រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅ នយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេស បានជម្រាបជូនថា កាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែត បានជូនដំណឹង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងបានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត បានសម្រេចដូចខាងលើ ក្រោមហេតុផល នៃការរៀបចំឡើងវិញ នូវចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។
សូមជម្រាបផងដែរថា ស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ បានប្រកាសតាមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ថា ស្ថានទូត នឹងបិទទ្វារជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះតទៅ ៕
ចែករំលែកព័តមាននេះ