ខេត្តកំពង់ស្ពឺ ៖ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុក វុទ្ធី បានអះអាងថា មានជនឆ្លៀតឱកាសបានសង់សំណង់រំលោភនិងចាក់ដីពង្រីកចូលក្នុងស្ទឹងព្រែកត្នោតដោយខុសច្បាប់ ដែលបាននិងកំពុងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងចាត់វិធានការបន្ទាន់ ដើម្បីកុំឱ្យក្លាយជាសំណង់រឹងមាំ។
លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានឱ្យដឹងដូចនេះ ខណៈដែលលោកបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងទីតាំងចាក់ដីរំលោភចូលសណ្តដងស្ទឹងព្រែកត្នោត និងបានសាងសង់សំណង់គ្មានការអនុញ្ញាត ស្ថិតក្នុងភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ដីត្រូវបានចាក់ចូលជ្រៅទៅក្នុងសណ្តនៃស្ទឹងព្រែកត្នោត ធ្វើឱ្យតួស្ទឹងត្រូវបានរួមតូច ហើយក្រោយចាក់រំលោភរួចរាល់គេបានសង់សំណង់ពីលើដើម្បីគ្រប់គ្រងដោយគ្មានការអនុញ្ញាតពីសំណាក់អាជ្ញាធរពាក់ព័ន្ធឡើយ។
លោក អ៊ុក វុទ្ធី បានពិនិត្យឃើញដូច្នេះ លោកស្នើសុំដល់អាជ្ញាធរខេត្ត ស្រុកសំរោងទង និងមន្ទីរជំនាញពាក់ព័ន្ធ រួមនឹងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ ជួយចាត់វិធានការបន្ទាន់ និងដកយកដីនេះ មកទុកជាទ្រព្យសម្បិត្តសាធារណៈរបស់រដ្ឋវិញ។ ទន្ទឹមនេះត្រូវឱ្យអ្នកប្រព្រឹត្តិកាយដីដែលបានចាក់ចូលសណ្តស្ទឹងចេញពីស្ទឹងព្រែកត្នោតឱ្យមកនៅស្ថានភាពដើមវិញ ដើម្បីសម្រួលដល់ចរន្តទឹកហូរ។
សូមបញ្ជាក់ផងដែរថា ក្នុងករណីនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រដ្ឋបាលស្រុកសំរោងទង និងរដ្ឋបាលឃុំ បានឯកភាពគ្នារួចហើយ ដោយរង់ចាំតែការសម្រេចពីអាជ្ញាធរខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ