ទីក្រុងបាងកក៖ ប្រទេសថៃកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង និងការបាក់ដីដែលជាឥទ្ធិពលនៃខ្យល់ព្យុះយ៉ាជី (Yagi)។ រហូតមកដល់ពេលនេះ អាជ្ញាធររកឃើញសាកសពជនរងគ្រោះ៤នាក់ដែលស្លាប់នៅខេត្តឆៀងម៉ៃ និងឆៀងរ៉ៃ។ ក្រៅពីនេះ ផ្ទះរបស់អ្នកស្រុករាប់ពាន់ខ្នងត្រូវទឹកលិច។ នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ប្រកាសថារដ្ឋាភិបាលបានបញ្ជូនកម្លាំងការងារ និងជំនួយសង្គ្រោះបន្ទាន់ទៅកាន់តំបន់រងគ្រោះហើយដើម្បីដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាជន។
នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថាករណីស្លាប់មនុស្ស៤នាក់នោះជាលើកដំបូងដែលជាឥទ្ធិពលនៃខ្យល់ព្យុះយ៉ាជី។ នៅក្នុងចំណោមនោះ ២នាក់ស្លាប់ដោយសារការបាក់ដីនៅខេត្តឆៀងម៉ៃ ខណៈដែល២នាក់ទៀតស្លាប់នៅខេត្តឆៀងរ៉ៃ។ ក្រសួងសុខាភិបាលបានបញ្ជូនបុគ្គលិករបស់ខ្លួនរួមជាមួយអ្នកស្ម័គ្រចិត្ត និងអ្នកជួយសង្គ្រោះដើម្បីជម្លៀសមនុស្សដែលងាយរងគ្រោះទៅទីកន្លែងសុវត្ថិភាព។
ក្រសួងឧតុនិយមថៃប្រកាសថាចាប់ពីពេលនេះរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយនឹងមានភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃ។ ដូច្នេះ គ្រោះទឹកជំនន់ថ្មីៗនឹងកើតឡើងជាបន្តទៀតនៅតំបន់ដដែលនេះ។ ក្រសួងបានចេញសេចក្ដីប្រកាសថាចាប់ពីថ្ងៃទី១៣ដល់១៧ ខែកញ្ញា ប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្លាក់ដ៏ខ្លាំងក្លាបំផុត។ អាជ្ញាធរ និងប្រជាជនថ្នាក់មូលដ្ឋានប្រាប់ថាទឹកជំនន់លើកនេះមានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។
ផ្សារដែលមានតូបលក់២០០កន្លែងត្រូវទឹកលិចជាង៥ដងមកហើយនៅក្នុងឆ្នាំនេះ។ ដូច្នេះ អាជ្ញាធរត្រូវកាត់ផ្ដាច់ចរន្តអគ្គិសនីនៅតំបន់លិចទឹកដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ នៅពេលផ្ដាច់ភ្លើងបែបនេះក៏ប៉ះពាល់ការប្រើប្រាស់ម៉ាស៊ីនដើម្បីបូមរំដោះទឹក និងផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភូមិចំនួន៩ផងដែរ។ តំបន់តាមមាត់ទន្លេសៃ (Sai) និងតំបន់ខ្សែទឹកខាងក្រោមក៏រងគ្រោះពីទឹកជំនន់នេះដូចគ្នា។
អ្នករស់នៅក្នុងតំបន់រងគ្រោះបានបង្ហោះវីឌីអូនៅលើបណ្ដាញសង្គម និងអំពាវនាវរកជំនួយពីអាជ្ញាធរ។ អ្នកខ្លះត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីគ្រោះថ្នាក់ដោយទុកចោលរបស់របរ ឬទ្រព្យសម្បត្តិដែលមានតម្លៃមួយឡែកសិន។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរបានប្រើប្រាស់កម្លាំងសរុបដែលមានតាំងពីមន្ត្រីមូលដ្ឋាន, ទាហាន និងភ្នាក់ងារពាក់ព័ន្ធដទៃទៀតចេញធ្វើអន្តរាគមន៍ស្រុះដៃគ្នា។ អ្នកខ្លះខិតខំដាក់បាវខ្សាចទប់ទឹកមិនឱ្យហូរចូលទៅក្នុងផ្ទះ។ ប៉ុន្តែជាការឥតប្រយោជន៍ទេ។
ខេត្តភាគខាងជើងប្រទេសថៃដទៃទៀតដូចជា៖ មេហុងសុន (Mae Hong Son), ណានផាយ៉ាវ (Nan Phayao), ឡាមផាង (Lampang) និងឆៀងម៉ៃជាដើមសុទ្ធតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងការបាក់ដីប្រហាក់ប្រហែលគ្នា។ អ្នកវិទ្យាសាស្ត្រសង្កេតឃើញថានៅក្នុងដំណាក់កាលចុងក្រោយនេះ ប្រទេសថៃរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ។ នៅរដូវវស្សានៅពេលមានភ្លៀងធ្លាក់ម្ដងៗគឺធ្លាក់ខ្លាំងដូចគេហែកមេឃ។ លុះដល់រដូវប្រាំងខ្សត់ទឹកភ្លៀងមែនទែន។ ទុរេន និងចេកណាំវ៉ាខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីម្ហឹកប្រមូលផលខែប្រាំង៕
ចែករំលែកព័តមាននេះ