណោះ។
ប៉ុន្តែជាក់ស្ដែងដំរីកើនឡើងដល់ជាង៨ម៉ឺនក្បាលនៅហ្ស៊ីមបាវេ ដូច្នេះច្រើនលើសកំណត់សឹងតែមួយជាពីរទៅហើយ។ ហ្ស៊ីមបាវេសម្បូរសត្វដំរីច្រើនលំដាប់ទី២ពិភពលោកបន្ទាប់ពីប្រទេសបត់ស្វាណា(Botswana)។ រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្ស៊ីមបាវេថ្លែងថ្លែងនៅក្នុងរដ្ឋសភាថាប្រទេសនេះហាក់ដូចជាមានសត្វដំរីច្រើនលើសពីតម្រូវការជាក់ស្ដែង ហើយលើសពីសមត្ថភាពដែលព្រៃឈើរបស់ហ្ស៊ីមបាវេអាចរ៉ាប់រងធ្វើជាលំនៅដ្ឋានរបស់ពួកវា។
រដ្ឋមន្ត្រីរូបនេះប្រាប់ថានៅពេលសត្វដំរីសម្បូរហូរហៀរច្រើនដល់ថ្នាក់នេះវាធ្វើឱ្យប្រទេសរបស់យើងខ្វះខាតធនធានសម្រាប់បម្រើឱ្យសេចក្ដីត្រូវការរបស់ពួកវា។ ដូច្នេះយូរៗទៅ សត្វ និងមនុស្សអាចនឹងផ្ទុះសង្គ្រាមដណ្ដើមទឹកដី និងធនធានសម្រាប់ចិញ្ចឹមជីវិត។ រដ្ឋមន្ត្រីរូបនេះថ្លែងថាហ្ស៊ីមបាវេចាប់អារម្មណ៍ខ្លាំងចំពោះចំណាត់ការរបស់ណាមីបៀដែលកាប់ដំរីយកសាច់ចែកជូនអ្នកអត់-ឃ្លាន។
គេអាចធ្វើងៀតសាច់ដំរី និងវេចខ្ចប់ឱ្យបានស្រួលដើម្បីបញ្ជូនទៅឱ្យអ្នករស់នៅតាមសហគមន៍ដែលត្រូវការប្រូតេអ៊ីនដើម្បីបំប៉នសុខភាពឡើងវិញ។ នៅប្រទេសណាមីបៀកាលពីខែសីហា អាជ្ញាធរអនុម័តឱ្យសម្លាប់សត្វព្រៃ៧រយក្បាល រួមទាំងសត្វដំរីមួយចំនួនផងដែរដើម្បីចែកជូនប្រជាជនអត់-ឃ្លាន។ ក្រសួងបរិស្ថាន, ព្រៃឈើ និងទេសចរណ៍ណាមីបៀប្រាប់ថារហូតមកដល់ពេលនេះ ខ្លួនបានសម្លាប់សត្វព្រៃ១៥០ក្បាល ផលិតជាសាច់បានជាង៥៦តោនដើម្បីចែកជូនអ្នកអត់-ឃ្លាន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្ស៊ីមបាវេប្រាប់ថាការសម្លាប់សត្វដំរីយកសាច់នឹងចាប់ផ្ដើមធ្វើឡើងនៅក្នុងតំបន់ដែលសម្បូរហូរហៀរនៃសត្វដំរី។ ទោះបីជាក្រោមហេតុផលអ្វីក៏ដោយ ការសម្លាប់សត្វដំរីយកសាច់ត្រូវក្រុមការពារសិទ្ធិរបស់សត្វរិះគន់យ៉ាងចាស់ដៃ។ ពួកគេយល់ថាសត្វដំរីមានសិទ្ធិរស់រានមានជីវិតពីកំណើត។ ម៉្យាងទៀត ក្មេងៗជំនាន់ក្រោយមានសិទ្ធិទស្សនាសត្វដំរីរស់នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា។ ដូច្នេះ ផែនការសម្លាប់សត្វដំរីយកសាច់ត្រូវតែបញ្ឈប់ជាបន្ទាន់៕
ចែករំលែកព័តមាននេះ