វៀតណាម ៖ ស្ត្រីឈ្មោះ ឡៃ បានយំស្រែករៀបរាប់ថា «ភូមិទាំងមូលត្រូវរលាយសូន្យ ភូមិទាំងមូលគ្មានសល់ផ្ទះសូម្បីតែមួយខ្នង ខ្ញុំឃើញតែដី ចុះឯណាទៅប្តីខ្ញុំ ព្រះអើយ» ។
ស្ត្រីដដែលបន្តទាំងសោកសៅថា«នៅម៉ោងប្រហែល៥កន្លះព្រឹក ថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីលឺសំឡេងផ្ទុះយ៉ាងខ្លាំងនៅលើភ្នំ ទាំងថ្ម និងដី បានចាប់ផ្ដើមបាក់ និងហូរបុកចុះមកយ៉ាងរហ័ស ក្នុងរយៈពេលប្រហែលតែ២នាទីប៉ុណ្ណោះ វាបានហូរមកដល់ភូមិ ដែលនៅជាប់ជើងភ្នំ Con Voi បណ្តាលអោយផ្ទះទាំង៣៥ ខ្នង ដួលរលំរាបដល់ដី ស្ទើរតែទាំងស្រុង ។» អ្នកស្រីឡៃ បន្តរៀបរាប់ទាំងទឹកភ្នែកថា ៖ «វាជារឿងឈឺចាប់ជាទីបំផុត នៅក្នុងជីវិត សមាជិគ្រួសារជាទីស្រលាញ់របស់ខ្ញុំ ទាំង១២នាក់បានស្លា.ប់ទាំងអស់» ។
ចាប់តាំងពីព្រលឹម ថ្ងៃទី១១ ខែកញ្ញា គ្រួសារសាច់ញាតិរបស់អ្នកភូមិ រងគ្រោះបាននាំគ្នាមករង់ចាំនៅឃុំ Phuc Khanh ដើម្បីចាំស្តាប់ដំណឹងអំពីសាច់ញាតិរបស់ពួកគេ ដែលបន្តបាត់ខ្លួន៦៥នាក់ ខណៈដែលកងកម្លាំងចម្រុះ និងអ្នកស្ម័គ្រចិត្តរាប់រយនាក់ កំពុងព្យាយាមរុករកជនរងគ្រោះ ។ ស្របគ្នានឹងភាពសោកសង្រេងនេះ សាកស.ពអ្មកភូមិដែលបានរកឃើញត្រូវបានរៀបចំពិធីបញ្ចុះរួមគ្នាជាបន្តបន្ទាប់ ដោយអ្នកភូមិ និងទាហាននាំគ្នាសែងម្ឈូសទាំងមេឃកំពុងបន្តធ្លាក់ភ្លៀង ។
ប្រភពពីសារព័ត៌មាន VTC News គិតត្រឹមម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា អាជ្ញាធររកឃើញសា.កស.ព៣៥នាក់ហើយ ខណៈ៦១នាក់ បន្តបាត់ខ្លួន ។ ក្រៅពីនោះមនុស្ស៤៦នាក់ បានរួចផុតគ្រោះថ្នាក់ និង១៧នាក់រងរបួសធ្ងន់ស្រាល ហើយជនរងគ្រោះ៥នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ជាមួយស្ថានភាពធ្ងន់ធ្ងរ ។
គួររំលឹកថា ដោយសារឥទ្ធិពលព្យូះសង្ឃរា Yagi បណ្តាលអោយមានភ្លៀងធ្លាក់ជោគជាំច្រើនថ្ងៃជាប់គ្នា បណ្តាលអោយកើតជាទឹកជំនន់ និងរអិលបាក់ដី ហើយ កាលពីព្រឹមព្រលឹមទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ទឹកជំនន់បានបង្កឱ្យមានការបាក់ដីនាំយកទាំងផ្ទាំងថ្ម និងភក់ហូរចុះពីភ្នំ Con Voi យ៉ាងរហ័ស កប់ទៅលើភូមិអ្នកស្រុក កំឡុងពេលដែលពួកគេភាគច្រើនមិនទាន់ភ្ញាក់ពីដំណេកនៅឡើយទើបបណ្តាលឲ្យមានអ្នកស្លា.ប់ និងរបួសជាច្រើននាក់បែបនេះ ។
អាជ្ញាធរបានព្យាករណ៍ថា ប្រតិបត្តិការរុករកអាចអូសបន្លាយ ពេលជាច្រើនថ្ងៃ ព្រោះទំហំដី ដែលបាក់ធំខ្លាំងពេក ហើយផ្ទះសម្បែង និងរបស់របរបានហូរទៅឆ្ងាយជាច្រើនគីឡូម៉ែត្រ ដូចនេះសា.កស.ពជនរងគ្រោះ ដែលនៅក្នុងផ្ទះក៏អាចរសាត់បែកខ្ញែកពាសពេញតំបន់រងគ្រោះ ។
ជាពិសេសប្រតិបត្តិការរុករកពោរពេញដោយឧបសគ្គ និងប្រឈមហានិភ័យ ព្រោះតែបារម្ភថា អាចនឹងមានឧបទ្ទហេតុទឹកជំនន់ និងបាក់ដីកើតមានសារជាថ្មី ។ ជាក់ស្តែង នៅវេលាម៉ោង៤និង៥០នាទី ទឹកជំនន់បានហូរចុះពីភ្នំតម្រូវអោយក្រុមជួយសង្គ្រោះបានចាកចេញពីកន្លែងកើតហេតុភ្លាមៗ និងផ្អាកប្រតិបត្តិការរុករក ដើម្បីធានាសុវត្ថិភាព ។
គួរបញ្ជាក់ថា ភូមិកើតហេតុស្ថិតក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ក្នុងឃុំ Phuc Khanh មានចម្ងាយ៤០គីឡូម៉ែត្រពីស្រុក Bao Yen និងមានចម្ងាយប្រហែល១២០គីឡូម៉ែត្រពីទីរួមខេត្ត Lao Cai ។
សូមជម្រាបផងដែរថា គិតត្រឹមម៉ោង០២និង៣០នាទីរសៀល ថ្ងៃពុធ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមសារព័ត៌មាន VN Express គ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងពីព្យុះសង្ឃរាYagi នៅភាគខាងជើង ប្រទេសវៀតណាម បានសម្លា.ប់មនុស្សច្រើនជាង១៧៩នាក់ និង១៤៥នាក់បន្តបាត់ខ្លួន និងរបួសប្រមាណជា ៧៦៤នាក់ ៕
ចែករំលែកព័តមាននេះ