ទីក្រុងកៀវ៖ ថ្មីៗនេះ កងទ័ពរុស្ស៊ីអះអាងថាពួកគេវាយដណ្ដើមបានទឹកដីដែលបានធ្លាក់ទៅក្នុងដៃរបស់អ៊ុយក្រែននៅតំបន់ខឺសមកវិញជាបណ្ដើរៗហើយ។ ការថ្លែងដូចនេះបន្ទាប់ពីរុស្ស៊ីបញ្ជូនកងទ័ពទៅវាយបកវិញទៅលើកងទ័ពអ៊ុយក្រែនដែលបើកការវាយប្រហារឆ្លងព្រំដែនចូលតំបន់ខឺសរបស់រុស្ស៊ីដំបូងកាលពីដើមខែសីហា។ ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថារុស្ស៊ីចាប់ផ្ដើមវាយបកវិញយ៉ាងខ្លាំងក្លាពិតប្រាកដមែន។

ចាប់តាំងពីអ៊ុយក្រែនវាយចូលតំបន់ខឺស រុស្ស៊ីតែងតែចិញ្ចឹមចិត្តថាថ្ងៃណាមួយខ្លួននឹងវាយយកមកវិញឱ្យទាល់តែបាន។ បើទុកជារុស្ស៊ីវាយយកទឹកដីរបស់ខ្លួនមកវិញ១០០%ក៏គ្មានអ្វីភ្ញាក់ផ្អើលប៉ុន្មានទេ។ អ្វីដែលភ្ញាក់ផ្អើលគឺការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែន។ នេះជាករណីដំបូងចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ដែលប្រទេសដទៃវាយចូលទឹកដីរុស្ស៊ី។

ថ្វីដ្បិតរុស្ស៊ីអះអាងពីការដណ្ដើមបានទឹកដីខ្លះពីកណ្ដាប់ដៃអ៊ុយក្រែនមកវិញ ប៉ុន្តែពួកគេ (រុស្ស៊ី)មិនទាន់រុញច្រានកងទ័ពទាំងនេះឱ្យចាកផុតទីព្រំដែនរុស្ស៊ីទេ។ មិនតែប៉ុណ្ណោះ រុស្ស៊ីត្រូវប្រឈមនឹងបញ្ហាពិបាកជាច្រើនដូចជាត្រូវរ៉ាប់រងជម្លៀសមនុស្សមួយសែន ប្រាំម៉ឺននាក់ និងបង្កើតទីជម្រកបណ្ដោះអាសន្នដើម្បីទទួលជនស៊ីវិលដែលរត់គេចេញពីទីតាំងប្រយុទ្ធគ្នា។

ក្រសួងការពារជាតិរុស្ស៊ីប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលថា «កងឯកភាពនៅតំបន់ខាងជើងទើបតែវាយរំដោះបានទីតាំងដប់កន្លែងនៅក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ»។ ប្រធានាធិបតីអ៊ុយក្រែនមិនបាននិយាយលម្អិតទេថាតើរុស្ស៊ីវាយបកទៅលើកងទ័ពអ៊ុយក្រែនកម្រិតណា។ ប៉ុន្តែលោកយល់ថាការវាយឆ្មក់របស់អ៊ុយក្រែនបានប្រព្រឹត្តទៅដូចផែនការដែលបានគ្រោងទុក។

អគ្គបញ្ជាការកងទ័ពអ៊ុយក្រែនថ្លែងកាលពីចុងខែសីហាថាកងទ័ពរបស់លោកអាចវាយយកបានទឹកដីរុស្ស៊ី១០០ទីតាំងដែលមានទំហំដី១៣០០គីឡូម៉ែត្រការ៉េ។ អ៊ុយក្រែនបញ្ជាក់ថាខ្លួនវាយចូលរុស្ស៊ីលើកនេះមិនមែនចង់ប្លន់យកទឹកដីរុស្ស៊ីទេ។ ប៉ុន្តែចង់ឱ្យរុស្ស៊ីបន្ធូរដៃខ្លះនៅអ៊ុយក្រែន ហើយអាចនឹងយកទឹកដីរុស្ស៊ីនេះធ្វើជាលក្ខខណ្ឌក្នុងការចរចាគ្នានាពេលអនាគត។

ការវាយបករបស់រុស្ស៊ីទៅលើកងទ័ពអ៊ុយក្រែនលើកនេះធ្វើឡើងនៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិកសន្យាថាទីក្រុងវ៉ាស៊ីនតោននឹងពិនិត្យមើលសំណើរបស់អ៊ុយក្រែនដែលចង់បានជំនួយរបស់បស្ចិមប្រទេសដើម្បីវាយចូលជ្រៅៗទៅក្នុងទឹកដីរុស្ស៊ី។ អ៊ុយក្រែនចង់បានអាវុធដែលអាចវាយប្រហារចំគោលដៅល្អទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី និងគោលដៅយោធាដទៃទៀត។ ដូច្នេះ នៅថ្ងៃសុក្រសប្ដាហ៍នេះលោកបៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេសនឹងពិនិត្យមើលសំណើរបស់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ