ខេត្តប៉ៃលិន ៖ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ករណីបាត់ខ្សែភ្លើង អាគុយសូឡា និងសម្ភារមួយចំនួនរបស់អគ្គិសនីកម្ពុជា សាខាប៉ៃលិន នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន អូរតាវ៉ៅ បានធ្វើការចុះបង្ក្រាបជាក់ស្តែង លើជនសង្ស័យម្នាក់ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ បានសហការគ្នាយ៉ាងយកចិត្តទុក ធ្វើការស្រាវជ្រាវ រហូតបានឃើញជនសង្ស័យកំពុងជិៈម៉ូតូដឹកសម្ភារៈ ដែលខ្លួនបានលួច។ ពេលនោះកម្លាំងជំនាញរបស់យើង ក៍ធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ។
ជនសង្ស័យឈ្មោះ ទឹម រាំបូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀនក្នុងខ្លួន ចំណែកបក្ខពួកបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ។
រីឯវត្ថុតាង ដែលរឹបអូស រួមមាន ៖ អាគុយសូឡា ចំនួន០៤គ្រាប់, ខ្សែភ្លើង ចំនួន០៣ដុំ ប្រវែងប្រហែល៥០ម៉ែត្រ,ឧបករណ៍ទប់ភ្លើងប្រភេទ AVR ចំនួន០១, អាំងម៉ូទ័រ ចំនួន០២គ្រាប់, ដុំ DRC ចំនួន០១គ្រឿង និងសម្ភារៈ សម្រាប់កាត់ខ្សែភ្លើងមួយចំនួនទៀត ។
លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍បន្តថា ជនរងគ្រោះមានចំនួនពីរនាក់ ទី១-ជនរងគ្រោះឈ្មោះ នរដ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសែលខាត រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (តំណាងក្រុមហ៊ុន) ។ និងទី២-ជនរងគ្រោះឈ្មោះ យជវ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនី រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (តំណាងអគ្គសនីកម្ពុជា) ។
លោកវរសេនីយ៍ឯក អធិការនគរបាលក្រុងប៉ៃលិន ក៍បានបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង លួចអាគុយសូឡា និងសម្ភារៈ ពីកន្លែងអង់តែនសែលខាត ស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបានជិះម៉ូតូចេញពីកន្លែងធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចតាមឃាត់បានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ