ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ប្រមូល​ទិញ​ផ្លែ​ស្លា​តាម​បណ្ដា​ខេត្ត​នានា​ យកមក​លក់​ឱ្យ​អ្នក​ជី​ហែ ទទួលបានប្រាក់​ចំណេញសមរម្យ​

3 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ផ្លែ​ស្លា​ចាស់​និង​ទុំ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ចុះ​ប្រមូល​ទិញ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ​និង​ខេត្តសៀមរាប ដើម្បី​យក​មក​លក់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជី​ហែរ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដើម្បី​ហាល​ជា​ចំណិត​ឲ្យ​ក្រៀម​នោះ​នឹង​មាន​ក្រុម​ឈ្មួញ​ចុះ​មក​ទិញ បន្ត​ប្រមូល​លក់​លើ​ទីផ្សារ​នានា…

ខេត្តកំពង់ចាម​ ៖ ផ្លែ​ស្លា​ចាស់​និង​ទុំ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ចុះ​ប្រមូល​ទិញ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ​និង​ខេត្តសៀមរាប ដើម្បី​យក​មក​លក់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជី​ហែរ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដើម្បី​ហាល​ជា​ចំណិត​ឲ្យ​ក្រៀម​នោះ​នឹង​មាន​ក្រុម​ឈ្មួញ​ចុះ​មក​ទិញ បន្ត​ប្រមូល​លក់​លើ​ទីផ្សារ​នានា ហើយ​របរ​នេះ​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​ឲ្យ​ប្រសើរ​មួយ​កម្រិត​ផង​ដែរ​។

លោក​លី គឹ​ម​ជ័រ អាយុ​៥០​ឆ្នាំ រស់នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​រៀបរាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា​ឆ្នាំ​២០២៤​ថា​: គាត់​ត្រូវ​បើករថយន្ត​ចេញពីផ្ទះ​របស់​ខ្លួន​រួម​ជាមួយនឹង​ក្មួយ​ប្រុស​ម្នាក់ ចុះ​ប្រមូល​ទិញ​ស្លា​ចាស់ដល់ទី​កន្លែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាមដោយ​ត្រូវ​ចំណាយពេល​បី​ថ្ងៃ​ទៅ​មួ​យស​ប្តា​ហ៍ ទើបបាន​មួយ​រថយន្ត​ដែល​មាន​ទម្ងន់​៣​តោន​ទៅ​៥​តោន​ ​ហើយ​ស្លា​ចាស់​ទិញ​មួយ​គីឡូ​តម្លៃ​១២០០​រៀល​យក​មក​លក់​ឱ្យ​ពលរដ្ឋ​នៅ​ជី​ហែរ ស្រុក​កោះសូទិន​១​គីឡូ​បាន​១៦០០​រៀល​។

ឈ្មួញ​រូប​នេះ​បាន​រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ស្លា​ចាស់​មួយ​រថយន្ត​ដឹក​មក​លក់​ឲ្យ​គេ​ អាច​ទទួល​ប្រាក់​ចំណេញ​ក្នុង​រង្វង់​៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល​ ។ ​តែ​កន្លង​មក​ពេល​ដែល​អាកាសធាតុ​ក្តៅ​ដឹក​ស្លាយ​កមក​លក់ ទម្រាំ​ដល់​គោលដៅ​ស្លា​ត្រូវ​ស្រក់​ទម្ងន់​២០០​ទៅ​៣០០ គីឡូក្រាម ធ្វើ​ឲ្យ​គាត់​ខាតបង់​ប្រាក់​៥០ ម៉ឺន​ទៅ​១​លាន​រៀល​ក៏​មាន​។ មុខរបរ​ចុះ​ប្រមូល​ទិញ​ផ្លែ​ស្លា​ចាស់​ដំបូង​ធ្វើ​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០១-២០០២ ជាមួយនឹង​ប្រពន្ធ ដោយ​ទិញ​ពី​ពលរដ្ឋ​នៅ​ក្រុង​សួង​និង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ពេល​ដែល​ខ្សត់​ក៏​បាន​បើករថយន្ត​ចុះ​ទិញ​តាម​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ពេល​ខ្លះ​ដល់​កំពង់ធំ​និង​សៀមរាប​ក៏​មាន​។

ឈ្មួញដដែលបានបន្តថា បើ​មិន​បាន​ចុះ​ដល់​ចំការ​របស់​ពលរដ្ឋ​ទេ​គាត់​ត្រូវ​បញ្ឈរ​រថយន្ត​នៅ​មុខ​ផ្ទះ​ដើម្បី​ប្រមូល​ទិញ​ពី​អ្នក​ដឹក​តាម​ម៉ូតូ​យក​មក​លក់​បន្ត​។ ដោយសារ​តែ​របរ​នេះ​បាន​ជួយ​ដល់​ជីវភាព​ក្រុម​គ្រួសារ​ឲ្យ​បាន​ប្រសើរ​មួយ​កម្រិត​ក៏​បន្ត​អាជីព​រហូត​មក​ដល់​សព្វថ្ងៃ​។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០២៤ ស្លា​ទុំ​មួយ​រថយន្ត​ត្រូវ​បាន​ដឹក​យក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម អាច​បាន​មួយ​គីឡូ​តម្លៃ​២០០០​រៀល​។ ចំពោះ​ប្រភេទ​ស្លា​ស្រួច​ដែល​មាន​ទំហំ​ប៉ុន​មេដៃ​មនុស្ស​ចាស់ គាត់​ចុះ​ប្រមូល​ទិញ​តាម​ខេត្តកំពង់ចាម កំពង់ធំ​និង​បណ្ដា​ខេត្ត​ផ្សេង​ទៀត​គឺ​មួយ​គីឡូ​តម្លៃ​៣៥០០៛ យក​មក​លក់​នៅ​ព្រំដែន​វៀតណាម​ឲ្យ​ឈ្មួញកណ្ដាល​គឺ​គេ​យក​ស្លា​ប្រភេទ​នេះ​ទៅ​ចំហុយ​ធ្វើ​ជា​ដំណាប់ សម្រាប់​ហូប​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន​។

ដោយ​ស្លា​នេះ​គេ​ហូប​តាំងពី​ក្មេង​អាយុ​១០ ឆ្នាំ​ឡើង​ជួយ​ការពារ​កំ​ដៅ​ក្នុង​ខ្លួន​កុំ​ឲ្យ​ឡើង​ហើយ​ក៏​ជា​ឱសថ​សម្រាប់​ទម្លាក់​ព្រូន​មាន​ប្រសិទ្ធភាព សូ​ម្បី​តែ​នៅ​តាម​កាស៊ីណូ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​គេ​ទិញ​ដំណាប់​ស្លា​នេះ​ពី​ប្រទេស​ចិន ត្រូវ​បាន​គេ​វេច​ខ្ចប់​ជា​កញ្ចប់​តូច​ៗ​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទៀត​ផង​។

លោក​គឹ​ម ជ័រ បាន​បញ្ជាក់​ថា បើ​ផ្លែ​ស្លា​ចាស់​គាត់​លក់​ឱ្យ​ពលរដ្ឋ​នៅ​ជី​ហែរ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដោយ​មួយ​គីឡូ​ចំណេញ​៤០០​រៀល គឺ​គេ​យក​ទៅ​កែ​ច្នៃ​ស្ងោរ​ចិត​ហាលថ្ងៃ​ឱ្យ​ស្ងួត មួយ​គីឡូ​លក់​បាន​តម្លៃ​៣៥០០០៛ ។ មុខរបរ​នេះ​បើសិនជា​ជួល​រថយន្ត​គេ​មក​ដឹក​ផ្លែ​ស្លា​ដែល​ចុះ​ទិញ​ពី​តាម​បណ្ដា​ខេត្ត​មក​លក់​នៅ​ជី​ហែរ​និង​ព្រំដែន​ប្រទេស​វៀតណាម​នោះ​មិន​ទទួល​ប្រាក់​ចំណេញ​ទេ អាច​ត្រូវ​ខាត​ចូល​ដើម​។​សំខាន់​គឺ​មាន​រថយន្ត​របស់​ខ្លួន​មួយ​គ្រឿង​សម្រាប់​ដឹក​យក​ទៅ​លក់​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​មិន​ច្រើន​នោះ​ទេ ទោះជា​យ៉ាងណា​ក៏​ដោយ​របរ​មួយ​នេះ​បាន​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​ឲ្យ​បាន​ប្រសើរ​មួយ​កម្រិត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ