ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុមហ៊ុន​កូរ៉េ SK Securities ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​ជា​ច្រើន

1 អាទិត្យ មុន

សាធារណរដ្ឋ​កូរ៉េ ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

សាធារណរដ្ឋ​កូរ៉េ ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Jung Jun-Ho ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន SK Securities ចូល​ជួប​សម្ដែង​ការ​គួរសម នៅ​ទីក្រុង​អ៊ី​ន​ឈាន់ សាធារណរដ្ឋ​កូរ៉េ ។

លោក​ប្រធាន​ក្រុមហ៊ុន Jung Jun-Ho បាន​សម្ដែង នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ ហើយ​បាន​លើក​ឡើង​ថា លោក​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​ជួប​សម្ដេច​តេ​ជោ​ផ្ទាល់ ដោយសារ​សម្ដេច គឺជា​ឥស្សរជន​កម្ពុជា ដែល​ល្បី​នៅ​កូរ៉េ ចាប់តាំងពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ឡើង​វិញ រវាង​ប្រទេស​ទាំង​ពីរ ។

លោក​ប្រធាន​ក្រុមហ៊ុន បាន​ជម្រាប​សម្ដេច​តេ​ជោ ថា ក្រុមហ៊ុន​របស់​លោក​មិន​ទាន់​បាន​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា នៅឡើយ​ទេ ហើយ​តាម​រយៈ​ជំនួប​នៅ​ថ្ងៃនេះ ក្រុមហ៊ុន​របស់​លោក ចាប់អារម្មណ៍​នឹង​វិនិយោគ​នៅ​កម្ពុជា ហើយ​ធ្វើការ​ទៅ​លើ​វិស័យ​ជា​ច្រើន ។

លោក​បាន​រំលឹក​ថា នៅ​ពេល​ទស្សនកិច្ច​របស់​សម្ដេច​ធិ​បតី​នៅ​កូរ៉េ លោក​បាន​រៀបចំ​ជំនួប​ជា​ច្រើន​រវាង​សម្ដេច​ធិ​បតី ជាមួយនឹង​ក្រុមហ៊ុន​កូរ៉េ និង​បាន​ពិភាក្សា​ទៅ​លើ​វិស័យ​ផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំង​អាកាសយានដ្ឋាន​ថ្មី នៅ​កម្ពុជា ផង​ដែរ ។

លោក Jung Jun-Ho បាន​លើក​ឡើង​ថា ក្រុមហ៊ុន SK Securities គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ ដែល​ទទួលស្គាល់​ពី​អង្គការសហប្រជាជាតិ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ហិរញ្ញវត្ថុ ដែល​ផ្ដោត​ទៅ​លើ​បរិស្ថាន​។ ក្រុមហ៊ុន SK Securities កំពុង​តែ​អនុវត្ត​គម្រោង​មួយ គឺ​ការ​អភិរក្ស​នៅ​ព្រៃកោងកាង ក្នុង​ខេត្តកំពត ទំហំ​៥០​ហិ​កតា នៅ​ក្នុង​ក្របខ័ណ្ឌ នៃ​ការ​ពង្រឹង​បរិស្ថាន ។

លោក​ប្រធាន​ក្រុមហ៊ុន SK Securities បាន​លើក​ឡើង​ថា ក្រុមហ៊ុន​កូរ៉េ ភាគច្រើន​បាន​ចាប់អារម្មណ៍​ទៅ​លើ​ប្រទេស​ជិតខាង​កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ាន ក៏​ប៉ុន្តែ ក្រុមហ៊ុន​របស់​លោក គឺ​ចាប់អារម្មណ៍​ទៅ​លើ​ប្រទេស​កម្ពុជា ពីព្រោះ​ប្រទេស​កម្ពុជា មាន​ទីតាំង​ល្អ និង​មាន​ធនធានមនុស្ស​។ ក្នុង​ទិស​ដៅ​នេះ លោក​ប្រធាន​ក្រុមហ៊ុន SK Securities ក៏​បាន​គោរព​សុំ​ការ​គាំទ្រ​ពី​សម្ដេច​តេ​ជោ ដល់​ក្រុមហ៊ុន​របស់​លោក ដែល​នឹង​អាច​ឈាន​ទៅ​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា ។

ជា​កិច្ច​ឆ្លើយ​តប សម្ដេច​តេ​ជោ​ហ៊ុន​សែន បាន​អរគុណ​ដល់​ក្រុមហ៊ុន SK Securities ដែល​បានឱ្យ​ដឹង​ពី​គោលបំណង​របស់​ក្រុមហ៊ុន​ពី​ការ​មាន​វត្ត​មាននៅ​កម្ពុជា​។ សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​វិនិយោគ​បន្ថែម​ពី​សំណាក់​ក្រុមហ៊ុន​កូរ៉េ​។ ដោយ​ក្រុមហ៊ុន​កូរ៉េ ភាគច្រើន​បាន​វិនិយោគ​នៅ​បណ្ដា​ប្រទេស​ជិតខាង​កម្ពុជា នៅ​ក្នុង​អាស៊ាន នៅ​កម្ពុជា​ការ​វិនិយោគ​នៅ​មាន​កម្រិត​នៅឡើយ​។ ដើម្បី​វិនិយោគ​បាន​ចំ​គោលដៅ សម្ដេច​តេ​ជោ​បាន​ផ្ដល់​អនុសាសន៍​ថា ឱ្យ​សិក្សា​លម្អិត​ថា​តើ​ចាប់​យក​ចំណុច​អ្វី ដែល​ជា​គោលដៅ នៃ​ការ​វិនិយោគ ។

សម្ដេច​បាន​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​អាកាសយានដ្ឋាន​ថ្មី គឺ​មិន​មានការ​ចាំបាច់​ក្នុង​ការ​ធ្វើការ​សិក្សា​ទេ ពីព្រោះ កម្ពុជា ទើបតែ​បាន​ដាក់​ឱ្យ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី នៅ​ខេត្តសៀមរាប និង​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី នៅ​ខេត្តកណ្ដាល ហើយ​ក៏​មាន​អាកាសយានដ្ឋាន​នៅ​តំបន់​មាត់សមុទ្រ ផង​ដែរ ។

សម្តេច​តេ​ជោ បន្ថែម​ថា កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ឧស្សាហកម្ម​កែ​ច្នៃ ពីព្រោះ​កម្ពុជា មាន​វត្ថុធាតុដើម​ច្រើន ដែល​សមត្ថភាព នៃ​ការ​កែ​ច្នៃ​នៅ​មាន​កម្រិត​។ ដោយ​ទីផ្សារ​កូរ៉េ ត្រូវការ​នាំ​ចូល​ផលិតផល​ជា​ស្បៀង​, សម្ដេច​តេ​ជោ បាន​ផ្ដល់​អនុសាសន៍ ឱ្យ​សិក្សា​អំពី​ការ​កែ​ច្នៃ​លើ​ផលិតផល​ស្បៀង​។ នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម កម្ពុជា ត្រូវការ​បច្ចេកវិទ្យា​ពី​កូរ៉េ ដូច្នេះ កម្ពុជា​ចង់​ទទួល​បាន​នៅ​បច្ចេកវិទ្យា​ពី​កូរ៉េ​។ នៅ​ក្នុង​វិស័យ​មូល​ប​ត្រ កម្ពុជា​ក៏​ត្រូវការ​ជំរុញ​វិស័យ​នេះ​ផង​ដែរ ដោយសារ​សព្វ​ថ្ងៃនេះ មិន​ទាន់​ឃើញ​មានការ​រីក​ចម្រើន​ខ្លាំងក្លា​នោះ​ទេ ។

សម្ដេច​តេ​ជោ បាន​គូ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​សម្ដេច អាច​មិន​សម​ស្រប​ជាមួយនឹង​គោលដៅ​របស់​ក្រុមហ៊ុន ក៏​ប៉ុន្តែ សុំ​ធ្វើការ​សិក្សា​ឱ្យ​បាន​លម្អិត​។ ប្រទេស​កម្ពុជា មាន​ភាព​ងាយស្រួល​ច្រើន ដូច​ជា​ការ​បង្កើត​ក្រុមហ៊ុន មិន​តម្រូវ​ឱ្យ​មាន​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក និង​ជា​ក្រុមហ៊ុន​បរទេស ១០០%​។ ម្យ៉ាងទៀត​កម្ពុជា អនុញ្ញាត​ឱ្យ​វិនិយោគិន ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ដោយ​មិន​ចាំបាច់​មានការ​ប្ដូរ ទៅ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​ឡើយ ។

សម្ដេច​តេ​ជោ បាន​បន្ថែម​ពី​ការ​ការ​វិនិយោគ​ក្នុង​រូបមន្ត ១+ និង​គូសបញ្ជាក់​ថា ក្រុមហ៊ុន ដែល​វិនិយោគ នៅ​ក្នុង​ប្រទេស​អាស៊ាន គួរ​វិនិយោគ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះថា នៅ​ពេល​ប្រទេស​មួយ​មាន​បញ្ហា ក្នុង​ផលិតកម្ម គឺ​រូបមន្ត ១+​នេះ អាច​ធានា​ច្រវាក់​ផលិតកម្ម​បាន ។

សម្ដេច​តេ​ជោ ក៏​បាន​លើក​ឡើង​ពី​បទ​ពិសោធ​របស់​ក្រុមហ៊ុន​ជប៉ុន Minebea ដែល​បាន​វិនិយោគ​នៅ​ប្រទេស​ជិតខាង​កម្ពុជា ហើយ​ក៏​បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ពេល ដែល​ប្រទេស​ជិតខាង​កម្ពុជា ជួប​ប្រទះ​នូវ​បញ្ហា​ទឹកជំនន់ រំខាន​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម រោងចក្រ​នៅ​កម្ពុជា អាច​ជំនួស​បាន ។

សម្ដេច​តេ​ជោ បាន​រំលឹក​ថា នៅ​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​សម្ដេច​ធិ​បតី នៅ​ប្រទេស​កូរ៉េ គឺ​មានការ​ព្រមព្រៀង​គ្នា​លើក​កម្រិត​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កូរ៉េ​។ សម្ដេច ជឿជាក់​ថា នៅ​ពេល​អនាគត ក្រុមហ៊ុន​កូរ៉េ នឹង​មាន​វត្តមាន​កាន់តែ​ច្រើន និង​មាន​រយៈពេល​វែង​នៅ​កម្ពុជា ដែល​ក្នុង​នោះ​ក៏​ស្រប​ទៅ​នឹង​គំនិត​របស់​ក្រុមហ៊ុន ដែល​លើក​ឡើង​អំពី​និរន្តរភាព ។ នៅ​ទី​បញ្ចប់ សម្តេច​តេ​ជោ ជូនពរ​ឱ្យ​ក្រុមហ៊ុន SK Securities ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ