(ថៃ)៖ ព្រះពុទ្ធបដិមាព្រះអង្គបរិនិពាន្វខ្នាតយក្សនៅខេត្តឈៀងម៉ៃ បានដាច់ព្រះកេសធ្លាក់ដល់ដៃដោយសារព្យុះភ្លៀង ខណៈបដិមាព្រះអង្គធំលើកំពូលភ្នំនៅភូកេតកំពុងប្រឈនឹងមហានិភ័យ ។ ឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាក់ជីបង្កឱ្យមានគ្រោះធម្មជាតិទឹកជំនន់ និងបំណាក់ដីរាប់សិបកន្លែងទាំងនៅប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃជាដើម ។ គ្រោះធម្មជាតិលើកនេះ ជាគ្រោះកាចមិនធម្មតា ដោយបើកការវាយប្រហារបំផ្លិចបំផ្លាញសម្លាប់ជីវិតមនុស្សសត្វ ដោយមិនរើសមុខឡើយ ហើយសូម្បីតែទីកន្លែងសក្ការៈបូជា ដូចជាព្រះវិហារ វត្តអារាម អាស្រមអ្នកតា និងព្រះពុទ្ធបរិមាជាដើម ។
ជាក់ស្តែង បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation បានឱ្យដឹងថា ព្រះពុទ្ធបដិមាព្រះអង្គបរិនិពាន្វខ្នាតយក្សប្រវែង៦០ម៉ែត្រ នៅវត្ដ Wat Phra That Doi Saket ដែលជាវត្តមួយដ៏ល្បីបំផុតប្រចាំខេត្តឈៀងម៉ៃ បានរំលំបាក់ព្រះកេសធ្លាក់ចុះ កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ជំរុញឱ្យអាជ្ញាធរប្រកាសត្រូវបានបិទទីតាំងនោះ ដើម្បីបង្ការគ្រោះថ្នាក់ និងរៀបចំផែនការជួសជុល ។
ដំបូងឡើយ ព្រះចៅអធិការវត្តមួយនេះ បានព្យាយាមលាក់បាំងហេតុការណ៍ដែលកើតឡើងពីសាធារណជន ដោយបានយកផ្ទាំងតង់មកគ្រប់ និងហ៊ុមព័ទ្ធទីតាំងនោះ ហាក់បីជាការដ្ឋានសាងសង់ ដើម្បីកុំគេមើលឃើញភាពបាក់បែករបស់ព្រះពុទ្ធបដិមា ។ ព្រះចៅអធិការវត្តពន្យល់ថា ដើមចមដែលគាត់មិនចង់ឲ្យព័ត៌មាននេះខ្ច៉ខ្ចាយនោះទេ ព្រោះខ្លាចអ្នកស្រុកភ័យស្លន់ស្លោរ គិតថា វាជាប្រផ្នូលអាក្រក់ ចំពេលដែល ស្រុកទេស និងខេត្តឈៀងម៉ៃផ្ទាល់ កំពុងរងគ្រោះស្រាប់ដោយសារគ្រោះធម្មជាតិ។
ប៉ុន្តែ ដូចពាក្យថា ដំរីងាប់ យកចង្អេរទៅបាំង ម្តេចនឹងជិត ទីបំផុតរឿងនេះក៏ត្រូវបែកធ្លាយត្រឹមតែរយៈពេល២ថ្ងៃក្រោយប៉ុណ្ណោះ ពោលគីឈានមកព្រឹកថ្ងៃអាទិត្យ អ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចុះទៅដល់ទីតាំងកើតហេតុ បន្ទាប់ពីបានឃើញ ការបង្ហោះតាមហ្វេសប៊ុករបស់បុរសម្នាក់។ ព្រះសង្ឃក្នុងវត្តបានបង្ហើបថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃសុក្រ ហើយនៅពេលដែល ព្រះកេសបាក់ធ្លាក់ បានបង្កជាសំឡេងយ៉ាងខ្លាំង ធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងវត្តភ្ញាក់ផ្អើលនិងស្ទុះមកមើលគ្រប់ៗគ្នា។
ព្រះពុទ្ធបដិមាព្រះអង្គបរិនិពាន្វខ្នាតយក្សនេះមានបណ្តោយ ៥៩,៩៩ ម៉ែត្រ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០២០ មុនពេលកើតហេតុ បដិមានេះសឹងតែរួចរាល់១០០ភាគរយហើយ នៅតែខ្វះព្រះនេត្រទាំងសងខាងប៉ុណ្ណោះ។ បដិមាដែលត្រូវចំណាយថវិកាសាងសង់ ១លានបាត នេះត្រូវគេសង្ស័យថា ចាក់ស្តើង ស៊ីក្រាស់ពេក ទើបមិនមានគុណភាព។
អ្នកភូមិមួយចំនួននៅស្រុកដូយសាកេត នាំគ្នារិះគន់ថា ប្រហែលជាសំណង់នេះ ខាំស៊ីម៉ងតិ៍ ប្រើដែកតូចៗពេក ដែលមិនអាចទ្រទម្ងន់ព្រះពុទ្ធបដិមា ទើបបណ្តាលឲ្យបាក់រលំបែបនេះ។ អ្នកស្រុកមនុស្សមួយចំនួនទៀតក៏បាននិយាយផងដែរថា វាអាចជាប្រផ្នូលដែលថា នឹងមានអ្វីមួយអាចកើតឡើង តែសំណាងហើយដែលវាបានបាក់មុន ពិធីអភិសេកដែលគ្រោងធ្វើឡើងនាពេលឆាប់ៗ ដែលគ្រោងនឹងមានមនុស្សរាប់ពាន់នាក់ចូលរួមនោះ។
ងាកចេញពីខេត្តឈៀងម៉ៃ នៅឯខេត្តភូកេត ឯណោះវិញ ពាក់ព័ន្ធរូបបដិមាខ្នាតយក្សស្រដៀងគ្នានេះដែរ ក៏កំពុងមានការព្រួយបារម្មណ៍ថា អាចនឹងមានហេតុការណ៍បាក់ស្រុតនៅជុំវិញទីតាំង ព្រះពុទ្ធបដិមាខ្នាតយក្ស Big Budha Phuket។
ព្រះពុទ្ធធំភូកេត ពណ៌ស ធ្វើពីថ្មម៉ាប់ កំពស់៤៥ម៉ែត្រមួយនេះ គឺជានិមិត្តរូបដ៏សំខាន់មួយរបស់ខេត្តភូកេត និងស្ថិតនៅកំពូលភ្នំ Nakkerd ទើបតែកើតមានហេតុការណ៍បាក់ដីចុះពីភ្នំសម្លាប់មនុស្ស១៣នាក់កាលពីចុងខែសីហា ហើយពេលនេះ ត្រូវបានអាជ្ញាធរជំនាញ មកនាយកដ្ឋានធនធានរ៉ែថៃ ព្រមានពីឱកាសនៃការបាក់ដីបន្ថែមទៀតនាពេលអនាគត៕
ចែករំលែកព័តមាននេះ