បុត្រីស្តេចឌូបៃ បញ្ចេញម៉ាកទឹកអប់ថ្មីឈ្មោះ «លែងលះ» ក្រោយដាច់ស្រេចជាមួយព្រះស្វាមី
ទីក្រុងឌូបៃ ៖ ព្រះនាង ហ្សេកខា ម៉ារ៉ា ប៊ីន មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់…
ទីក្រុងឌូបៃ ៖ ព្រះនាង ហ្សេកខា ម៉ារ៉ា ប៊ីន មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់…
ទីក្រុងឌូបៃ ៖ ព្រះនាង ហ្សេកខា ម៉ារ៉ា ប៊ីន មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់ ម៉ាកទូម (Sheikha Mahra Bint Mohammed bin Rashid Al Maktoum) ដែលជាបុត្រីព្រះអង្គម្ចាស់ ហ្សេក មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់ ម៉ាកទូម (Sheikh Mohammed bin Rashid Al Maktoum) ព្រះមហាក្សត្រឌូបៃ កាលពីថ្មីៗនេះ បានបញ្ចេញម៉ាកទឹកអប់ថ្មី ដែលមានឈ្មោះថា «Divorce» មានន័យជាភាសាខ្មែរថា «លែងលះ» ពោលបន្ទាប់ពីព្រះនាងបានលែងលះជាមួយនឹងព្រះស្វាមីព្រះនាង កាលពីខែកក្កដាកន្លងទៅ។
នៅក្នុងវីដេអូឃ្លីបខ្លីមួយផ្សព្វផ្សាយអំពីទឹកអប់ថ្មីរបស់ព្រះនាង ហ្សេកខា ម៉ារ៉ា ដោយប្រកាសជាផ្លូវការនូវវត្តមានទឹកអប់ថ្មីឈ្មោះ Divorce ដែលដំណើរការក្រោមម៉ាកទឹកអប់ Mahra M1។ វីដេអូផ្សព្វផ្សាយរួមបញ្ចូលឈុតឆាកពិសេសៗរបស់ព្រះនាងជាមួយនឹងផ្កាកុលាបខ្មៅ កញ្ចក់បែក និងភ្នែកខ្លារខិនផងដែរ។ ព្រះនាងក៏បានចែករំលែករូបភាពជាមួយដបទឹកអប់ខ្មៅរលោងរំលេចដោយពាក្យ Divorce ឬ លែងលះ នៅផ្នែកខាងមុខដបទឹកអប នៅលើគណនី Instagram របស់ព្រះនាងដែលមានអ្នកតាមដានជាង ៩៨៥,០០០នាក់។ អ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយទឹកអប់ថ្មីនេះ ជាពិសេសលើឈ្មោះផ្ទាល់តែម្តង ដែលផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវរបស់ព្រះនាង ហ្សេកខា ម៉ារ៉ា។
គួររំលឹកផងដែរថា ព្រះនាង ហ្សេកខា ម៉ារ៉ា ប៊ីន មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់ ម៉ាកទូម បានប្រកាសលែងលះជាមួយព្រះស្វាមី ហ្សេក ម៉ាណា ប៊ីន មហាំម៉ាត់ (Sheikh Mana bin Mohammed) ដែលត្រូវបានស្គាល់ថាជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ កាលពីខែកក្កដាកន្លងទៅ ពោលគឺត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ បន្ទាប់ពីព្រះនាងបានផ្តល់កំណើតបុត្រី១អង្គ។ ព្រះនាង ហ្សេកខា ម៉ារ៉ា គឺជាបុត្រីព្រះអង្គម្ចាស់ ហ្សេក មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់ ម៉ាកទូម ព្រះមហាក្សត្រទីក្រុងឌូបៃ ហើយព្រះអង្គក៏មានតួនាទីជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួមផងដែរ។
ព្រះអង្គម្ចាស់ ហ្សេក មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់ ម៉ាកទូម គឺមហាសេដ្ឋីដែលបង្កើតប្រាក់ចំណូលភាគច្រើនរបស់ព្រះអង្គពីវិស័យអចលនទ្រព្យ ហើយព្រះអង្គត្រូវបានទទួលស្គាល់ថា គឺជាបុគ្គលអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោបំផុត១រូបរបស់ពិភពលោក។ បើតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗមួយចំនួនបានចុះផ្សាយថា ព្រះអង្គមានព្រះរាជទ្រព្យត្រូវប៉ាន់ស្មានថាប្រមាណ ១៤ពាន់លានដុល្លារអាមេរិក៕ (ប្រភព ៖ Daily Mail និង VnExpress)
ចែករំលែកព័តមាននេះ