ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​សិង្ហ​បុរី​ក្រឡាប់​ចាក់​នៅ​លើ​អាកាស​ ​រ.បួ.ស​៧​នាក់​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន

4 ខែ មុន

សិង្ហ​បុរី៖ មាន​ហេតុ​ការណ៍​ក្រឡាប់​ចាក់នៅ​ក្នុង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​​ស្គូត (Scoot) ​នៅ​តាម​ផ្លូវ​ពី​​ប្រទេស​សិង្ហ​បុរី​ឆ្ពោះ​ទៅ​ទី​ក្រុង​ក្វាងចូវ (Guangzhou) ប្រទេស​ចិន បណ្ដាល​ឱ្យ​មនុស្ស​៧​នាក់​រង​របួស​។ សាក្សី​និយាយ​ថា​យន្ត​ហោះ​ម៉ាក​បូអ៊ីង​៧៨៧​-៩ ឌ្រីម​​ឡាញ​ណឺ (Boeing…

សិង្ហ​បុរី៖ មាន​ហេតុ​ការណ៍​ក្រឡាប់​ចាក់នៅ​ក្នុង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​​ស្គូត (Scoot) ​នៅ​តាម​ផ្លូវ​ពី​​ប្រទេស​សិង្ហ​បុរី​ឆ្ពោះ​ទៅ​ទី​ក្រុង​ក្វាងចូវ (Guangzhou) ប្រទេស​ចិន បណ្ដាល​ឱ្យ​មនុស្ស​៧​នាក់​រង​របួស​។ សាក្សី​និយាយ​ថា​យន្ត​ហោះ​ម៉ាក​បូអ៊ីង​៧៨៧​-៩ ឌ្រីម​​ឡាញ​ណឺ (Boeing 787-9 Dreamliner) ​ដឹក​មនុស្ស​ជា​ច្រើន​នាក់​ដែល​គេ​មិន​បញ្ចេញ​ឱ្យ​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ​ទេ​។

កំពុង​ហោះ​នៅ​លើ​អាកាស​សុខ​ៗ​​ យន្ត​ហោះ​នោះ​ស្រាប់​តែ​បើក​ធ្លាក់​ជង្ហុក​ខ្យល់​​​​ធ្វើ​ឱ្យ​យន្ត​ហោះ​​ផ្អៀង​ផ្អងឆ្វេង​ស្ដាំ​ចុះ​ឡើង​ៗ​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្នុង​នោះ​ក្រឡាប់​ចាក់​ពេញ​​យន្ត​ហោះ។​ អ្នក​ខ្លះ​បែក​ក្បាល​បែក​ក្បូង អ្នក​ខ្លះ​របួស​ ឬ​ដាច់​រលាត់​ដៃ​-ជើង​។​ ​ក្រុម​ហ៊ុន​ស្គូត​ប្រកាស​ថា​មនុស្ស​ម្នាក់​ត្រូវ​គេ​ដឹក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​។ នៅ​ពេល​ទៅ​ដល់​អាកាស​យាន​ដ្ឋាន​ទី​ក្រុ​ងក្វាង​ចូវ មនុស្ស​៧​នាក់​​​ត្រូវ​គ្រូ​ពេទ្យ​​ផ្ដល់​សេវា​ព្យាបាល​ផ្សេង​ៗ​។ ក្នុង​ចំណោម​នោះ​ ​​អ្នក​ដំណើរ​៤​នាក់​ និង​បុគ្គ​លិក​បម្រើ​ការ​នៅ​ក្នុង​យន្ត​ហោះ​៣​នាក់​។ គិត​ត្រឹម​ម៉ោង​៨:៣០​យប់​ អ្នក​ដំណើរ​ម្នាក់​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​​ព្យាបាល​មុខ​របួស​​​​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខាង​លើ​នេះ​ថ្លែង​បន្ត​ទៀត​ថា​អ្វី​ដែល​ជា​ចំណុច​អាទិ​ភាព​របស់​ខ្លួន​គឺ​​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខុមាល​ភាព​របស់​អតិថិ​ជន​ និង​បុគ្គលិក​របស់​ខ្លួន​។ ក្រុម​ហ៊ុន​ត្រៀម​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​យ៉ាង​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​។ តាម​រយៈ​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​បង្ហោះ​ដោយ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ គេ​ឃើញ​ថា​បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​ដឹក​អ្នក​របួស​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​។ ​កាសែត​ស្ទ្រេត​ថាម (Strait Times) ចុះ​ផ្សាយ​ថា​យន្ត​ហោះ​នោះ​ចាក​ចេញ​ដំណើរ​ពី​សិង្ហ​បុរី​នៅ​ម៉ោង​៥:៤៥​ព្រឹក​ និង​ទៅ​ដល់​ក្វាង​ចូវ​នៅ​ម៉ោង​៩:១០​ព្រឹក​ថ្ងៃ​ដដែល​។

យោង​តាម​ទិន្ន​ន័យ​ពី​ផ្កាយ​រណប​ យន្ត​ហោះ​នោះ​ហោះ​នៅ​ក្នុង​រយៈ​កម្ពស់​២ម៉ឺន​ហ្វីត​ ឬ​​ប្រហាក់​ប្រហែល​នឹង​៦​គីឡូម៉ែត្រ​ និង​ល្បឿន​ជាង​៩០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នៅ​ពេល​កំពុង​ហោះ​ហើរ​នៅ​លើ​អាកាស​សុខ​ៗ​ យន្ត​ហោះ​នេះ​ស្រាប់​តែ​បើក​ធ្លាក់​ជង្ហុក​ខ្យល់​ ហើយ​ធ្លាក់​ចុះ​មក​ក្រោម​ជា​ច្រើន​គីឡូ​ម៉ែត្រ​។ ក្រោយ​មក​ទើប​យន្ត​ហោះ​បើកឡើង​ទៅ​លើ​​​​ និង​រក្សា​រយៈ​កម្ពស់​ដូច​ដើម​​វិញ​​។​​

ហេតុ​ការណ៍​នេះ​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​សិង្ហ​បុរី​អ៊ែ​ឡាញ (Singapore Airlines) ក៏​ធ្លាប់​ជួប​នឹង​ហេតុ​ការណ៍​នេះ​ផង​ដែរ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៤​​។ កាល​នោះ យន្ត​ហោះ​បើក​ធ្លាក់​ជង្ហុក​ខ្យល់​ និង​ធ្លាក់​ចុះ​មក​ក្រោម​ ក្រឡាប់​ចាក់​ពេញ​អាកាស​​អស់​ជា​ច្រើន​គីឡូ​ម៉ែត្រ​នៅ​ម្ដុំ​ព្រែក​ជី​ក​ក្រា (Kra Canal)​ ប្រទេស​​​ថៃ បណ្ដាល​ឱ្យ​អ្នក​ដំណើរ​ម្នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​។

ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ជា​បុរស​ជន​ជាតិ​អង់គ្លេស​វ័យ​៧៣​ឆ្នាំ។ គាត់​​ស្លាប់​​ដោយ​សារ​​គាំង​បេះ​ដូង​។ អ្នក​ដំណើរ​៧​នាក់​រង​របួស​ធ្ងន់​។ សាក្សី​និយាយ​ថា​យន្ត​ហោះ​នោះ​ធ្លាក់​ចុះ​មក​ក្រោម​យ៉ាង​លឿន​ស្លេវ​ប្រៀប​ដូច​គេ​ចាប់​គ្រវែង​ពី​លើ​អាកាស​តែ​ម្ដង​។ ពោល​គឺ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ យន្ត​ហោះ​ធ្លាក់​ពី​លើ​មេឃ​ជិត​២​គីឡូ​ម៉ែត្រ​។ អ្នក​ជិះ​នៅ​ក្នុង​យន្ត​ហោះ​ភ័យ​អស់​ព្រលឹង​ព្រលះ​ពី​ក្នុង​ខ្លួន​អស់​រលីង​ហើយ​។ នៅ​ក្នុង​ស្ថាន​ភាព​នោះ អាកាស​យានិក​ត្រូវ​តែ​បង្ខំ​ចិត្ត​បញ្ជា​យន្ត​ហោះ​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​ប្រទេស​ថៃ​ជា​បន្ទាន់​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ