រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ដើម្បីការសិក្សាកូនល្អ គឺទាមទារ នូវការចូលរួមគាំទ្រពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ជួយតាមដាន និងដាស់តឿនជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ ពិសេសកុំឱ្យកូនៗ មើលទូរសព្ទច្រើនហួសហេតុ ។
ការណែនាំនេះ នាឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស ដើម្បីពិនិត្យវឌ្ឍនភាព គម្រោងការអប់រំមូលដ្ឋាន គាំទ្រដោយធនាគារពិភពលោក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សាលា ក្នុងការផ្តល់ នូវការអប់រំប្រកបដោយគុណភាព និងការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ព្រមទាំងការចូលរួមគាំទ្រមិនថមថយមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស និងបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារជំនាញ សហការជាមួយសាលា ដើម្បីពិនិត្យមើលពីមូលហេតុ ដែលធ្វើឱ្យអត្រាសិស្សត្រួតថ្នាក់ខ្ពស់ ដោយត្រូវរួមគិត និងដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរឡើង ក៏ដូចជាបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀនពេញមួយថ្ងៃ ដែលជួយក្មេងពីការយកម៉ោងទំនេរទៅដើរលេង មកជាការរៀនសូត្រ ។
ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ៖ «ត្រូវចងចាំថា ដើម្បីការសិក្សាកូនល្អ គឺទាមទារ នូវការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ដែលជួយតាមដាន ដាស់តឿន ជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ សូមកុំឱ្យកូនៗមើលទូរសព្ទច្រើនហួសហេតុ ជាពិសេស គឺត្រូវបញ្ជូនកូនមកទទួលការអប់រំតាំងពីកម្រិតមត្តេយ្យ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ថ្នាក់បឋមសិក្សា និងពង្រឹងគ្រឹះចំណេះដឹងសម្រាប់ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ ដើម្បីឈោងចាប់អនាគតភ្លឺស្វាងនាពេលអនាគត» ។
ក្នុងឱកាសនោះដែរ លោកស្រី Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញក្តីរីករាយ ដែលបានមកដល់សាលារៀនដោយផ្ទាល់ ឃើញយ៉ាងច្បាស់ ពីសកម្មភាព នៃការបង្រៀន និងរៀនរបស់សិស្សានុសិស្ស ជាពិសេស គឺអាចមើលឃើញពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលសាលាកំពុងជួបប្រទះជាក់ស្តែង ដើម្បីអាចបន្តចូលរួមជួយគាំទ្រឱ្យចំគោលដៅ ដោយគូសបញ្ជាក់ថា ធនគារពិភពលោក ពិតជាយកចិត្តដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ។
គួរបញ្ជាក់ដែរថា ធនាគារពិភពលោក ( World Bank) បានគាំទ្រវិស័យ អប់រំនៅកម្ពុជា តាមរយៈគម្រោងអប់រំជាមូលដ្ឋាន (Basic Education 2025-2030) ដែលផ្តោតលើការលើកកម្ពស់គុណភាព នៃការអប់រំ និងការបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តកំណែទម្រង់សាលារៀន ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន និងការលើកកម្ពស់ការអប់រំឌីជីថល។ ដើម្បីបង្កើតផលជះលើគុណភាព នៃការអប់រំទូទៅគម្រោង ត្រូវផ្តោតលើការអប់រំថ្នាក់ដំបូង ការអប់រំឌីជីថល ការបង្រៀន និងការរៀនពេញមួយថ្ងៃ អាហារូបត្ថម្ភ និងសុខភាពសាលារៀន សម្រាប់ក្រុមជួបការលំបាក អភិបាលកិច្ចតាមវិស័យ និងការបណ្តុះបណ្តាលគ្រូ ៕
ចែករំលែកព័តមាននេះ