រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពប៉ុនប៉ងវាយប្លន់យកម៉ូតូ១គ្រឿងពីរនាក់ប្តីប្រពន្ធ ខណៈពេលជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ ត្រូវបានប្រជាប្រពលរដ្ឋឃាត់ខ្លួនបានចំនួន ៥នាក់ និងម៉ូតូចំនួន៤គ្រឿងប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលកន្ទោកដើម្បីសួរនាំបន្ត។ចំណែកឯបក្សពួកមួយចំនួនទៀតបាននាំជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៤ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KV-6184 ជិះមកលេងផ្ទះមិត្តភក្កិនៅចំណុចកើតហេតុខាងលើ។
តាមប្រភពបានបន្តថា បន្ទាប់ពីបានជួបជុំគ្នាហើយបានផឹកស៊ីរហូតស្រវឹងស្រឿង បុរសរងគ្រោះដែលជាប្តីបានអូសម៉ូតូចេញក្រៅរបងផ្ទះហើយបានបបួលស្ត្រីជាប្រពន្ធត្រឡប់ទៅផ្ទះវិញដែលនៅម្តុំឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយស្ត្រីជាប្រពន្ធបានដើរចេញមកក្រៅរបងផ្ទះដែរហើយបានប្រាប់ទៅបុរសជាប្តីថាមិនបាច់ទៅផ្ទះវិញទេព្រោះស្រវឹងហើយព្រមទាំងយប់ជ្រៅទៀតចឹងយើងសំរាកទីនេះហើយចាំព្រឹកស្អែកចាំយើងទៅផ្ទះវិញ ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះបុរសជាប្តីមិនព្រមសំរាកទីនោះទេ ហើយបានលើកស្ត្រីជាប្រពន្ធដាក់លើម៉ូតូ ក៏ប៉ុន្តែស្ត្រីជាប្រពន្ធមិនព្រមទៅ ពេលនោះបុរសជាប្តីបានខឹងស្ត្រីជាប្រពន្ធហើយបានឈ្លោះប្រកែកគ្នានៅលើផ្លូវបេតុងនៅខាងមុខផ្ទះកើតហេតុស្របពេលនោះ ស្រាប់តែមានក្រុមជនសង្ស័យ១ក្រុមជាច្រើននាក់ជិះម៉ូតូជាច្រើនគ្រឿងជិះមកជិតជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះភ្លាមបាននិយាយថាពួកគេជាអ្នកសាព័ត៌មាននិងតាំងខ្លួនជាកំលាំងសមត្ថកិច្ចបាននាំគ្នាយកមួកសុវត្តិភាពគប់ទៅលើជនរងគ្រោះនិងដេញវាយប៉ុនប៉ងប្លន់យកម៉ូតូ តែត្រូវបានជនរងគ្រោះស្រែកឆោរឡោបង្កអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបាននាំគ្នាព័ទ្ធដេញចាប់ខ្លួនបានចំនួន៥នាក់និងម៉ូតូបានចំនួន៤គ្រឿងប្រគល់អោយសមត្ថកិច្ចនាំខ្លួនមកកាត់ប៉ុស្តិ៍នគរបាលកន្ទោកដើម្បីសាកសួរបន្ត។ចំណែកឯបក្សពួកមួយចំនួនទៀតបាននាំជិះម៉ូតូគេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ