១១៤គម្រោង ត្រូវបានអនុម័តនៅខេត្តព្រះសីហនុ ក្នុងនោះពាក់ព័ន្ធអគារជាប់គាំង មានប្រមាណ៤០%
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងចំនួន២៧ ទទួលបានការអនុម័តលើកទឹកចិត្តពី…
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងចំនួន២៧ ទទួលបានការអនុម័តលើកទឹកចិត្តពី…
ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងចំនួន២៧ ទទួលបានការអនុម័តលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បន្ថែមពីគម្រោង ដែលធ្លាប់បានអនុម័តរួច ៨៧ កន្លងមក ហើយដែលក្នុងនោះ គម្រោងដែលពាក់ព័ន្ធ ទៅនឹងអគារជាប់គាំង មានប្រមាណជា ៤០% ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី នៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ចំនួន២៨ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តបន្ថែមទៀត ។
ជាលទ្ធផល, គម្រោងចំនួន២៧ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តមួយចំនួន ដោយផ្អែកទៅតាម ចរិតលក្ខណៈ និងការវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន ។
សូមជម្រាបថា គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងន័យនេះ, សូមធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាន នូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញមកដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ឬ ទំនាក់ទំនងទំនងមកលេខាធិការដ្ឋាន តាមរយៈទូរសព្ទលេខ 016321010 ឬ 012902200 ឬ 089726028 ៕
ចែករំលែកព័តមាននេះ