ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឡាន​១​​គ្រឿង​កែ​ច្នៃ​ដឹកឈើ​ជាង​៦​ម៉ែត្រគូប​អត់​ច្បាប់​របស់​មេ​ឈ្មួញ​​ឈ្មោះ​​ហ្វី​លី​ប​ដ៏​ល្បីល្បាញម្នាក់​

5 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​របស់​មេ​ឈ្មួញ​ល្បី​មានឈ្មោះ(​ហ្វី​លី​ប​)​ប្រចាំ​តំបន់​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សំរោង​ទង​ធ្វើការ​បង្ក្រាប​បាន ខណៈ​ដែល​មេ​ឈ្មួញ​ឈ្មោះ​ហ្វី​លី​ប បានឱ្យ​កូនចៅ​ដឹកឈើ​អារ​ជ្រុង​(​ឈើ​ឃ្លុំ​) ប្រមាណ​៦​ម៉ែត្រគូប រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​របស់​មេ​ឈ្មួញ​ល្បី​មានឈ្មោះ
(​ហ្វី​លី​ប​)​ប្រចាំ​តំបន់​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សំរោង​ទង​ធ្វើការ​បង្ក្រាប​បាន ខណៈ​ដែល​មេ​ឈ្មួញ​ឈ្មោះ​ហ្វី​លី​ប បានឱ្យ​កូនចៅ​ដឹកឈើ​អារ​ជ្រុង​(​ឈើ​ឃ្លុំ​) ប្រមាណ​៦​ម៉ែត្រគូប រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​ផ្គង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សំរោង​ទង បង្ក្រាប​រថយន្ត​ដឹកឈើ​បាន​និយាយ​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​បាន​មេព្រៃ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំរោង​ទង​បង្ក្រាប​នោះ​ម៉ាក​TOPIC ពណ៌​ឈាម​ជ្រូក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2K. 0021 ជា​ប្រភេទ​រថយន្ត​កែ​ច្នៃ​ដឹកឈើ​ដោយ​ម្ចាស់​ឈ្មោះ​ហ្វី​លី​ប ជា​មេ​ឈ្មួញ​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​តំបន់​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ា​ល់ ។

ប្រភព​ព៌​មាន​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា រថយន្ត​កែ​ច្នៃ​របស់​មេ​ឈ្មួញ​ឈ្មោះ ហ្វី​លី​ប​នេះ ប្រមូល​​ទិញ​ឈើ​ឃ្លុំ​ជ្រុង​ៗ ដែល​មានមុខ​កាត់​៤០​ទៅ​៥០​ដុំ ដែល​ក្រុម​អ្នក​កាប់​ឈើ​ចេញពី​តំបន់​ឆាយ​រាប ក្នុង​ខេត្តកោះកុង​ព្រំប្រទល់​ជាមួយ​ភូមិ​រមាំង​សរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ការ​ប្រមូល​ទិញ​ឈើ​របស់​ថៅកែ ឈ្មោះ ហ្វី​លី​ប​រូប​នេះ ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ស្ទើរ​រលាយ​ឈើ​នៅ​ស្រុក​ឱ​រ៉ា​ល់​ទៅ​ហើយ ដោយ​ប្រើ​គ្រប់​រូបភាព​ក្នុង​ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​នេះ ។ មាន​ទាំង​គោ​យន្ត​កន្ត្រៃ​ដឹក​ចេញពី​ក្នុង​ព្រៃ ហើយ​មក​ដល់​ស្ទឹងធំ ទើប​ថៅកែ​ហ្វី​លី​ប ប្រើ​រថយន្ត​ស្ទូច​ដាក់​លើ​រថយន្ត​កែ​ច្នៃ​មិន​ក្រោម​០៤​គ្រឿង​នោះ​ឡើយ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ថៅកែ​ឈ្មោះ ហ្វី​លី​ប នេះ ពេល​ដែល​ធ្វើការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ម្តង​ៗ តែងតែមាន​កូនចៅ​ជិះ​រថយន្ត​ខ្វាត់ខ្វែង​ដើម្បី​មើលផ្លូវ ហើយ​ចំពោះ​សមត្ថកិច្ច​តាម​ដងផ្លូវ​វិញ គឺ​ថៅកែ​ហ្វី​លី​ប បាន​សម្រួល​ធ្វើការ​ដោះស្រាយ​រួចរាល់​អស់ហើយ សមត្ថកិច្ច​ខ្លះ​គិត​ជើង សមត្ថកិច្ច​ខ្លះ គិត​ជា​ខែ​ក៏​មាន​ដែរ ។ ទ​ង្វើ​រ​របស់​ថៅកែ​ហ្វី​លី​ប បំផ្លិចបំផ្លាញ​បែប​នេះ​ហើយ ទើប​ព្រៃឈើ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​ទាំងមូល​រង​នូវ​ការ​វិនាស​រហូត​ដល់​សព្វ​ថ្ងៃនេះ ជា​នយោបាយ «​ឯង​ជួយ​អញ អញ​ជួយ​ឯង​» ។

ថៅកែ​ប្រព្រឹត្ត និង​រកស៊ី​បទល្មើស​ព្រៃឈើ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​នេះ មិនមែន​មាន​តែ​ឈ្មោះ​ហ្វី​លី​បម្នាក់​នេះ​ទេ គឺ​មានឈ្មោះ ផល និង​ឈ្មោះ ដ​ន ទាំង​ពីរ​នាក់​នេះ ក៏​ជា​មេ​ឈ្មួញ​ល្បីឈ្មោះ​រកស៊ី​ដឹកឈើ​តាម​រថយន្ត​ធុន​ធំ​ៗ​ប្រភេទ​យី​ឌុ​ប ឬ​ហៅ​ថា​រថយន្ត​វ៉េ​អង (V1)​។ មួយវិញទៀត សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ ចាប់ពី​តំបន់​ភូមិ​រមាំង​សរ ឃុំ​តា​សាល ផ្សារ​ជាំ រហូត​ដល់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំរោង​ទង​បង្ក្រាប​នេះ មាន​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ក្រោម​១០​កន្លែង​នោះ​ទេ​ ។

មាន​ស្នាក់​ការ​របស់​មន្ត្រី​បរិស្ថាន​ខាងត្បូង​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ស្នាក់​ការ​នគរបាល​សេដ្ឋកិច្ច​ខេត្ត ស្នាក់​ការ​មន្ត្រី​កងរាជអាវុធហត្ថ ស្នាក់​ការ​មន្ត្រី​យោធា​ភូមិភាគ​ទី​៣ និង​ស្នាក់​ការ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន និង​ច្រើន​អង្គភាព​ទៀត​ផង​រាប់​មិន​អស់​ទេ ប្រៀប​ដូច​កុងត្រូលជជុះ ។

ក្រោយ​ការ​បង្ក្រាប​រថយន្ត​០១​គ្រឿង កែ​ច្នៃ​ដឹកឈើ​មាន​ចំនួន​១០​ដុំ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​សំរោង​ទង ធ្វើការ​វាស់វែង​ស្មើនឹង​៦,៧៣៧​ម៉ែត្រគូប ឈើ​អារ​ជ្រុង ប្រភេទ​លេខ​១ និង​លេខ​២ និង​ប្រភេទ​ក្រៅ​លំដាប់ថ្នាក់ ។ ជំនាញ​បាន​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ឈើ​នេះ បាន​ដឹក​ចេញពី​ខេត្ត​ផ្សេង​(​កោះកុង​) ឆ្លងកាត់​តាម​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ជា​ប្រភេទ​ឈើ​ស្ថិត​ក្រៅ​លំដាប់ថ្នាក់ ដូច​ចំនួន​ខាងលើ ជា​អំពើ​ល្មើសច្បាប់​ស្តី​ពី​ព្រៃឈើ បន្ទាប់​មក​បាន​នាំ​យក​មក រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ស្តី​ពី​ច្បាប់រដ្ឋបាល​ព្រៃឈើ ។

ព័ត៌មាន​បន្ត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ