ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចិត្ត​ឪពុក​! នឹក​កូនចៅ​ពេក ​ស្កាត់​មក​លេង​ តែ​​រក​អត់​ឃើញ​ អស់សង្ឃឹម បានត្រឹមសម្រ.ក់​ទឹក​ភ្នែ.ក

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដោយ​ហេតុតែ​មានការ​នឹករលឹក​ដល់​កូន​និង​ចៅ​ខ្លាំង​ពេក ហើយ​ពុំ​ដឹង​ពេល​ណា​បាន​ជួប​កូនចៅ ព្រោះតែ​ពួក​គេ​ជាប់រវល់​ធ្វើការ​រក​ស៊ី​​នោះ ធ្វើ​ឲ្យ​លោកតា​ម្នាក់​សម្រេច​ចិត្តបាន​ជិះ​រថយន្តឈ្នួល​ធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុក​កំណើត​មក​កាន់​ផ្សារ​ជម្ពូ​វ័ន ដើម្បី​ស្កាត់​មក​លេង​កូនប្រុស​ច្បង​ម្នាក់ ទាំង​ដែល​គាត់​ពុំ​បានដឹង​ថា​កូន​រូប​នោះ​ស្នាក់​នៅ​កន្លែង​ណា​ផង ។ ដោយ​កន្លង​មក​កូន​គ្រាន់តែ​ប្រាប់​គាត់​ថា​ស្នាក់​នៅ​រក​ស៊ី​លក់​បន្លែ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន​តែ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ​៖ ដោយ​ហេតុតែ​មានការ​នឹករលឹក​ដល់​កូន​និង​ចៅ​ខ្លាំង​ពេក ហើយ​ពុំ​ដឹង​ពេល​ណា​បាន​ជួប​កូនចៅ ព្រោះតែ​ពួក​គេ​ជាប់រវល់​ធ្វើការ​រក​ស៊ី​​នោះ ធ្វើ​ឲ្យ​លោកតា​ម្នាក់​សម្រេច​ចិត្តបាន​ជិះ​រថយន្តឈ្នួល​ធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុក​កំណើត​មក​កាន់​ផ្សារ​ជម្ពូ​វ័ន ដើម្បី​ស្កាត់​មក​លេង​កូនប្រុស​ច្បង​ម្នាក់ ទាំង​ដែល​គាត់​ពុំ​បានដឹង​ថា​កូន​រូប​នោះ​ស្នាក់​នៅ​កន្លែង​ណា​ផង ។

ដោយ​កន្លង​មក​កូន​គ្រាន់តែ​ប្រាប់​គាត់​ថា​ស្នាក់​នៅ​រក​ស៊ី​លក់​បន្លែ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន​តែ​ប៉ុណ្ណោះ ហើយ​ពេល​មក​ដល់​គ្រាន់តែ​ចុះ​លើ​រថយន្តឈ្នួល​ភ្លាម ស្រាប់តែ​វង្វេង​ហើយ​ពុំ​ដឹង​ថា​ត្រូវ​ទៅរ​កកូន​នៅ​កន្លែង​ណា​ឡើយ ។ ម្យ៉ាង​គ្មាន​ទូរស័ព្ទ​ប្រើ​ទៀត ដោយ​អស់សង្ឃឹម​គាត់​បាន​ត្រឹមតែ​សម្រក់​ទឹកភ្នែក​ប៉ុណ្ណោះ បន្ទាប់​មក​អ្នក​រត់​កង់​បី​ដឹក​យក​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ស្រាវជ្រាវរ​កកូន​គាត់​ផង ។

អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​លោក​ម្នាក់​នោះ​កំពុង​ឈរ​យំ ក្នុង​ស្ថានភាព​ហេវ​ហត់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោកតា​បាន​រៀបរាប់​ប្រាប់​ថា លោកតា​ឈ្មោះ​ផ​ន ចេ​ម អាយុ​៧០​ឆ្នាំ មុខ​បរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង លោក​មានកូន​ប្រុស​និង​ស្រី​ចំនួន​៤​នាក់ ។ ប៉ុន្តែ​សព្វថ្ងៃ​កូន​ៗ​ទាំងអស់​បាន​នាំ​គ្នា​មក​រស់នៅ​រក​ស៊ី​ធ្វើការ​នៅ​ឯ​រាជធានី​ភ្នំពេញ​អស់ហើយ ដោយ​កូនប្រុស​ច្បង​ឈ្មោះ​ចិត្រ លក់​បន្លែ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន ។ ចំណែក​កូន​៣​នាក់​ទៀត​ធ្វើការ​រោងចក្រ ហើយ​លោកតា​បាន​រស់នៅ​ឯ​ស្រុក​កំណើត​តែ​២​នាក់​ចៅប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់​ទៀត​ប៉ុណ្ណោះ ។

លោកតា​ផ​ន ចេ​ម បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រៅ​តែ​ពី​ខែ​ហេមន្ត​សន្ត​រដូវ ​ពេល​ដែល​កូន​ៗ​ចៅ​ៗ ទំនេរ​ពី​ការងារ​រក​សុ​ី​ទើប​លោកតា​បាន​ជួប​កូន​ៗ​ចៅ​ៗ បើ​មិន​ដូច្នេះ​ទេ​មិន​បាន​ជួប​ឡើយ​ព្រោះ​លោកតា​អត់​ចេះ​ប្រើ​ទូរស័ព្ទ​ទើប​រាល់ថ្ងៃ​អត់​ដែល​បាន​និយាយ​សួរ​ទុក្ខ​កូនចៅ​សោះ ។ លោកតា​ក៏​មិន​ដែល​បាន​យក​លេខ​ទូរស័ព្ទ​កូន​ទុក​ដែរ ប៉ុន្តែ​កន្លង​មក​ពេល​ទៅ​លេង​លោកតា​នៅ​ខែ​មន្ត​សន្ត​រដូវ​កូនប្រុស​ច្បង​របស់​លោកតា​ឈ្មោះ​ចិត្រ​ធ្លាប់​បាន​ប្រាប់​លោកតា​ថា រូបគេ​ស្នាក់​នៅផ្ទះ​ជួល​និង​លក់​បន្លែ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន ប៉ុន្តែ​លោកតា​ពុំដែល​បាន​ស្គាល់​ឡើយ ។

លោកតា​បាន​បាន​ប្រាប់​បន្ថែម​ទៀត​ថា ចំណែកឯ​កូន​៣​នាក់​ទៀត​ប្រាប់​ថា​មក​ធ្វើការ​រោងចក្រ​និង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​លោកតា​ពុំ​បានដឹង​ថា តើ​រោងចក្រ​នៅ​ម្ដុំ​ណា និង​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ណា​នោះ​ដែរ ។ ដោយ​បែក​ពី​កូនចៅ​យូរ​ពេក​ធ្វើ​ឲ្យ​លោកតា​មានការ​នឹករលឹក​ពួក​គេ​ជា​ខ្លាំង ទើប​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ក៏​សម្រេចចិត្ត​ជិះ​រថយន្តឈ្នួល​ក្នុង​តម្លៃ​២​ម៉ឺន​រៀល ។ ដោយ​ប្រាប់​អ្នក​បើករថយន្ត​ថា​ចុះ​នៅ​ផ្សារ​ជម្ពូ​វ័ន ដើម្បី​ស្កាត់​មក​លេង​កូនប្រុស​ច្បង​ឈ្មោះ​ចិត្រ និង​ចង់​ស្គាល់​កន្លែង​ស្នាក់​នៅ​ព្រមទាំង​សុខទុក្ខ​កូន​៣​នាក់​ទៀត​ផង​ដែរ ។

លុះ​ពេល​មក​ដល់រ​កកូន​មិនឃើញ​ឡើយ ព្រោះ​អត់​ស្គាល់​ផ្ទះ​ជួល​ដែល​កូន​ស្នាក់​នៅ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​អស់សង្ឃឹម និង​ហួសចិត្ត​ខ្លួនឯង​យ៉ាង​ខ្លួន​បាន​ត្រឹមតែ​ស្រក​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ។

អ្នក​ភូមិ​ថ្នល់បំបែក​បាន​និយាយ​ថា ទឹកចិត្ត​ឪពុក​ពិតជា​មាន​ធំធេង​លើ​កូន​ៗ​និង​ចៅ​ណាស់ ហើយ​លោកតា​ខាងលើ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ទោះជា​គាត់​មិន​បានដឹង​ថា​កូន​រស់នៅ​កន្លែង​ណា​ផង ព្រោះតែ​ក្ដី​នឹករលឹក​ខ្លាំង​ពេក គាត់​សុខចិត្ត​ស្កាត់​មក​លេង​ដែរ ។ ពេល​នោះ​រក​មិនឃើញ​គាត់​បាន​ឈរ​យំ​គួរ​ឲ្យ​អាណិត ហើយ​ពេល​ឃើញ​ស្ថានភាព​បែប​នេះ ពួក​គាត់​ក៏​បាន​ទៅ​សួរនាំ​គ្នា​សួរនាំ លោកតា​ក៏​បាន​ប្រាប់​តាម​ដំណើររឿង ។

ដោយ​មានការ​អាណិតអាសូរ​គាត់​ក៏​បាន​ទិញ​ចំណីអាហារ​ជូន​គាត់​ពិសារ បន្ទាប់​មក​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ជួយ​ដឹក​គាត់​យក​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ស្រាវជ្រាវរ​កកូន​របស់​លោកតា ទៅ​ទទួលយក​លោកតា​ផង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ